រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​សម័យ​ប្រជុំ​មួយ​របស់​រដ្ឋសភា​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១។ (AFP/រូប​ផ្តល់​ឱ្យ​ដោយ​រដ្ឋសភា​កម្ពុជា)

ភ្នំពេញ — ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០២២​ដែល​មាន​ប្រមាណ​៨.៥០០​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​អះអាង​ថា​សម្រាប់​ស្តារ​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ១៩​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​និង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ​នេះ។​

សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ត្រូវ​បាន​អនុម័ត​ដោយ​តំណាង​រាស្រ្ត​ទាំង​អស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ការ​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០២២​កើន​ឡើង​ជាង​៨%​បើ​ធៀប​នឹង​ឆ្នាំ​២០២១។​

នៅ​ចំពោះ​មុខ​តំណាងរាស្រ្ត​ក្នុង​វិមាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​ លោក​ អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ថ្លែង​ថា​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២២​នេះ​ធ្វើ​ឡើង​ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​វិបត្តិ​ជំងឺ​កូវីដ១៩​នៅ​ឡើយ​ហើយ​«កំពុង​ដាក់​សម្ពាធ​កាន់​តែ​ធ្ងន់»​មក​លើ​ថវិកា​ជាតិ។​លោក​បន្ថែម​ថា​នៅ​ឆ្នាំ​២០២២​រដ្ឋាភិបាល​មាន​ផែន​ការ​បង្កើត​ការងារ​បន្ថែម​ដល់​ប្រជា​ពលរដ្ឋ​ជា​ពិសេស​សម្រាប់​យុវជន​កម្ពុជា​ហើយ​វា​ជា​ឆ្នាំ​ទី​៤​នៃ​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ចតុកោណ​របស់​រដ្ឋាភិបាល​កម្ពុជា។​

លោក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បន្ថែម​ថា​ថវិកា​ជាតិ​ឆ្នាំ​២០២២​ក៏​ធានា​«ភាព​ជោគ​ជ័យ»​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែ​មិថុនា​ឆ្នាំ​២០២២​និង​«ភាព​ជោគជ័យ»​នៃ​ការ​បំពេញ​កាតព្វកិច្ច​តំបន់​និង​អន្តរជាតិ​ជា​ពិសេស​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។​

លោក​ថ្លែង​ថា៖​«ធានា​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​របៀប​វារៈ​នៃ​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិសេស​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក៏​ដូច​ជា​ការ​បំពេញ​កាតព្វកិច្ច​តំបន់​និង​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន»។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២២​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២​ខែ​តុលា​ឆ្នាំ​២០២១​ឲ្យ​ដឹង​ថា​ការ​ចំណាយ​ថវិកា​ជាតិ​សរុប​ត្រូវ​បាន​គ្រោង​មាន​ចំនួន​៣៤,៧​ទ្រីលាន​ (លានលាន)​ រៀល​ដែល​ស្មើ​ជាង​៨.៥២៩​លាន​ដុល្លារ​អាមេរិក​គឺ​ប្រមាណ​២៨%​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប ​(ផ.ស.ស)​ដែល​មាន​កំណើន​៨,៤%​ធៀប​នឹង​ឆ្នាំ​២០២១​ដែល​មាន​ប្រមាណ​៧.៨០០​លាន​ដុល្លារ​អាមេរិក។​

សេចក្តី​ព្រាង​ច្បាប់​ឲ្យ​ដឹង​ថា​ការ​ចំណាយ​បន្ទុក​បុគ្គលិក​គ្រោង​រក្សា​កម្រិត​ប្រាក់​បៀវត្សរ៍​អប្បបរមា​និង​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ​ស៊ីវិល​និង​កម្លាំង​ប្រដាប់​អាវុធ​ឆ្នាំ​២០២២​ស្មើ​នឹង​កម្រិត​ឆ្នាំ​២០២១​ដដែល​ដើម្បី​ឱ្យ​រដ្ឋាភិបាល​នៅ​មាន​លទ្ធភាព​សន្សំ​ថវិកា​សម្រាប់​បន្ត​ការងារ​អន្តរាគមន៍​ផ្នែក​សុខាភិបាល​និង​សង្គម​ពិសេស​ការ​បង្កើន​កញ្ចប់​ថវិកា​ជួយ​ជន​ក្រីក្រ​(ក្រ១​និង​ក្រ២)​និង​ជន​ងាយ​រងគ្រោះ​ឲ្យ​បាន​ដល់​៩​ខែ​ជា​បន្ត​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២២។​

ទាក់ទង​នឹង​ចំណូល​ថវិកា​ជាតិ​រដ្ឋា​ភិបាល​គ្រោង​ប្រមូល​ឲ្យ​បាន​៣២,៦​ទ្រី​លាន​(លានលាន)​រៀល​ដែល​ស្មើ​ប្រហែល​៨.០៣០​លាន​ដុល្លារ​អាមេរិក​ដែល​មាន​កំណើន​១៧,៧%​បើ​ធៀប​ឆ្នាំ​២០២១​ដែល​មាន​ប្រហែល​៦.៨០០​លាន​ដុល្លារ​អាមេរិក។​នេះ​បើ​តាម​សេចក្តី​ព្រាង​ច្បាប់។​

ក្នុង​ឆ្នាំ​២០២២​កម្ពុជា​រំពឹង​ថា​វិស័យ​ឧស្សាហកម្ម​នឹង​មាន​កំណើន​៧,៧%​បើ​ធៀប​ឆ្នាំ​២០២១​ដែល​មាន​កំណើន​៥,៧%​វិស័យ​សេវាកម្ម​នឹង​មាន​កំណើន​៤,១%​បើ​ធៀប​ឆ្នាំ​២០២១​ដែល​មាន​០,៣%​និង​វិស័យ​កសិកម្ម​នឹង​មាន​កំណើន​១,១%​បើ​ធៀប​ឆ្នាំ​២០២១​ដែល​មាន​១,៤%​ដោយ​សារ​ការ​រំពឹង​ទុក​នៃ​ការ​បន្ត​កំណើន​ល្អ​ប្រសើរ​នៃ​អនុវិស័យ​ដំណាំ​និង​អនុវិស័យ​ចិញ្ចឹម​សត្វ។​ដោយ​ឡែក​អនុ​វិស័យ​នេសាទ​ត្រូវ​បាន​រំពឹង​ថា​មាន​កំណើន​ថម​ថយ​ធៀប​នឹង​ឆ្នាំ​២០២១​ដោយ​សារ​ការ​រំពឹង​ទុក​ការ​ថម​ថយ​ផលិតកម្ម​វារី​វប្បកម្ម​មកពី​ការ​រាំង​ស្ទះ​ក៏​ដូច​ជា​ភាព​លំបាក​ក្នុង​ការ​ចូល​មក​កាន់​ទីផ្សារ​ផ្គត់​ផ្គង់។​

ទន្ទឹម​នេះ​ រដ្ឋាភិបាល​បាន​កំណត់​ទំហំ​នៃ​ការ​ខ្ចី​ប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០២២​ក្នុង​កម្រិត​១.៦០០​លាន ​SDR ​(Special Drawing Rights​ គឺ​រូបិយបណ្ណ​បម្រុង) ​ឬ​ស្មើ​ប្រហែល​២.២០០​លាន​ដុល្លារ​អាមេរិក​គឺ​កើន​លើស​ជាង​១០០​លាន​SDR​ឬ​ស្មើ​ជាង​១៣៨​លាន​ដុល្លារ​អាមេរិក​បើ​ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០២១។​នេះ​បើ​តាម​សេចក្តី​ព្រាង​ច្បាប់។​

កម្ពុជា​ជំពាក់​បំណុល​ប្រទេស​ចិន​រហូត​ដល់​៤៤%​នៃ​បំណុល​សរុប​របស់​ប្រទេស​ទាំង​អស់​ដែល​មាន​ប្រមាណ​៩.២០០​លាន​ដុល្លារ​អាមេរិក​បើ​គិត​ត្រឹម​ដំណាច់​ឆមាស​ទី​មួយ​ឆ្នាំ​២០២១។​ នេះ​បើ​តាម​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ។​

កាលពី​ថ្ងៃ​ទី​២៣​ខែ​វិច្ឆិកា​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​កំពង់ចាម​ដែល​ជា​ជំនួយ​របស់​ចិន​ថា​ចរន្ត​សេដ្ឋកិច្ច​នឹង​វិល​មក​វិញ​ដោយសារ​ការ​បើក​ប្រទេស​ឡើង​វិញ។​លោក​បន្ថែម​ថា​ប្រសិន​បើ​ក្នុង​រយៈ​ពេល​ពីរ​ខែ​មុន​ដាច់​ឆ្នាំ​២០២១​ចរន្ត​សេដ្ឋកិច្ច​ដំណើរ​ការ​ល្អ​ នោះ​កំណើន​សេដ្ឋ​កិច្ច​អាច​លើស​ការ​ព្យាករ​ដែល​មាន​២,៤%​គឺ​ដល់​ប្រមាណ​៣%។​លោក​បន្ថែម​ថា​សម្រាប់​ឆ្នាំ​២០២២​រដ្ឋាភិបាល​បាន​កំណត់​កំណើន​សេដ្ឋកិច្ច​៤,២%​ ប៉ុន្តែ​លោក​មាន​សុទិដ្ឋិ​និយម​ថា​កំណើន​សេដ្ឋ​កិច្ច​អាច​លើស​៥%​សម្រាប់​ឆ្នាំ​២០២២។​

លោក​ថ្លែង​ថា៖ ​«យើង​ដាក់​ថា​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០២១​នេះ​២,៤%​ ប៉ុន្តែ​មាន​អង្គការ​មួយ​មក​វាយ​តម្លៃ​បាន​ទៅ​ដល់​២,៨%​ហើយ​ខ្ញុំ​គិត​ថា​បើ​សិន​ជា​កំណើន​សេដ្ឋកិច្ច​២​ខែ​ចុង​ឆ្នាំ​នេះ​ល្អ​គឺ​កំណើន​របស់​យើង​អាច​ឈាន​ឆ្ពោះ​ទៅ​រក​ក្បែរ​៣%​ឬ​ជុំវិញ​៣%។​ឆ្នាំ​ក្រោយ​យើង​ដាក់​តែ​កំណើន​សេដ្ឋកិច្ច​ត្រឹម​តែ​៤,២%​ទេ​ក៏​ប៉ុន្តែ​ខ្ញុំ​មាន​សង្ឃឹម​ថាកំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​ហក់​ឡើង​លើស​៥%​ដែល​អង្គការ​មួយ​នោះ​បាន​មក​វាយ​តម្លៃ​ថា​បាន​ទៅ​ដល់​៦,៨%​ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ថា​អាច​លើស​៥%​ប៉ុណ្ណឹង​ទៅ​ចុះ!»​

ការ​រៀបចំ​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០២២​នេះ​ក៏​មាន​ការ​លើក​ឡើង​ថា​មិន​ទាន់​មាន​ធាតុ​ចូល​សំខាន់ៗ​ក្នុង​ដំណើរការ​នៅ​ឡើយ​ទេ​ដោយ​រដ្ឋាភិបាល​គួរ​តែ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ចូលរួម​ដើម្បី​ដឹង​ពី​តម្រូវការ​ពិត​ប្រាកដ​របស់​ប្រជា​ពលរដ្ឋ។​

រូបឯកសារ៖ ស្ត្រីម្នាក់កំពុងពិនិត្យសីតុណ្ហភាពនៅកន្លែងត្រួតពិនិត្យមួយកន្លែង មុននឹងចូលផ្សារកណ្តាលនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១។

លោក ​ប៉ិច ពិសី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែង​ថា​គម្រោង​ក្នុង​ការ​ចំណាយ​ថវិកា​របស់​ជាតិ​ឆ្នាំ​២០២២​មិន​មាន​បញ្ហា​អ្វី​ធំ​ដុំ​នោះ​ទេ​ដោយសារ​តែ​ជា​តម្រូវ​ការ​អាទិភាព​ប៉ុន្តែ​លោក​ថា​ការ​រៀបចំ​ថវិកា​ជាតិ​នេះ​គួរ​តែ​មាន​ធាតុ​ចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ដឹង​ពី​តម្រូវ​ការ​ពិត​ប្រាកដ​របស់​ប្រជា​ពល​រដ្ឋ។​ លោក​បន្ថែម​ថា​ម្យ៉ាង​ទៀត​ត្រូវ​តែ​មាន​ការ​សួរ​ដេញ​ដោល​អំពី​គម្រោង​ថវិកា​ឲ្យ​បាន​ច្បាស់​និង​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​និង​តាម​ដាន​នូវ​ដំណើរ​ការ​ទាំង​អស់​ដើម្បី​ធានា​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ។​

លោក​ថ្លែង​ថា៖​ «យើង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​ដំណើរ​ការ​នៃ​ការ​រៀបចំ​ថវិកា​ហ្នឹង​គួរ​តែ​មាន​ការ​ជជែក​ពិភាក្សា​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​តាំង​ពី​ថ្នាក់​ក្រោម​ជាតិ​មក​ហើយ​ក្នុង​នោះ​គួរ​មាន​ការ​ដាក់​បញ្ចូល​ដៃ​គូ​សំខាន់ៗ​ដែល​ក្នុង​នោះ​រួម​មាន​អង្គការ​សង្គម​ស៊ីវិល​មាន​សារព័ត៌មាន​ហើយ​អាច​មាន​វិស័យ​ឯក​ជន​ទៀត​ក្នុង​ការ​ចូល​រួម​ផ្តល់​ជា​ធាតុ​ចូល​ហើយ​សិក្សា​អំពី​តម្រូវ​ការ​ជាក់​ស្តែង​តម្រូវ​ការ​អាទិភាព​ពិត​ប្រាកដ»។​

លោក​បន្ត​ថា៖ ​«អ៊ីចឹង​សភា​មាន​អំណាច​ណាស់​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​ថវិកា​ហ្នឹង​ ហើយ​ធានា​ការ​រៀបចំ​ថវិកា​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​រាស្រ្ត។​ ហើយ​ពួក​គាត់​ជា​តំណាង​រាស្ត្រ​ អ៊ីចឹង​គាត់​ត្រូវ​តែ​ជា​តំណាង​ពលរដ្ឋ​ក្នុង​ការ​ត្រួត​ពិនិត្យ​តាម​ដាន​សួរ​ដេញ​ដោល​ទាក់​ទង​ការ​រៀបចំ​ថវិកា​ប្រចាំ​ឆ្នាំ​ហ្នឹង។​ហើយ​មួយ​ទៀត​នៅ​ពេល​អនុវត្ត​ថវិកា​ក៏​ត្រូវ​ត្រួត​ពិនិត្យ​ដែរ​ថា​តើ​ថវិកា​ហ្នឹង​ចាយ​ត្រូវ​តាម​គោលដៅ​ឬ​អត់?​មាន​ការ​បាត់​បង់អត់​តាម​រយៈ​អំពើ​ពុក​រលួយ​ឬ​ទេ?»

លោក ​ឈាង វុន​ ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច​ហិរញ្ញ​វត្ថុ​ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ការ​រៀបចំ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០២២​មិន​សំខាន់​ថា​មាន​គណ​បក្ស​ប្រឆាំង​ចូល​រួម​ឬ​អត់​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​អ្វី​ដែល​សំខាន់​គឺ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។​

លោក​ថ្លែង​ថា៖ ​«មាន​បក្ស​[ប្រឆាំង]​ចូល​រួម​ឬ​ក៏​អត់​[គឺ]​វា​សំខាន់​ទៅ​លើ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ដែល​គេ​បោះឆ្នោត។ ​បើ​ប្រជា​ពលរដ្ឋ​គេ​ជ្រើស​រើស​អ្នក​តំណាងរាស្រ្ត​ប៉ុណ្ណឹង​គឺ​តំណាង​រាស្ត្រ​ប៉ុណ្ណឹង​ហើយ​ដែល​ត្រូវ​ធ្វើ​ការ»។​

លោក ​ឈាង វុន ​ឲ្យដឹ​ង​ថា​ថវិកា​ដែល​គ្រោង​ចំណាយ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ដោយ​សារ​តែ​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ច្រើន​បូក​រួម​ការ​ជំរុញ​សេដ្ឋ​កិច្ច​និង​ត្រៀម​ខ្លួន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ជាដើម។​

លោក​បន្ថែម​ថា៖ ​«មួយ​ទៀត​ដែល​សំខាន់​មែនទែន​នោះ​ក្រោយ​ពី​កូវីដ១៩​បាន​ធូរស្រាល​ទៅ​នេះ​ យើង​នឹង​ពង្រឹង​វិស័យ​ទេសចរណ៍​អ៊ីចឹង​ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​មួយ​ចំនួន​ធំ​យើង​ត្រូវ​ស្តារ​ឡើង​វិញ​ដែរ។​អ៊ីចឹង​ហើយ​យើង​មាន​ការងារ​ធ្វើ​ច្រើន​ណាស់។​បើ​យើង​ប្រៀប​ធៀប​ជាមួយ​ហ្នឹង​ឆ្នាំ​នេះ​និង​ឆ្នាំ​មុន​សភាពការណ៍​សន្តិសុខ​ប្រទេស​ជាតិ​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ផ្លូវ​ត្រូវ។​ អ៊ីចឹង​ហើយ​យើង​ត្រូវ​ត្រៀម​ខ្លួន​បាន​ន័យ​ថា​យើង​ត្រៀម​ថវិកា​សម្រាប់​ចំណាយ​ដើម្បី​ទាញ​ផល​ប្រយោជន៍​ឲ្យ​មាន​ចំណូល​ខ្ពស់​សម្រាប់​ប្រជា​ពលរដ្ឋ​យើង»។​

លោក ​វន់ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA)​មើល​ឃើញ​ថា​ការ​ជួយ​របស់​រដ្ឋាភិបាល​លើ​អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ​ទេ​ដោយ​សារ​តែ​មាន​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​ប៉ះ​ពាល់​ពិត​ប្រាកដ​មិន​ទាន់​ទទួល​សាច់​ប្រាក់​ពី​រដ្ឋាភិបាល​ខណៈ​ពលរដ្ឋ​ទាំង​នោះ​ភាគ​ច្រើន​ផ្លាស់​ទី​ពី​ជន​បទ​មក​ប្រកប​របរ​រក​ស៊ី​ក្រៅ​ប្រព័ន្ធ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​មិន​មាន​ទីលំនៅ។​

លោក ​វន់ ពៅ​ ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ឱ្យ​ប្រជា​ពល​រដ្ឋ​ជា​ពិសេស​អ្នក​ប្រកប​របរ​រក​ស៊ី​ក្រៅ​ប្រព័ន្ធ​ដែល​ជា​អ្នក​រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ​ច្រើន​ជាង​គេទទួល​បាន​បណ្ណ​សមធម៌​សង្គម​កិច្ច​និង​បណ្ណ​សមធម៌​សុខាភិបាល ដើម្បី​ជា​ការ​ជួយ​សម្រួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច​ដែល​ពួក​គេ​ទទួល​រង​ផល​ប៉ះ​ពាល់​ផ្ទាល់​ពី​ជំងឺ​កូវីដ១៩។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ថា​រដ្ឋ​ត្រូវ​តែ​រៀបចំ​ការ​ធ្វើ​បណ្ណ​សមធម៌​សុខាភិបាល​ឬ​ក៏បណ្ណ​ក្រីក្រ​ជូន​ទៅ​ដល់​កម្មករ​ជា​ពិសេស​[អ្នក]​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​អស់​តាម​រយៈ​យើង​ជា​អង្គការ​វិជ្ជាជីវៈ​សមាគម​ដែល​ធ្វើការ​ជាមួយ​អ្នក​ក្រ​ពិត​ប្រាកដ​ដើម្បី​ឲ្យ​គាត់​បាន​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល។​កាល​ណា​គាត់​មាន​បណ្ណ​ហ្នឹង​រដ្ឋ​ងាយ​ស្រួល​ក្នុង​ការ​ផ្ទេរ​សាច់​ប្រាក់​ជូន​អ្នក​ធ្វើការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ជា​វិស័យ​មួយ​ដែល​មាន​អ្នក​រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ​ច្រើន​ជាង​គេ»។​

គួរ​បញ្ជាក់​ថា​ក្នុង​ពេល​ប្រទេស​កម្ពុជា​រង​វិបត្តិ​ជំងឺ​កូវីដ១៩​បន្ទាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​សា​ជា​ថ្មី​ក្នុង​ប្រាក់​ចំនួន​១០.៩៥១​រៀល​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយ​ថ្ងៃ​ដែល​នាំ​ឲ្យ​អត្រា​ភាព​ក្រី​ក្រ​បាន​កើន​ឡើង​ដល់​ប្រមាណ​១៨%។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ផែន​ការ​ចុះ​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២១៕​