កម្មការនីរោងចក្រកំពុងសិក្សាស្វែងយល់ពីរបៀបគ្រប់គ្រងលុយកាក់។ រូបភាពដោយ៖CARE Cambodia

អង្គការសង្គមស៊ីវិលលើកឡើងថា ការបៀតបៀបផ្លូវភេទនៅប្រទេសកម្ពុជានៅតែបន្តកើតមានឡើងនៅកន្លែងការងារ ជាពិសេសតាមបណ្ដារោងចក្រកាត់ដេរ ដែលក្នុងនោះស្តី្រ១ក្នុងចំណោម៣នាក់ត្រូវបានគេបៀតបៀន។

អង្គការឃែរកម្ពុជា(CARE Cambodia)បានចេញផ្សាយរបាយការណ៍ការស្រាវជ្រាវមួយ នៅថ្ងៃទី២៤ខែវិច្ឆិកានេះ ស្ដីពីការបៀតបៀនផ្លូវភេទចំពោះស្ត្រីនៅកន្លែងធ្វើការតាមបណ្ដារោងចក្រកាត់ដេរបានបង្ហាញថា មន្សស្រី១ក្នុងចំណោម៣នាក់ត្រូវបានគេបៀតបៀនផ្លូវភេទ ដោយតាមរយៈកាយវិការ ពាក្យសម្ដី។

របាយការណ៍ដដែលបង្ហាញថា៖«ក្នុងចំណោមស្ត្រី ៦៨.២% ត្រូវបានគេរាយការណ៍ថា ត្រូវបានគេធ្វើឱ្យមានភាពមិនស្រណុកក្នុងចិត្ត និងមិនមានសុវត្ថិភាព និងស្ត្រីចំនួន៣២.៥% ទទួលបានពាក្យដែលមិនសមរម្យ ការបៀតបៀន តាមរយៈសម្លេងនិងកាយវិការដែលពិបាកទទួលយក និង១៩.៥%ទៀតត្រូវរាយការណ៍ថា ត្រូវបានមើលងាយដោយសារភេទផងដែរ»។

ក្នុងនោះដែរ របាយការណ៍ដដែលបានបង្ហាញថា ដោយសារមានការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការបែបនេះ បានធ្វើឱ្យខាតបង់ផ្នែកហិរញ្ញវត្ថុដល់នយោជិកផងដែរ ដោយក្នុងនោះជិត ៨៩ លានដុល្លាក្នុងមួយឆ្នាំ។

របាយការណ៍ស្រាវជ្រាវទាំងនេះត្រូវបានដកស្រង់ចេញពីស្ថិតិរបស់អង្គការសង្គមស៊ីវិលមួយចំនួនដូចជា អង្គការ IOL របាយការណ៍ស្រង់ស្ថិតិGDP របស់ធនាគារអភិវឌ្ឍពិភពលោក របាយការណ៍របស់អង្គការFACT និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។

នៅក្នុងរបាយការណ៍ដដែលបានស្នើរសុំឱ្យខាងរដ្ឋាភិបាល មន្ត្រីមានសមត្ថកិច្ច ដែលធ្វើពាក់ព័ន្ធនិងខាងកម្មកររោងចក្រ បង្កើនការពាកយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការពារស្ត្រីកុំឱ្យទទួលរងការបៀតបៀនផ្លូវភេទនេះបន្តទៅទៀត ដោយ បង្កើនការធ្វើយុទ្ធនាការ និងការការពារតាមរយៈការធានាឱ្យមានសុវត្ថិភាពនៅកន្លែងធ្វើការ និងចូលរួមគ្នាលុបបំបាត់ការបៀតបៀនផ្លូវភេទនៅក្នុងសហគមនិងបរិយាកាសល្អនៅកន្លែងធ្វើការ។

ការធ្វើដំណើរទៅមុខឆ្ពោះទៅរកការ កាពារដោយច្បាប់ឱ្យកាន់តែល្អប្រសើរ ប្រឆាំងទៅនិងការបៀតបៀនផ្លូវភេទ ធ្វើការស៊ើបអង្កេត និងបង្កើតច្បាប់និងគាំទ្រគោលនយោបាយ បន្តបង្កើនអាកប្បកិរិយាល្អប្ដេជ្ញាក្នុងការរក្សាសិទ្ធិស្មើគ្នាដោយមិនប្រកាន់ភេទ ស្តង់ដារការងារសមស្រប និងការការពារប្រឆាំងនឹងការបៀតបៀនផ្លូវភេទ។

ជុំវិញរបាយការណ៍នេះ លោកស្រី ស ស៊ីណាត អនុប្រធាននាយកដ្ឋានការពារច្បាប់នៃក្រសួងកិច្ចការនារី បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ក្រសួងកិច្ចការនារី កំពុងខិតខំប្រឹងប្រែងលុបបំបាត់អំពើបៀតបៀនទាំងឡាយណាដែលកើតឡើងលើស្ត្រីនិងកុមារ ព្រោះវាជារូបភាពហិង្សា។

លោកស្រីបន្តថា៖«និយាយពីការបៀតបៀននៅកន្លែងធ្វើការ គឺជាទម្រង់នៃអំពើហិង្សាមួយ​ ដែលទាក់ទងនឹងអំពើហិង្សាលើស្ត្រីនិងកុមារ អ៊ីចឹងសម្រាប់ប្រទេសកម្ពុជាយើង មានច្បាប់ហើយ គេហៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ឱ្យតែបុគ្គលណាធ្វើការប៉ះពាល់បំពារបំពានផ្នែកផ្លូវភេទ យើងមានចែងទៅតាមមាត្រានីមួយៗ»។

អនុប្រធាននាយកដ្ឋានដដែលនេះបានលើកឡើងផងដែរថា ក្រសួងកិច្ចការនារី បានដាក់ចេញផែនការជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ ដែលក្នុងនោះមានយុទ្ធសាស្ត្រធំៗចំនួន៤ ដូចជា ទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទប់ស្កាត់និងបង្ការកុំឱ្យមានអំពើហិង្សាកើតឡើង ទោះនៅកន្លែងធ្វើការក្ដី តាមរយៈការរាយការណ៍ ការផ្សព្វផ្សាយ កិច្ចប្រជុំនានា ឬក៏ជួយរៀបចំសម្ភារៈអ្វីមួយចំនួនដើម្បីទប់ស្កាត់អំពើហិង្សា ទៅដល់ក្រុមគោលដៅ។ 

ផ្ដល់កិច្ចការពារដល់ស្ត្រីបន្ទាប់ពីមានការបៀតបៀនឬអំពើហិង្សាណាមួយបានកើតឡើងលើស្ត្រី តាយរយៈការផ្ដល់ប្រឹក្សាយោបល់ផ្លូវចិត្ត ការដោះស្រាយផ្លូវច្បាប់និងធ្វើការសម្របសម្រួល ធ្វើការបញ្ជូនបន្តទៅកាន់សេវាពាក់ព័ន្ធ ដូចជាមន្ទីពេទ្យជាដើម។ ពង្រឹងចំណេះដឹងដល់អ្នកផ្ដល់សេវាជូនស្ត្រី ជាពិសេសពាក់ព័ន្ធនិងការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ។​ ក្រសួងនឹងបន្តត្រួតពិនិត្យការងានេះបន្ត ថានៅមានខ្វះចន្លោះត្រង់ណាឬក៏បានជោគជ័យត្រង់ណា។

លោកស្រីក៏បានអំពាវនាវថា៖«ជាចុងក្រោយគ្រាន់តែ ផ្ដល់សារចំនួន២ចំណុច ដោយសារក្នុងកំឡុងពេលថ្ងៃនេះគឺជាយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហឹង្សាលើស្ត្រី។ អ៊ីចឹងខ្ញុំ សុំអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ក៏ដូចជាសហគមន៍ នៅកន្លែងធ្វើការគឺចាប់ផ្ដើមចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រីនិងក្មេងស្រីចាប់ពីពេលនេះតទៅ ទោះនៅកន្លែងណាក៏ដោយ ហើយទី២ សុំឱ្យអ្នកប្រព្រឹត្តធ្វើការផ្លាស់ប្ដូឥរិយាបទគិតស្ត្រីគឺជាមាតា ឬក៏ជាម្ដាយ ឬក៏ប្អូនស្រីរបស់យើងផងដែរ»។

ចាប់តាំងពីថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០២១មក ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អង្គការឃែរកម្ពុជា និងអង្គការសង្គមស៊ីវិលមួយចំនួនក្នុងប្រទេសបាន ធ្វើយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី  និងបានបង្ហោះសារជាហូរហែរនៅលើទំព័ហ្វេសប៊ុករបស់ពួកគេដើម្បីអបអរសារទយុទ្ធនាការនេះ៕