ព្រលានយន្តហោះអូស្រ្ដាលី។ រូបភាព៖ The West Australian

អាជ្ញាធរសុខាភិបាលអូស្រ្ដាលី បានប្រកាសនៅថ្ងៃអាទិត្យទី២៨វិច្ឆិកានេះថា ពួកគេបានរកឃើញវីរុសបំប្លែងថ្មី អូមីក្រុង(Omicron) ជាលើកដំបូងលើអ្នកដំណើរចំនួន២នាក់ ដែលបានធ្វើដំណើរចេញពីប្រទេសអាហ្វ្រិកខាងត្បូងចូលទៅកាន់ទីក្រុងស៊ីដនី(Sydney)។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសិង្ហបុរីCNA។

អាជ្ញាធរនៅរដ្ឋ ញូវ សៅ វ៉េល (New South Wales) បាននិយាយថា ពួកគេបានធ្វើតេស្ដជាបន្ទាន់ និងបានអះអាងពីវត្តមានវីរុសបំប្លែងថ្មីនេះ លើអ្នកដំណើរទាំងពីរនាក់ ដែលបានចុះចតនៅទីក្រុងស៊ីដនីកាលពីថ្ងៃសៅរ៍ម្សិលមិញ។

អ្នកដំណើរដែលឆ្លងមេរោគថ្មីនេះ គឺចាក់វ៉ាក់សាំងពេញលេញ និងត្រូវបានគេបញ្ជូនទៅកន្លែងសម្រាកព្យាបាលពិសេស រីឯអ្នកធ្វើដំណើរតាមជើងហោះហើរជាមួយគ្នា ដែលធ្វើតេស្ដអវិជ្ជមាន ត្រូវបានគេបញ្ជូនទៅធ្វើចត្តាឡីស័ក។ អាជ្ញាធរអូស្រ្ដាលីក៏បានបញ្ជាក់ថា អ្នកធ្វើដំណើរតាមយន្តហោះប្រហែល២៦០នាក់ និងបម្រើការលើយន្តហោះ ក៏ត្រូវបានណែនាំឱ្យដាក់ខ្លួននៅដាច់ដោយឡែកដែរ។

ក្រៅពីអូស្រ្ដាលី ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី អ៊ីស្រាអែល និងទីក្រុងហុងកុងជាដើម ក៏បានរាយការណ៍រកឃើញវីរុសបំប្លែងថ្មី អូមីក្រុង ជាបន្តបន្ទាប់ដែរ បន្ទាប់ពីវីរុសនេះ ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកវិទ្យាសាស្រ្ដនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងសន្និដ្ឋានបឋមកាលពីថ្ងៃព្រហស្បតិ៍ថា វីរុសបំប្លែងថ្មីនេះ គឺអាចឆ្លងខ្លាំងជាងវីរុសដែលតាទៅទៀត និងដែលធ្វើឱ្យប្រទេសជាច្រើន នាំគ្នាដាក់ចេញវិធានការរឹតបន្តឹងនិងបិទជើងហោះហើរចេញពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសអាហ្វ្រិកមួយចំនួនទៀតជាបណ្ដោះអាសន្ន៕