នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Naftali Bennett និងអ្នកដំណើរនៅព្រលានយន្តហោះ Ben Gurion។ រូបភាព៖Ynet New Agency។

កាលពីថ្ងៃសៅរ៌ម្សិលមិញ ប្រទេសអ៊ីស្រាអែលបានប្រកាសថា នឹងដាក់បម្រាមការធ្វើដំណើរលើរាល់អ្នកដំណើរជនបរទេសទាំងអស់ ចូលក្នុងប្រទេសខ្លួន និងបានធ្វើឱ្យអ៊ីស្រាអែល ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបិទព្រំដែនទាំងស្រុង ដើម្បីឆ្លើយតបវីរុសបំប្លែងថ្មីដែលអាចឆ្លងខ្លាំងបំផុត។ ប្រទេសនេះបានប្រកាសថា ខ្លួននឹងប្រើបច្ចេកវិទ្យាតាមដានតាមទូរសព្ទប្រឆាំងភេរវកម្ម ដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតវីរុសបំប្លែងថ្មីនេះ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Naftalii Bennett បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការដាក់បម្រាមនេះ នឹងមានរយៈពេល១៤ថ្ងៃ ដើម្បីរង់ចាំការទទួលបានព័ត៌មានបន្ថែមទៀត ជុំវិញប្រសិទ្ធភាពនៃវ៉ាក់សាំង តើអាចប្រឆាំងនឹងវីរុសអូមីក្រុងនេះដែរឬទេ។ វីរុសបំប្លែងថ្មី អូមីក្រុង ដែលចាត់ទុកថា អាចឆ្លងរាតត្បាតខ្លាំងជាងវីរុសបំប្លែងដែលតា គឺត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងចុងសប្ដាហ៍នេះ និងត្រូវអង្គការសុខភាពពិភពលោកចាត់ថ្នាក់ថា ជាវីរុសបំប្លែងគួរឱ្យព្រួយបារម្ភ។

ជនជាតិអ៊ីស្រាអែល ដែលធ្វើដំណើរចូលប្រទេសវិញ រួមទាំងអ្នកដែលចាក់វ៉ាក់សាំង គឺតម្រូវឱ្យធ្វើចត្តាឡីស័ក។ ថ្វីត្បិតការដាក់បម្រាមនេះ នឹងចូលជាធរមាននៅពាក់កណ្ដាលយប់រវាងថ្ងៃអាទិត្យនិងថ្ងៃចន្ទនេះ ប៉ុន្តែបម្រាមលើការធ្វើដំណើរចូលអ៊ីស្រាអែល ពីសំណាក់ជនបរទេសមកពីបណ្ដាប្រទេសអាហ្វ្រិកភាគច្រើន ត្រូវបានដាក់ឱ្យអនុវត្តតាំងពីថ្ងៃសុក្រមកម៉្លេះ។

យោងតាមក្រសួងសុខាភិបាលអ៊ីស្រាល ក្នុងចំណោមប្រជាជន៩លាន៤សែននាក់ គឺមានប្រហែល៥៧%បានចាក់វ៉ាក់សាំងបានពេញលេញ។ ប្រទេសនេះបានរាយការណ៍ករណីឆ្លងកូវីដសរុបកើនដល់១លាន៣សែននាក់ ក្នុងនោះស្លាប់ជាង៨ពាន់នាក់៕

ប្រភព៖CNA