លោក វេង សាខុន​ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបភាពដកស្រង់ចេញពីក្រសួងទេសចរណ៍។

ភ្នំពេញៈ កម្ពុជាបានស្វាគមន៍ភ្ញៀវទេចរចំនួន ១៣១ ៦៧៤នាក់ ធ្លាក់ចុះ ៨៩,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានចំនួន ១ ២៤៧ ៦៨០នាក់ ដោយសារតែការបន្តអូសបន្លាយនៃការរីករាលដាលជំងឺកូវិដ១៩ ។

បើយោងតាមទិន្នន័យពីក្រសួងទេចរណ៍ សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ៦៣ ០៥០នាក់ ស្មើនឹង ៤៧,៩ភាគរយ និងផ្លូវគោក-ទឹក ចំនួន ៦៨ ៦២៤នាក់ ស្មើនឹង ៥២,១ភាគរយ។

ភ្ញៀវទេសចរជនជាតិថៃ បានធ្វើដំណើរមកកម្ពុជាច្រើនជាងគេ ដោយមានចំនួន ៦៤ ៤៥៩នាក់ ស្មើនឹង ៤៩ភាគរយនៃចំនួនសរុប ជនជាតិចិន ៣៧ ១៩៧នាក់ វៀតណាម ៧ ៦៤៩នាក់ ឥណ្ឌូនេស៊ី ៤ ២១១នាក់ កូរ៉េ ២ ៩៨៩នាក់ អាមេរិក ២ ៩៣៤នាក់ ចិនតៃប៉ិក ២ ៤៣៤នាក់ បារាំង ១ ៦២៤នាក់ ម៉ាឡេស៊ី ១ ៣៣៦នាក់ និងជប៉ុន ១ ២២០នាក់។

ដោយឡែកសម្រាប់ខែកញ្ញា ភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជា មានចំនួនសរុប ៩ ៩៦៧នាក់ ធ្លាក់ចុះ ៥២,៨ភាគរយធៀបខែកញ្ញា ឆ្នាំ២០២០ ដែលមានចំនួន ២១ ១៣៧នាក់។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ក្តីបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ១៩ គឺជាមូលហេតុតែមួយគត់ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះ ប៉ុន្តែចំនួននេះនឹងមានសម្ទុះឡើងវិញជាបណ្តើរៗបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា សម្រេចដកចេញនូវវិធានការធ្វើចត្រាឡីស័កសម្រាប់ភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់។

លោកបញ្ជាក់ថា៖«នេះគឺជាពន្លឺទាំងសម្រាប់ជនបរទេសដែលចង់ធ្វើដំណើរមកកម្ពុជា និងសម្រាប់អ្នកនៅក្នុងវិស័យទេសចរណ៍ផងដែរ»។

លោកបន្ថែមទៀតថា ៖«ដើម្បីឱ្យវិស័យនេះមាននិរន្តរភាពរឹងមាំ ទាំងរដ្ឋាភិបាល ក៏ដូចជាប្រជាជនទាំងអស់ត្រូវតែចូលរួមឱ្យអនុវត្តឱ្យបានហ្មត់ចត់នូវវិធានការនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» កាលពីថ្ងៃទី២៣ ខែវិច្ឆិកា សម្ដេច ហ៊ុន សែន បាននិយាយថា ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងពេលនេះ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងការបើកទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងចាប់ពីចុងខែនេះតទៅ។

ការបើកប្រទេសឡើងវិញនាពេលខាងមុខឆាប់ៗ នេះ(ថ្ងៃទី៣០ ខែវិច្ឆិកា) លោកមានជំនឿថានឹងមិនមានការបោះជំហ៊ានថយក្រោយវិញទេ ព្រោះបច្ចុប្បន្នអត្រានៃចំនួនប្រជាជននៅកម្ពុជាចាប់វ៉ាក់សាំងបានគ្របដណ្តប់រហូតដល់ជាង ៨៨ភាគរយរួចទៅហើយ។

លោកបន្ថែមថា ជាក់ស្តែងការបើកឱ្យប្រជាជនក្នុងស្រុកដើរកម្សាន្តក្នុងពិធីបុណ្យភ្ជំបិណ្ឌ និងអុំទូក នាពេលថ្មីៗនេះ គឺមិនបានធ្វើឱ្យអត្រានៃការឆ្លងជំងឺកូវីដ១៩ ហក់ឡើងនោះទេ។

ក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ១ ៣០៦ ១៤៣ នាក់ធ្លាក់ចុះ ៨០,២ ភាគរយបើធៀបទៅនឹងឆ្នាំ២០១៩ ដែលមានចំនួន ៦ ៦១០ ៥៩២នាក់។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍៕