លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។ រូបភាពដកស្រង់ចេញពីហ្វេសប៊ុករបស់លោក។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកឡើងថា ពលរដ្ឋនៅតែលើកយកសំណមពរសុំឱ្យក្រសួងដោះស្រាយនូវបញ្ហាដដែលៗ ស្របពេលក្រសួងបានបកស្រាយនិងពន្យល់រួចមកហើយ។ ការបញ្ជាក់ពីរដ្ឋមន្រ្តីនេះ គឺឆ្លើយតបទៅពលរដ្ឋមួយចំនួន ដែលនៅតែត្អួញត្អែរពីកសិផល ដូចជាស្រូវ និងផ្លែឈើ រួមទាំងត្រីសាច់ លក់បានថោក ឬគ្មានទីផ្សារ ហើយការផលិតចំណាយកាន់តែខ្ពស់ ដោយពួកគាត់បានព្យាយាមចូលទៅសរសេរក្នុងខមិន(Comment)ហ្វេសប៊ុករបស់លោក វេង សាខុន ដើម្បីសុំឱ្យជួយរកដំណោះស្រាយ ជាពិសេសគឺរកទីផ្សារ។

កាលពីថ្ងៃទី២៧វិច្ឆិកា លោក វេង សាខុន បានបង្ហោះតាមហ្វេសប៊ុកឡើងវិញ នូវការបកស្រាយនិងការពន្យល់ នៅក្នុងហ្វេសប៊ុកដែលលោកបានបង្ហោះតាំងពីថ្ងៃទី១៨ខែតុលា នូវអ្វីដែលពលរដ្ឋបន្តលើកឡើងជាបន្តបន្ទាប់ដដែល ពីបញ្ហាស្រូវចុះថោកខ្លាំង និងដំណាំផ្លែឈើ ដូចជាផ្លែមៀនប៉ៃលិន និងផ្លែស្វាយ គ្មានទីផ្សារ ឬថ្លៃជី ថ្នាំ និងសាំងជាដើម ចេះតែឡើងថ្លៃជាបន្តបន្ទាប់ ដែលកំពុងធ្វើឱ្យពួកគាត់ប្រឈមការខាតបង់ប្រាក់ និងអស់សង្ឃឹមក្នុងការធ្វើស្រែចម្ការតទៅទៀត។

ប៉ុន្តេលោក វេង សាខុន បានសរសេរបង្ហោះតាមហ្វេសប៊ុកដូច្នេះ៖«ដោយបានពិនិត្យឃើញថា មានបងប្អូនយើងមួយចំនួន នៅបន្តលើកយកសំណូមពរមកខ្ញុំ ឲ្យជួយពិនិត្យនិងដោះស្រាយបញ្ហាដដែលជាដដែលនោះ។ ថ្ងៃនេះខ្ញុំសូមលើកយកសំណួរ និងចម្លើយ ដែលខ្ញុំបានផុសពន្យល់កន្លងមក មកបញ្ជាក់ជូនសារឡើងវិញ ដើម្បីបងប្អូនដែលមិនទាន់បានអាន បានជ្រាបច្បាស់ពីបញ្ហាប្រឈម របស់យើង»។

អ្វីដែលលោក វេង សាខុន បានបង្ហោះតាមហ្វេសប៊ុកនៅក្នុងខែតុលានោះ គឺបានបកស្រាយថា ជី និងថ្នាំកសិកម្ម បន្តឡើងថ្លៃ ដោយសារតែបណ្តាប្រទេសមានបញ្ហារអាក់រអួលផ្នែកផលិតកម្ម រួមទាំង វត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗ ដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់។ បន្ថែមពីនេះ ផលិតកម្មជីកសិកម្មត្រូវបានកាត់បន្ថយដោយកម្លាំងពលកម្មថយចុះដោយបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ ដូចជានៅក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម រួមទាំងការដឹកជញ្ជូនប្រើពេលវេលាយូរ និងមានតម្លៃខ្ពស់ និងការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការនៃការបញ្ជាទិញ រួមទាំងកម្ពុជាផង។ 

ចំពោះបញ្ហាកកស្ទះកសិផលកសិកម្មដូចជាមៀនប៉ៃលិនជាដើម ក្រសួងបានបកស្រាយថា ការនាំចេញកសិផលកសិកម្មទៅប្រទេសនានា ទោះជាមិនជាប់ពន្ធក៏ដោយ ប៉ុន្តែត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវខាងស្តង់ដារអនាម័យ និងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ ដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តិ ខណៈលោក វេង សខុន ក៏ធ្លាប់បញ្ជាក់ថា រដ្ឋាភិបាលកំពុងជំរុញការចរចាជាមួយប្រទេសចិន ដើម្បីសម្រេចបានការព្រមព្រៀងគ្នាលើការបំពេញតាមលក្ខខណ្ឌទាំងនេះ។

ចំណែកមូលហេតុ ធ្វើឱ្យតម្លៃជ្រូករស់បន្តធ្លាក់ថ្លៃ ដោយសារកសិដ្ឋានចិញ្ចឹមជ្រូកមានការកើនឡើង សត្វជ្រូកកកស្ទះដោយសារមិនបានបញ្ចេញលក់ក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២១នេះ តម្លៃជ្រូកនៅប្រទេសជិតខាងមានការធ្លាក់ថ្លៃយ៉ាងគំហុក ការនាំចូលកូនជ្រូកពូជនៅឆ្នាំ២០២០មានការកើនឡើង វិបត្តិជំងឺកូវីដ១៩ធ្វើឱ្យ តម្រូវការសាច់ជ្រូកមានការប្រែប្រួលដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំ ឬភ្ញៀវទេសចរធ្វើដំណើកំសាន្តតាមតំបន់រមណីដ្ឋាននានា រួមទាំងបញ្ហាបទល្មើសនាំសត្វខុសច្បាប់ពីប្រទេសជិតខាង។

ចំណែកលោក គី សិរីវឌ្ឍ បណ្ឌិតស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា បញ្ហានេះបានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាកសិករ ដែលអាចបណ្ដាលឱ្យពួកគាត់ប្រឈមនិងការជំពាក់ធនាគារកាន់តែច្រើន។

លោកបានជំរុញឱ្យរដ្ឋាភិបាល គួរយកចិត្តទុកដាក់និងកែប្រែបញ្ហាកកស្ទះទិន្នផលកសិកម្មនេះ ដោយអាចបង្កើតជារោងចក្រក្នុងស្រុកដើម្បីកែច្នៃ ទិន្នផលទាំងនោះឱ្យក្លាយទៅជាផលិតផលសម្រេច ហើយការបង្កើតរោងចក្រ ក៏នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋខ្មែរ ដូចជាមានការងារធ្វើយូរអង្វែងជាដើម។

លោកថ្លែងដូច្នេះថា៖«ដំណោះស្រាយ គឺរដ្ឋាភិបាលត្រូវលើកកម្ពស់នូវការផលិត និងកែច្នៃផ្លែមៀនទាំងអស់នេះ កាលណាយើងអត់មានទីផ្សារ យើងត្រូវមានកន្លែងដែលត្រូវជំនួស។​ យើងដឹងថា សម្រាប់ផលិតផលកសិកម្ម វា ប្រាកដជាបែបនេះឯង ចឹងហើយការត្រៀមខ្លួនសម្រាប់ដោះបញ្ហាគឺ មានរោងចក្រសម្រាប់កែច្នៃផលិតផលកសិម្មទាំងអស់ ប្រសិនបើមិនមានទីផ្សារលក់ស្រស់»។

កាលពីអំឡុងពាក់កណ្ដាលខែវិច្ឆិកានេះ កសិករដាំផ្លែមៀនប៉ៃលិនខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានត្អូញត្អែរថា​ ពួកគេបន្តប្រឈមនិងការខាតបង់ប្រាក់រាប់ម៉ឺនដុល្លារព្រោះគ្មានទីផ្សារ ដោយសាប្រទេសថៃមិនអនុញ្ញាតឱ្យយកចូលប្រទេសគេ។

ទំព័រហ្វេសប៊ុករបស់លោក វេង សាខុន បានពន្យល់ដែរថា មូលហេតុដែលកម្ពុជាបាននាំចេញកសិផលត្រឹមតែប្រទេសជិត ដូចជាវៀតណាមនិងថៃ ដោយសារប្រទេសជិតខាងធំៗទាំងពីរ២ ដែលមានប្រជាជនសរុបជាង១៦៧លាននាក់ គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់កសិផលរបស់កម្ពុជា។ ជាមួយគ្នានេះ ប្រទេសទាំង២នេះ ក៏បានធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មពិភពលោក មុនកម្ពុជា ដោយទទួលបានបទពិសោធន៍ពេញលេញជាប្រទេសកែច្នៃនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារទៅកាន់ទីផ្សារតំបន់និងពិភពលោក ឬអាចហៅថា វៀតណាមនិងថៃ បានអភិវឌ្ឍខ្លួនទៅជាចំណុចប្រមូលផ្តុំស្បៀង សម្រាប់ពិភពលោកមុនកម្ពុជា៕