លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចូលរួមសម្ពោធមន្ទីរសម្រាកព្យាបាល អូរ៉េន ឃែនស័រ ឯកទេសមហារីក។ រូបភាព៖ ខេមា យុទ្ធវីរះ។

ភ្នំពេញ៖ ដោយមើលឃើញអំពីការកើនឡើងតម្រូវការនៃអ្នកជំងឺមហារីកនៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេល អ្នកជំងឺជាច្រើនបានធ្វើដំណើរទៅរកសេវាព្យាបាលក្រៅប្រទេសដែលមានតម្លៃថ្លៃ មន្ទីរសម្រាកព្យាបាល អូរ៉េន ឃែនស័រ ឯកទេសមហារីក បានបើកដំណើរការជាផ្លូវការនៅកម្ពុជា។

ថ្លែងក្នុងកម្មវិធីសម្ពោធកាលពីថ្ងៃទៅ៣០ វិច្ឆិកា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត អ៊ាវ សុខា បានលើកឡើងថា គោលបំណងសំខាន់នៃការបង្កើតមន្ទីរសម្រាកព្យាបាល អូរ៉េន ឃែនស័រ នេះឡើង ដើម្បីចូលរួមបំពេញបន្ថែមនៅក្នុងវិស័យសុខាភិបាល សម្រួលដល់ជីវភាព និងការលំបាកដល់ប្រជាពលរដ្ឋដែលមានជំងឺ និងបង្កើតការងារជូនប្រជាពលរដ្ឋ។

បើយោងតាមលោកវេជ្ជបណ្ឌិត បានបន្ថែមថា  អ្នកជំងឺមហារីកភាគច្រើនជាមនុស្សវ័យកណ្តាល និងវ័យចំណាស់ ដោយជំងឺមហារីក ដែលលោកជួបប្រទះភាគច្រើនគឺ មហារីកថ្លើម សួត សុដន់ ក្រពះ ពោះវៀន និងមហារីកមាត់ស្បូនជាដើម។

អ្នកជំងឺមហារីកនៅកម្ពុជាប្រមាណ១៣,៥០០នាក់ ត្រូវបានព្យាបាលដោយកាំរស្មី ហើយមានតែអ្នកជំងឺប្រមាណ ៣ ០០០ នាក់ទេ ដែលទទួលការព្យាបាលនៅក្នុងស្រុក ខណៈជាង ១ ៥០០ នាក់ទៅព្យាបាលនៅប្រទេសជិតខាង និងនៅសល់ជាង ១០ ០០០ នាក់ កំពុងត្រូវការការព្យាបាល និងគុណភាពតាមស្តង់ដាrវេជ្ជសាស្រ្តសកល។

លោកវេជ្ជបណ្ឌិតបន្តទៀតថា៖« មន្ទីរសម្រាកព្យាបាល អូរ៉េន ឃែនស័រ បាននាំចូលម៉ាស៊ីនបាញ់កាំរស្មីស្តង់ដារអឺរ៉ុប ដែលសមត្ថភាពស្មើនឹងម៉ាស៊ីនបាញ់កាំរស្មីនៅមន្ទីរពេទ្យចុល្លាឡុងកន ប្រទេសថៃដែរ។

លោកបានបញ្ជាក់ថា នៅកម្ពុជាក្នុងឆ្នាំ២០២០ ក្នុងចំណោមអ្នកជំងឺមហារីកប្រហែល ១០ ០០០ នាក់ ពួកគេបានធ្វើតេស្តពិនិត្យដោយម៉ាស៊ីន mammograph  តែចំនួន២.៦%, CT scanners ១២.៤%,MRI scanners ១.៣% និងពុំសូវមានការធ្វើPET/CT នៅឡើយនោះទេ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា វត្តមានរបស់មន្ទីរសម្រាកព្យាបាល អូរ៉េន ឃែនស័រ ដែលមានឯកទេសលើជំងឺមហារីក និងជំងឺឈាមនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយបញ្ហាសេវាវេជ្ជសាស្រ្ត និងសុខាភិបាលដល់ប្រជាជនកម្ពុជា។

លោកបានបញ្ជាក់ថា៖«ជារៀងរាល់ឆ្នាំ មានពលរដ្ឋកម្ពុជាជាច្រើន បានចំណាយលុយរាប់សិបម៉ឺនដុល្លារ ដើម្បីស្វែងរកការព្យាបាល ជាពិសេសនៅប្រទេសជិតខាង ដូចនេះបច្ចេកវិទ្យាម៉ាស៊ីនថ្មីនេះ នឹងអាចបម្រើសេវាព្យាបាលដល់ប្រជាជនក្នុងស្រុកដែលកំពុងតែមានតម្រូវការ»។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅឆ្នាំ២០២០ ប្រទេសកម្ពុជា មានប្រជាពលរដ្ឋប្រហែល ១៨ ៣៧៥ នាក់ បានកើតជំងឺមហារីក ហើយក្នុងនោះមានអ្នកជំងឺចំនួន ១២ ៦៣៨ បានស្លាប់បាត់បង់ជីវិត៕