លោកស្រី ជូ ប៊ុនអេង ឡើងថ្លែងមតិបើកកម្មវិធីនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាពដោយសល់ម៉ា

សហគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានបង្ហាញការព្រួយបារម្ភនៃផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងទៅលើស្ត្រីជាពិសេសយុវនារី ដោយបញ្ហាទាំងអស់នោះមានគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ការជួញដូរមនុស្ស និងកើតជំងឺផ្សេងៗទៀត ដែលសុទ្ធសឹងតែបង្កឡើងពីការប្រើប្រាស់គ្រឿងស្រវឹង។ ការលើកឡើងបែបនេះត្រូវបានលើកឡើងក្នុង សិក្ខាសាលាស្ត្រីស្តីពី «ផលប៉ះពាល់នៃគ្រឿងស្រវឹង» រៀបចំដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងអង្គការចលនាដើម្បីសុខភាពកម្ពុជា នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីតំណាងស្ត្រី មកពីក្រសួង ស្ថាបននានា និងអង្គការ សមាគមមិនមែនរដ្ឋាភិបាល។

តាមរយៈការពិភាក្សានេះ សិក្ខាសាលានេះបានផ្ដួចផ្ដើមគំនិតក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃគ្រឿងស្រវឹង ដោយលើកឡើងនូវវិធានការហាមការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់ ដោយហេតុថាការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាមូលហេតុចម្បងមួយ ដែលជំរុញឱ្យប្រជាជនប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន និងកាន់តែញឹកញាប់ក្នុងចំណោមយុវជន និងស្រ្តី។

លោកស្រី ជូ ប៊ុនអេង អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបំផុសការយល់ដឹង និងកង្វល់អំពីផលប៉ះពាល់នៃគ្រឿងស្រវឹងចំពោះសង្គម ជាពិសេសការរំលោភបំពានផ្លូវភេទ ការជួញដូរមនុស្ស។ ម្យ៉ាងវិញទៀត កម្មវិធីនេះក៏មានគោលបំណងកំណត់រកគំនិតផ្ដួចផ្ដើមក្នុងការស្នើឡើងនូវយុទ្ធសាស្រ្តជាតិជាអាទិភាពសម្រាប់ការឆ្លើយតបទៅនឹងផលប៉ះពាល់សង្គមដោយគ្រឿងស្រវឹង»។

ទោះជាយ៉ាងណាក៏ដោយលោកស្រីបន្តថា កន្លងមកមានតែការលើកឡើងពីឥទ្ធិពលគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់ដល់ស្ត្រី ប៉ុន្តែពុំទាន់មានការស្រាវជ្រាវជាក់លាក់ថា មានស្ត្រីចំនួនប៉ុន្មានភាគរយនោះទេ ដែលរងផលប៉ះពាល់ ប៉ុន្តែក្រុមការងារសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នឹងចុះធ្វើការស្រាវជ្រាវ ដើម្បីរកចំនួនជាក់លាក់ និងលើកឡើងជាយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ផលប៉ះពាល់គ្រឿងស្រវឹងទៅលើស្ត្រី។

លោកស្រីថ្លែងដូច្នេះថា៖«យើងកំពុងនាំគ្នាគិត ហើយមិញនេះយើងបាននិយាយអំពី ការស្រាវជ្រាវ គួរតែមានការស្រាវជ្រាវ ពិព្រោះការស្រាវជ្រាវនេះវានឹងធ្វើឱ្យយើងមានតម្លៃបែបវិទ្យាសាស្ត្រ នៅក្នុងការទៅជជែកជាមួយគេ។ កាលណាយើងគ្រាន់តែថា ខ្ញុំលឺ ថាអត់ច្បាស់ទេ ហើយការស្រាវជ្រាវ វាមានរឿងច្រើនក្នុងការស្រាវជ្រាវ ហើយក៏មិនអាចរៀបរាប់ក្នុងពេលនេះបាននោះទេ យើងត្រូវតែរួមគ្នាគិតទៀតថាតើក្រុមណាគួរស្រាវជ្រា វពីអី ហើយមានផលប៉ះពាល់ប៉ុណ្ណាដែលយើងបានជជែកពីខាងដើម ដោយមានរឿងប៉ះពាល់ទៅដល់សុខភាព រងអំពើហិង្សា គ្រោះថា្នក់ចរាចរណ៍»។

លោកវេជ្ជ មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានបញ្ជាក់ដែរថា៖«ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនាពេលបច្ចុប្បន្នស្ថិតក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ។ ការប្រើប្រាស់រង្វាន់ទាក់ទាញ ការប្រើប្រាស់តារាល្បីៗតាមគ្រប់មធ្យាបាយ មានលក្ខណៈទាក់ទាញយ៉ាងខ្លាំងដល់ស្រ្តី កុមារ និងយុវជន ឱ្យប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់»។

លោកបន្តថា គ្រឿងស្រវឹងផ្ទុកអេតាណុលដែលជាជាតិពុល ញៀន និងជាភ្នាក់ងារបង្កមហារីក និងបង្កអោយមានភាពមិនប្រក្រតីចំពោះទារក បណ្តាលអោយមនុស្ស ៣លាននាក់ ស្លាប់ក្នុង១ឆ្នាំ តំណាងអោយ៥% នៃការស្លាប់ទាំងអស់។ លោកបន្ថែមថា ការប្រើប្រាស់គ្រឿងស្រវឹងពាក់ព័ន្ធនឹងជំងឺជំងឺមិនឆ្លងជាង២០០មុខ គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ និងខាតបង់សេដ្ឋកិច្ច។

សូមបញ្ជាក់ថា ការប្រើប្រាស់គ្រឿងស្រវឹង បង្កឱ្យមានជំងឺជាង២០០មុខ រួមមាន ជំងឺប្រព័ន្ធរំលាយអាហារ ជំងឺប្រព័ន្ធសរសៃប្រសាទ និងជំងឺប្រព័ន្ធបន្តពូជ។ បើតាមលទ្ធផលស្រាវជ្រាវរបស់ក្រសួងកិច្ចការនារីបានបង្ហាញថា ភាពញឹកញាប់ និងភាពធ្ងន់ធ្ងរនៃអំពើហិង្សា កើនឡើងស្របគ្នាជាមួយការកើនឡើងនៃការសេពគ្រឿងស្រវឹងរបស់ដៃគូរ ហើយបើ យោងតាមអង្គការសុខភាពពិភពលោកគ្រឿងស្រវឹងបណ្ដាលឱ្យមានអ្នកស្លាប់ប្រមាណ ៣លាននាក់ក្នុងមួយឆ្នាំៗ នៅលើពិភពលោក ៕