រូបភាពដកស្រង់ចេញពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

សហគ្រិនខ្មែរ (KE) ដែលជាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្តេជ្ញាចិត្តរួមគ្នា លើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ ក្នុងប្រព័ន្ធអេកូឡូស៊ី នៃសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីៗ នៅក្នុងប្រទេសកម្ពុជា។ ភាគីទាំងពីរ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីពេលថ្មីៗនេះ។

លោក ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកនៃសហគ្រិនខ្មែរ (KE) បានបញ្ជាក់ថា MOU នេះ មានគោលបំណងជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុ របស់ដំណើរការអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ជាពិសេសអ្នកចង់ដំណើរបើកអាជីវកម្ម (Start Up) ។

អគ្គនាយកនៃសហគ្រិនខ្មែររូបនេះ បានបន្ថែមថា៖«ភាពជាដៃគូរវាងសហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ មានគោលបំណងផ្តល់លទ្ធភាព ទទួលបានព័ត៌មានហិរញ្ញវត្ថុ រួមមានថ្លៃសេវា អត្រាការប្រាក់ ការយល់ដឹងអំពីហានិភ័យផ្សេងៗ និងបរិធានហិរញ្ញវត្ថុផ្សេងៗ ដែលមានសម្រាប់ធុរកិច្ចថ្មីៗ ព្រមទាំងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។

លោក ឈៀង វណ្ណមុនិណ្ឌ បានបន្ថែមថា អនុស្សរណៈនេះ នឹងបង្កើតបានកិច្ចសហប្រតិបត្តិការមួយ ដែលអាចបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងសហការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍នានា ដូចជាព្រឹត្តិការណ៍ជ្រើសរើសគម្រូអាជីវកម្ម, ពិព័រណ៍ពាណិជ្ជកម្ម ,ការផ្គូផ្គងអាជីវកម្ម និងការបង្កើតបណ្តាញផ្សេងៗ ,ការលើកកម្ពស់វប្បធម៌សហគ្រិនភាព ,សិក្ខាសាលា ,សន្និសីទ និងការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងធុរៈកិច្ចថ្មីៗនៅកម្ពុជា។ ជាពិសេសពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនកម្ពុជា តាមរយៈការទទួលបានសេវាហិរញ្ញវត្ថុ សហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោកបន្តទៀតថា៖ «រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយជាច្រើន ក្នុងការបង្កើតមូលនិធិបន្ថែមទៀត នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងការបន្ធូរបន្ថយលក្ខខណ្ឌកាតព្វកិច្ចសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់គឺវាអាស្រ័យលើស្ថាប័នហិរញ្ញវត្ថុ ក្នុងការបន្តយកអត្ថប្រយោជន៍ទាំងនោះ ទៅឲ្យសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីៗក្នុងប្រទេសកម្ពុជា»។

នាយកប្រតិបត្តិនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ហៅកាត់ថា CMA លោក ផល វ៉ាន់ឌី បានបកស្រាយ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីៗ កាន់តែមានតួនាទីសំខាន់ ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច ដោយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។ បើតាមលោក ផល វ៉ាន់ឌី វិស័យមីក្រូហិរញ្ញវត្ថុបាននឹងកំពុងវិវឌ្ឍពីការផ្តល់សេវាហិរញ្ញវត្ថុ ចំពោះតែប្រជាជនមានចំណូលទាប ឈានទៅដល់ការផ្តល់ជូនសេវាហិរញ្ញវត្ថុស្ទើរគ្រប់ប្រភេទ សម្រាប់ប្រជាជនទូទៅទាំងអស់។

លោក ផល វ៉ាន់ឌី បានអះអាងថា៖«ជាការពិតណាស់ វិស័យមីក្រូហិរញ្ញវត្ថុបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម។ តួយ៉ាង CMA បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគំនិតផ្តួចផ្តើមថ្មីៗនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ក៏ដូចជាសាជីវកម្ម ធានាឥណទានកម្ពុជា (CGCC) ដែលគំនិតផ្តួចផ្តើមទាំងពីរនេះ មានគោលបំណងក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យម»។

លោករំពឹងថា អនុស្សរណៈនៃការយោគយល់គ្នារវាង CMA និង KE នឹងរឹតបន្តឹងទំនាក់ទំនងនៃវិស័យទាំងពីរ ដោយធានាបាននូវសេវាហិរញ្ញវត្ថុកាន់តែប្រសើរដល់សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មី។

គួរបញ្ជាក់ថា សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នប្រតិបត្តិករមួយ របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស) ដើម្បីកៀរគរវិនិយោគិន និងគាំទ្រដល់ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី និងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់សហគ្រិន ក៏ដូចជា SMEs និងStart Up ជាដើម។

ចំណែកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ ដោយមានគោលដៅធានាឱ្យប្រជាជនទទួលបានសេវាហិរញ្ញវត្ថុ ប្រកបដោយភាពសម្បូរបែប និងទាន់ពេលវេលា។ សមាគមនេះ បង្កើតឡើងនៅឆ្នាំ២០០២ និងបានចុះបញ្ជីជាផ្លូវនៅក្នុងឆ្នាំ២០០៤ ដោយមានសមាជិកតែ៦ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ សមាគមមីក្រូហិរញ្ញវត្ថុ មានសមាជិកជាង១០០ស្ថាប័ន រួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ និងមិនទទួលប្រាក់បញ្ញើ, ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ និងធនាគារ៕