លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០២១។ រូបភាព៖ក្រសួងទេសចរណ៍។

ក្រសួងសុខាភិបាលបានសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកឆ្លងកាត់ប្រទេសចំនួន១០នៅទ្វីបអាហ្វ្រិក ឬអ្នកមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំងនោះអំឡុងពេល៣សប្ដាហ៍ គឺមិនអនុញ្ញាតឱ្យធ្វើដំណើរចូលមកប្រទេសកម្ពុជានោះទេ ទាំងផ្លូវអាកាសនិងផ្លូវគោក រហូតមានការជូនដំណឹងជាថ្មី។

សេចក្ដីប្រកាសរបស់ក្រសួងនៅថ្ងៃទី២៩វិច្ឆិកាបន្តថា វិធានការរឹតបន្តឹងនេះ ដើម្បីទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ចូលមកកម្ពុជា ហើយនឹងត្រូវចាប់អនុវត្តក្នុងរយៈពេល៤៨ម៉ោង ក្រោយពីការចេញសេចក្ដីជូនដំណឹងនេះ។

អ្នកដំណើរពីប្រទេសទាំង១០ ដែលស្ថិតក្នុងបញ្ជីហាមឃាត់ធ្វើដំណើរចូលកម្ពុជានោះ រួមមានប្រទេសបុតស្វាណា(Botswana) ប្រទេសអេស្វាទីនី(Eswatini) ប្រទេសឡេសូតូ(Lesotho) ប្រទេសម៉ូហ្សាំប៊ិក(Mozambique) ប្រទេសណាមីប៊ី(Namibia) ប្រទេសអាហ្វ្រិកខាងត្បូង(South Africa) ប្រទេសហ្ស៊ីមបាប់វ៉េ(Zimbabwe) ប្រទេសម៉ាឡាវី(Malawi) ប្រទេសអង់ហ្គូឡា(Angola) និងប្រទេសហ្ស៊ាំប៊ី(Zambia)។

កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ អង្គការសុខភាពពិភពលោកបានចាត់ទុកវីរុសបំប្លែងថ្មី អូមីក្រុង ដែលទើបរកឃើញក្នុងប្រទេសអាហ្វ្រិកខាងត្បូង ថាជាប្រភេទវីរុសគួរឱ្យព្រួយបារម្ភ ហើយអ្នកវិទ្យាសាស្រ្ដ នឹងអាចចំណាយពេលជាច្រើនសប្ដាហ៍សប្ដាហ៍ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីវីរុសបំប្លែងថ្មីនេះ ថាតើអាចឆ្លងនិងកាចសាហាវជាងវីរុសបំប្លែងដទៃទៀត ដូចជាវីរុសបំប្លែងដែលតា ឬយ៉ាងណា។

ក្រោយពីប្រទេសអាហ្វ្រិកខាងត្បូងប្រកាសរកឃើញវីរុសបំប្លែងថ្មីនេះជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ គឺបានធ្វើឱ្យបណ្ដាប្រទេសជាច្រើនបិទជើងហោះហើរចេញពីបណ្ដាប្រទេសអាហ្វ្រិកមួយចំនួន ខណៈប្រទេសអ៊ីស្រាអែល បានបិទព្រំដែនទាំងស្រុងតែម្ដង។ ទោះជាយ៉ាងណា វីរុសបំប្លែងថ្មីនេះ បានរាលដាលទៅប្រទេសមួយចំនួនរួចទៅហើយ ដូចជា អង់គ្លេស ប៊ែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី អូស្រ្ដាលី ហុងកុង និងប្រទេសអ៊ីស្រាអែលជាដើម៕