សម្ដេចនាយករដ្ឋមន្រ្តី ក្នុងពិធីប្រគល់ទឹកប្រាក់៣លានដុល្លារដល់ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ។

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ជំនួយផ្ដល់ឱ្យប្រទេសឡាវចំនួន១៣លានដុល្លារនេះ គឺទឹកប្រាក់របស់រដ្ឋាភិបាលកម្ពុជាចំនួន៣លានដុល្លារ និងថវិកាពីក្រុមហ៊ុនឯកជនចំនួន១០លានដុល្លារ។ ក្នុងនោះ កម្ពុជាក៏ផ្ដល់វ៉ាក់សាំងស៊ីណូវ៉ាក់ឱ្យឡាវចំនួ៥០ម៉ឺនដូស និងរថយន្តពីរគ្រឿង ដើម្បីជួយទៅដល់ប្រទេសឡាវ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

ការផ្ដល់ជំនួយនេះ ធ្វើឡើងខណៈលោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ បានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដោយបានចាប់ផ្ដើមពីថ្ងៃចន្ទ តបតាមការអញ្ជើញពីសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

យោងតាមទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន គឺមេដឹកនាំប្រទេសទាំងពីរ បានឯកភាពគោលការណ៍មួយចំនួន ដូចជាបន្តការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាជំរុញ និងបញ្ចប់ការងារដែលបានព្រមព្រៀងគ្នាកន្លងមក ជំរុញឲ្យគណៈកម្មការចម្រុះព្រំដែនបន្តធ្វើការធ្វើយ៉ាងណាតាមគោលដៅដែលថ្នាក់ដឹកនាំបានសម្រេច ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ វិស័យទេសចរណ៍ និងវិស័យដទៃទៀតដែលជាសក្តានុពលសម្រាប់ប្រទេសទាំងពីរ ជំរុវិស័យឯកជន ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ និងគាំទ្រវិនិយោគិនប្រទេសទាំងពីរ។

បន្ថែមពីនេះ សម្ដេច ហ៊ុន សែន ក៏បានស្នើឱ្យឡាវពិចារណា ឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទេសចរណ៍ទៅវិញទៅមក ដែលជាវិស័យបំពេញឲ្យគ្នា៕