សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​លោក ហ៊ុន សែន ដែល​ជា​សហ​នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មិន​គ្រោង​ទុក​មួយ​នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ១៩៩៧ ដើម្បី​បញ្ជាក់​អំពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​ខ្មែរ​ក្រហម​លោក ប៉ុល ពត។ (AFP)

ភ្នំពេញ — សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២១ នេះ ក្នុង​ប្រទេស​បារាំង ក្នុង​ព្រះជន្ម ៧៧ ព្រះវស្សា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់​តាម​សារ​ហ្វេសប៊ុក​ថា​លោក​ទទួល​បាន​ដំណឹង​អំពី​ការ​សោយ​ទិវង្គត​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ​នេះ​ពី​ព្រះ​បរមរាជវាំង។

សម្តេច​ក្រុមព្រះ​នរោត្តម​រណឫទ្ធិ​បាន​ដឹកនាំ​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច​តាំងពី​ឆ្នាំ​១៩៩២​មក​និង​បាន​ឆ្លងកាត់​ទំនាស់​ផ្ទៃក្នុង​បក្ស​ជាច្រើន​សារ​ដោយ​មាន​ការ​ទម្លាក់​ពីបក្ស​និង​រស់នៅ​និរទេស​ព្រះកាយ​ក្រៅ​ប្រទេស​ចំនួន​ពីរ​ដង​មុន​ពេល​ដែល​ព្រះអង្គ​ត្រូវ​បាន​ថ្វាយ​តួនាទី​ជា​ប្រធាន​គណបក្ស​វិញ​នៅ​ឆ្នាំ​២០១៥។

កាលពី​ថ្ងៃ​ទី ១៧ ខែ​មិថុនា ឆ្នាំ ២០១៨ ព្រះអង្គ​បាន​រង​របួស​ធ្ងន់ធ្ងរ​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្ត​ព្រះសីហនុ។ បន្ទាប់​មក ព្រះអង្គ​បាន​យាង​ទៅ​ព្យាបាល​ព្រះរោគ​នៅ​ប្រទេស​បារាំង រហូត​ដល់​ពេល​ដែល​ព្រះអង្គ​ចូល​ទិវង្គត​នេះ។

សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋមន្ត្រី​ទី​១​ដែល​ទើប​ទម្លាក់​ពី​តំណែង និង​​​លោក សម រង្ស៊ី ដែល​ជា​អ្នក​នយោបាយ​ប្រឆាំង ស្ដាប់​សំណួរ​ដែល​អ្នក​ចូលរួម​សួរ​នៅ​ក្លឹប​អ្នក​កាសែត​ថៃ (Foriegn Correspondants Club of Thailand (FCCT)) ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៩៩៧។ ព្រះអង្គ​បាន​អំពាវនាវ​ឱ្យ​ស្ថានទូត​បរទេស​នៅ​កម្ពុជា​បិទ​ទ្វារ ក្រោយ​មាន​រដ្ឋប្រហារ​ដក​ព្រះអង្គ​ចេញ​ពី​តំណែង និង​ជំរុញ​ឱ្យ​មាន​ការ​ចរចា​សន្តិភាព​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។ (AFP)

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ដែល​បាន​ផ្ញើ​មក​ឲ្យ​វីអូអេ​ខេមភាសា​បាន​ឲ្យ​ដឹង​ថា​ព្រះសព​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ​នឹង​ត្រូវ​យាង​ដង្ហែ​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​បុណ្យ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ។

សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ជាប់​ឆ្នោត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទីមួយ​ពី​ឆ្នាំ ១៩៩៣ រហូត​ដល់​ពេល​ដែល​ព្រះអង្គ​ត្រូវ​បាន​ទម្លាក់​នៅ​ក្នុង​រដ្ឋប្រហារ​នៅ​ឆ្នាំ ១៩៩៧ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​ទី​ពីរ​នៅ​ពេល​នោះ។

លោក ហ៊ុន សែន ​បាន​ថ្លែង​នៅ​ក្នុង​សារ​ថា​លោក​មានក្តី​ក្តុកក្តួល​ដែល​បាន​ទទួល​ដំណឹង​ពី​ការ​សោយ​ទិវង្គត​នេះ៕