សម្ដេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន។ រូបភាពដកស្រង់ចេញពីហ្វេសប៊ុកSPM។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបទបញ្ជាឱ្យក្រសួងពាក់ព័ន្ធ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចុះស្រាវជ្រាវជាបន្ទាន់លើសកម្មភាពកាប់ទន្ទ្រានយកដីព្រៃលិចទឹកក្នុងតំបន់ស្នូរនៃបឹងទន្លេសាបយ៉ាងអនាធិបតេយ្យ ជាពិសេសស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដែលអ្នកល្មើស គឺសុទ្ធតែជាមន្រ្តីនគរបាល និងមួយចំនួនជាពលរដ្ឋធម្មតា។

នៅក្នុងសារសំឡេងពិសេសមួយនៅរសៀលថ្ងៃអាទិត្យនេះ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា បញ្ហាដ៏ធំមួយ កំពុងកើតឡើងនៅតំបន់ទន្លេសាប និងបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាអំពីបឹងទន្លេសាប គឺបានរកឃើញការបាត់បង់ដីព្រៃលិចទឹកបឹងទន្លេសាបគួរឱ្យព្រួយបារម្ភ និងត្រូវទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ដើម្បីបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃថែមទៀត ហើយត្រូវដកយកមកវិញទាំងអស់ ដើម្បីដាំដើមឈើឡើងវិញនៅពេលខាងមុខ។

សម្ដេចបន្តថា តំបន់បឹងទន្លេសាបស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង បានរងការកាប់បំផ្លាញធ្ងន់ធ្ងរជាងគេ ហើយបើតាមរបាយការណ៍ដដែលបង្ហាញថា លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពងឆ្នាំង និងបច្ចុប្បន្នត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានកាប់បំផ្លាញទន្ទ្រានយកដីបឹងទន្លេសាបអស់ជាង២ពាន់ហិកតា ខណៈប្រមុខរដ្ឋាភិបាលបានប្រកាសថា ការកាប់បំផ្លាញបែបនេះ គឺមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានដែរ សម្រាប់មន្រ្តីដែលពាក់ព័ន្ធទាំងអស់ គឺចាប់ពីថ្នាក់ខេត្ត និងស្រុក។

ដើម្បីដោះស្រាយបញ្ហានេះ  សម្ដេចបានចេញបទបញ្ជាឱ្យអភិបាលខេត្តតាមបឹងទន្លេសាបទាំងអស់ ត្រូវទទួលខុសត្រូវត្រួតពិនិត្យនិងចាត់វិធានការជាបន្ទាន់ គឺការប្រើប្រាស់ឱ្យលទ្ធភាពតាមដែនសមត្ថកិច្ចរបស់ខ្លួន ដោយសម្ដេចសង្កត់ធ្ងន់ថា នេះគឺជាការបង្ក្រាប មិ​នមែនជាអប់រំទៀតទេ។

ក្រៅពីខេត្ត លោកក៏បានបញ្ជាឱ្យលោក ជា សុផារ៉ា ដឹកនាំការប្រជុំជាបន្ទាន់លើបញ្ហានេះ ជាមួយក្រសួងពាក់ព័ន្ធ ដូចជាក្រសួងធនធានទឹក អាជ្ញាធរបឹងទន្លេសាប ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងក្រសួងទំនាក់ទំនងព្រឹទ្ធសភានិងរដ្ឋសភា ហើយក៏បានបញ្ជាលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកទទួលខុសត្រូវបង្ក្រាបបទល្មើសព្រៃឈើ ត្រូវចុះទៅត្រួតពិនិត្យលើការងាររបស់ថ្នាក់ខេត្តបន្ថែម។

សម្ដេចថ្លែងយ៉ាងដូច្នេះថា៖«ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ដឹកនាំកម្លាំងដើម្បីដោះស្រាយបញ្ហានេះ ដោយប្រើប្រាស់ទាំងកម្លាំងថ្មើរជើង ជើងទឹក និងប្រើឧទ្ធម្ភាគចក្រ ដើម្បីត្រួតពិនិត្យជាបន្ទាន់ ទៅលើប្រតិបត្តិការរក្សាព្រៃលិចទឹកនេះ។ ព្រោះនៅមិនយូរទេ ទឹកនឹងស្រកទៅវិញ ពួកគេនឹងចាប់ផ្ដើមបង្កបង្កើនផល ឬកាត់បន្ថែមនៅទីនោះ។ យើងមិនអនុញ្ញាតឱ្យបង្កបង្កើតផលលើដីដែលត្រូវដកហូតមកវិញទេ។ ដោយសារសមត្ថកិច្ចទាំងអស់ សុទ្ធតែជានគរបាលយុត្តិធម៌ ដូច្នេះ ត្រូវចាប់(ខ្លួន)ភ្លាមចំពោះអ្នកណា ដែលបានបំពានបទបញ្ញត្តិទាំងឡាយ ដែលយើងធ្លាប់ដាក់ចេញ ដើម្បីរារាំងចំពោះការល្មើសការកំណត់របស់រដ្ឋ។»

សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវដឹកនាំអង្គភាពប្រឆាំងភេរវកម្ម ដើម្បីចុះស្រាវជ្រាវ រកមើលមន្រ្តីណាខ្លះ ដែលពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការទាំងអស់ ដោយសម្ដេចបញ្ជាក់ថា មិនមានការអប់រំទៀតទេ គឺចំពោះជនល្មើលជាមន្រ្តី ត្រូវតែដកហូតដីទាំងនោះត្រឡប់មកវិញ រហូតឈានដល់ការរឹបអូសទ្រព្យសម្បត្តិទាំងឡាយដែលពួកមន្រ្តីទាំងនោះមានចេញមកពីការប្រព្រឹត្តល្មើសច្បាប់ នៅក្នុងក្របខណ្ឌនៃការកាប់ព្រៃលិចទឹកក្នុងបឹងទន្លេសាបនេះ។

សម្ដេចបន្តថា៖«ចំពោះអ្នកប្រព្រឹត្ត ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដាច់ខាត ខ្ញុំបានបញ្ជាក់ហើយ មានតែផ្លូវច្បាប់ប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាពួកនាក់ទាំងនេះ។ យើងបានអប់រំរាប់សិបឆ្នាំមកហើយលើផលវិបាកបញ្ហានេះ ហេតុអ្វីនៅតែមានមន្រ្តីទាំងនេះទៀត។ ហើយខ្ញុំក៏សុំប្រាប់ទៅមន្រ្តីទាំងឡាយ ដែលអនុវត្តខុស បើសិនជាចង់បន្ធូរបន្ថយទោស ត្រូវចេញសារភាពជាបន្ទាន់  បើមិនចេញសារភាពជាបន្ទាន់ សុំឱ្យអ្នក(មន្រ្តី)ចេញទៅអនុវត្ត ចាត់វិធានការយ៉ាងម៉ឺងមាត់ជាទីបំផុត គឺការចាប់ខ្លួនតែម្ដង សម្រាប់ផ្ដន្ទាទោសតាមច្បាប់ ហើយឈានទៅរឹបអូស មិនត្រឹមតែដីធ្លីនៅកន្លែងផ្ទាល់ទេ គឺទ្រព្យសម្បត្តិទាំងឡាយដែលពួកគេមាន បានមកពីការបំផ្លាញនេះ»។

សម្ដេចបន្តទៀតថា៖«ដូច្នេះហើយ អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែចេញធ្វើសកម្មភាព ដើម្បីស្រាវជ្រាវ តើមានពាក់ព័ន្ធជាមួយអ្នកណាផ្សេងទៀត។ យើងមិនអាចអត់ឱនឱ្យបានទេ នៅពេលដែលយើង កំពុងខិតខំប្រយុទ្ធជាមួយកូវីដ១៩ បែរជាមានមន្រ្តីរបស់យើងមួយចំនួន ធ្វើសកម្មភាពគ្មានការទទួលខុសត្រូវ គ្មានការក្រែលររអែង ចំពោះច្បាប់របស់ប្រទេសជាតិ។ អ្នកទាំងនេះមិនស័ក្ដិសមធ្វើជាមន្រ្តីតទៅទៀតទេ ពួកគេដេកគុក ប្រសើរជាងនៅជាមន្រ្តី ហើយសុំកុំនិយាយថា ធ្វើការជូនបក្សជូនរដ្ឋយូរហើយ បែរជារដ្ឋឬគណបក្សមិនយោគយល់។ ខ្ញុំគ្មានការយោគយល់ណា សម្រាប់អំពើទុច្ចរិតបែបនេះ សម្រាប់មន្រ្តីរបស់យើងបែបនេះទេ»។

ទោះជាយ៉ាងណាប្រមុខរដ្ឋាភិបាលបន្ថែមថា៖«ខ្ញុំសុំអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលបានខកខ្លួន ឃើញអ្នកធំទៅធ្វើ ហើយប្រជាជនខ្លួនឯង ទៅធ្វើតាមក្រោយ។ សុំប្រញាប់ប្រញាល់ចាកចេញឱ្យផុតពីទីនោះ បើមិនដូច្នោះ នឹងត្រូវរងការចាប់ខ្លួនតែម្ដង។ ប៉ុន្តែអស់លោក ជាចៅហ្វាយខេត្ត ថ្នាក់ខេត្ត ថ្នាក់ស្រុក អស់លោកមិនរួចខ្លួនទេ អត់លោកត្រូវតែចេញសារភាពជាបន្ទាន់ ដើម្បីកុំឱ្យមានការចាប់ខ្លួន អស់លោកចេញសារភាពប្រគល់ដីធ្លី អស់លោកអាចមានសុវត្ថិភាព យ៉ាងហោចណាស់ មានការបន្ធូរបន្ថយដោយកិច្ចសហការរបស់អស់លោក ក៏ប៉ុន្តែអស់លោកនៅតែមានពីរុទ្ធភាពចំពោះរឿងមួយនេះ»។

នាយករដ្ឋមន្រ្តីបានបង្ហាញការសោកស្ដាយចំពោះមន្រ្តីដែលទន្ទ្រានយកដីព្រៃលិចទឹកក្នុងបឹងទន្លេសាបនេះ និងសន្យាថា ដីទាំងនោះត្រូវតែដកយកមកវិញ ដើម្បីអភិរក្សបន្ត ធ្វើជាកន្លែងសម្រាប់ជម្រកត្រីពងតទៅទៀត៕