
មនុស្សចំនួនពីរនាក់នៅក្នុងប្រទេសអង់គ្លេស ត្រូវបានគេរកឃើញឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) នេះបើតាមការប្រកាសពីរដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២៧វិច្ឆិកានេះ។
លោក Sajid Javid រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសបានប្រកាសថា ទីភ្នាក់សន្ដិសុខសុខភាពអង់គ្លេស បានរកឃើញករណីឆ្លងទាំងពីរនេះ នៅទីក្រុង Chelmsford និងទីក្រុង ណូតទីងហាំ (Nottingham) ស្ថិតនៅភាគខាងលិចចក្រភពអង់គ្លេស។ លោកបន្តថា អ្នកឆ្លងវីរុសថ្មីទាំងពីរនាក់នោះ ត្រូវបានដាក់ដោយឡែកដោយខ្លួនឯង ជាមួយក្រុមគ្រួសារ ខណៈការធ្វើតេស្ដ និងការស្វែងរកអ្នកពាក់ព័ន្ធផ្សេង កំពុងតែធ្វើឡើង។
គិតមកដល់ពេលនេះ វីរុសបំប្លែងថ្មីដែលទើបរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ក៏ត្រូវបានគេរកឃើញនៅក្នុងប្រទេសបុតស្វាណា ប៊ែលហ្ស៊ិក ទីក្រុងហុងកុង និងប្រទេសអ៊ីស្រាអែល។
ប្រទេសជុំវិញពិភពលោក កំពុងនាំគ្នាដាក់បំរាមហាមឃាត់ការធ្វើដំណើរ និងការរឹតបន្តឹងការធ្វើដំណើរពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសអាហ្វ្រិកមួយចំនួនទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលរបស់វីរុសបំប្លែងថ្មីអូមីក្រុងនេះ។
កាលពីថ្ងៃសុក្រម្សិលមិញ ចក្រភពអង់គ្លេសបានដាក់ប្រទេសអាហ្រ្វិកខាងត្បូង ណាមីប៊ី ហ្ស៊ីមបាវ៉េ បូតស្វាណា ឡេសូតូ និងអេវ៉ាទីនី ក្នុងបញ្ជីនៃការរឹតបន្តឹងវិធានការធ្វើដំណើរ គឺមានន័យថា រាល់អ្នកដំណើរមកពីប្រទេសទាំងនេះ ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារចំនួន១០ថ្ងៃ។
នៅក្នុងសេចក្តីប្រកាសថ្មីថ្ងៃសៅរ៍នេះ អង់គ្លេសត្រៀមដាក់ប្រទេសមួយចំនួនទៀត ដូចជា អង់ហ្គោឡា ម៉ូសំប៊ិក ម៉ាឡាវី និងសំប៊ី នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីនោះ៕
- ចិនលុបចោលកិច្ចសន្យាជាមួយកោះតៃវ៉ាន់កាលពីឆ្នាំ១៩៩៣និងឆ្នាំ២០០០ - នៅថ្ងៃទី 12/08/2022
- កម្ពុជាត្រូវការជាង៤០លានដុល្លារ ដើម្បីអភិរក្សសត្វដំរី ក្នុងរយៈពេល១០ឆ្នាំ - នៅថ្ងៃទី 12/08/2022
- ប្រមុខUNព្រមានពីគ្រោះមហន្តរាយ ដោយសារការប្រយុទ្ធគ្នានៅជុំវិញរោងចក្រនុយក្លេអ៊ែរ - នៅថ្ងៃទី 12/08/2022