សង្គម​ស៊ីវិល​ទន្ទឹង​រង់ចាំ​លទ្ធផល​ដំណោះស្រាយ​ពី​សំណាក់​រដ្ឋាភិបាល ជុំវិញ​ក្ដី​កង្វល់​របស់​អ្នកជំនាញ​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ ពី​បញ្ហា​សិទ្ធិមនុស្ស​ករណី​រុះរើ​ផ្ទះ​បណ្ដែត​ទឹក​​របស់​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម​រាប់​រយ​គ្រួសារ ដែល​រស់​នៅ​តាម​ដង​ទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ចំណែក អាជ្ញាធរ​នៅ​មិន​ទាន់​បង្ហាញ​លទ្ធផល​ដោះស្រាយ​ជាក់លាក់​លើ​វិធានការ​នេះ​នៅ​ឡើយ។

សេចក្ដីថ្លែងការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៦ វិច្ឆិកា បាន​ក្រើន​រំឭក​សាជាថ្មី​ដល់​ដល់​រដ្ឋាភិបាល ជុំវិញ​ក្ដី​កង្វល់​ពី​បញ្ហា​សិទ្ធិមនុស្ស ករណី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដាក់​ចេញ​វិធានការ​បណ្ដេញ​ពលរដ្ឋ​រស់​តាម​ដាន​ដង​ទន្លេ​នា​ពេល​កន្លង​ទៅ។

សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ក៏​នៅ​ទន្ទឹង​រង់ចាំ​មើល​វិធានការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​ផង​ដែរ។ អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក សឹង សែនករុណា ថ្លែង​ថា ការ​ចេញ​សេចក្ដីថ្លែងការណ៍​ព្រួយ​បារម្ភ​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ គ្រប់គ្រាន់​ហើយៗ សង្គម​ស៊ីវិល​ក៏​នៅ​រង់ចាំ​មើល​វិធានការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​ដូចគ្នា៖ «យើង (សង្គម​ស៊ីវិល) ក៏​មិន​មាន​យោបល់​អ្វី​ក្រៅ​ពី​ហ្នឹង​ដែរ។ ក្រៅ​ពី​រង់ចាំ​មើល​ដំណោះស្រាយ​អី​នឹង​ថា​តើ UN លើកឡើង​អ៊ីចឹង ថា​តើ​រដ្ឋាភិបាល​លោក​នឹង​មាន​អ្វី​អាច​ឆ្លើយ​តប នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយសារ​បញ្ហា​កើត​មាន ដោយ​ការ​បណ្ដេញ​ចេញ​ពី​ពេល​កន្លង​ទៅ។ យើង​កំពុង​រង់ចាំ​មើល​ដូចគ្នា»។

សេចក្ដីថ្លែងការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដដែល​បញ្ជាក់​ថា ក្ដី​បារម្ភ​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នក​ជំនាញ​ឯករាជ្យ ៥​រូប​នៃ​អង្គការសហប្រជាជាតិ ក្នុង​នោះ​មាន​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn)ផង។ ប្រភព​នេះ​បន្ត​ថា កាលពី ៦០​ថ្ងៃ​កន្លង​ទៅ អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល នៅក្នុង​លិខិត​មួយ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ពី​ម្សិលមិញ សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ព័ត៌មាន​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​អំពី​ការ​បញ្ជា​ឱ្យ​រុះរើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ បាន​រាយការណ៍​ថា បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៧០០​គ្រួសារ សំរាប់​នៅក្នុង​រាជធានី​ភ្នំពេញ និង​បញ្ជា​ពី​អាជ្ញាធរ​ខេត្តកណ្តាល​ឱ្យ​រុះរើ​ផ្ទះ​បណ្តែត​ទឹក និង​កសិដ្ឋាន​ចិញ្ចឹម​ត្រី ដែល​ប៉ះពាល់​ដល់​គ្រួសារ​មួយចំនួន​ដោយ​ពុំ​មាន​បញ្ជាក់​អំពី​តួ​លេខ ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ដោយ​គ្មាន​សំណង។

សារព័ត៌មាន​ខ្មែរ​ណាស់ (Khmernas) មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ទាក់ទង​​បញ្ហា​នេះ ពី​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ទេ នៅ​ថ្ងៃ​ទី២៧ វិច្ឆិកា។ ចំណែក​អ្នកនាំពាក្យ​រាជធានី​ភ្នំពេញ​លោក ម៉េត មាសភក្ដី ថា លោក​មិន​ទាន់​មាន​យោបល់​ពី​បញ្ហា​នេះ​ទេ ហើយ​លោក​ថា លោក​គ្មាន​ភារកិច្ច​ឆ្លើយ​តប​របាយការណ៍​នេះ​ដែរ។ ទោះ​យ៉ាងណា សារព័ត៌មាន​ខ្មែរ​ណាស់​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី​លទ្ធផល​នៃ​ដំណោះស្រាយ​នេះ តែ​លោក​មិន​ឆ្លើយ​តប។

សាលា​រាជធានី​ភ្នំពេញ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២១ បាន​ដាក់​ឱសានវាទ​ឱ្យ​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រើ​ផ្ទះ​របស់​ខ្លួន​ចេញ ក្រោម​ហេតុផល​ថា ពលរដ្ឋ​ទាំង​​នោះ បាន​លួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ​នៅ​តាម​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ បាន​ប្រែ​ក្លាយ​ជា​កន្លែង​ស្នាក់នៅ​ដោយ​ខុសច្បាប់​យ៉ាង​អាណាធិបតេយ្យ ដែល​បង្ក​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូហ្ស៊ី មាន​ចរន្ត​ទឹកហូរ គោក​រាក់ ពិសេស​ការ​ប្រើប្រាស់​ចំណី​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការ​បន្ទោបង់​ពាសវាលពាសកាល​ក្នុង​ទន្លេ កំពុង​ធ្វើ​ឲ្យ​ខូច​ដល់​សោភណភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទឹក​ទន្លេ។

ក្រោម​ចំណាត់ការ​​នោះ​ភ្លាមៗ​ពលរដ្ឋ​ខ្លះ​ក៏​បាន​រុះរើ ចំណែក​ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​បាន​ចល័ត​តាម​បណ្ដោយ​ទន្លេ ទៅ​កាន់​ព្រំដែន​វៀតណាម​នៃ​ចក្រ​ក្អម​សំណ ហើយ​ខ្លះ​ស្នើ​សុំ​ពន្យារ​រហូត​ដល់ ៦​ខែ ទម្រាំ​ខ្លួន​ប្រមូល​ផល​ត្រី​ជាដើម។ ចំណាត់ការ​នេះ ក៏​ត្រូវ​បាន​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​រិរិះ​គន់​ចំពោះ​ភាព​តក់​ក្រហល់។ ចំណែក​សមាគម​វៀតណាម នៅ​កម្ពុជា​វិញ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ហាម​មិន​ឱ្យ​ជនជាតិ​វៀតណាម វិលត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ទេ ក្រោម​ហេតុផល​ថា វៀតណាម​បាន​បិទ​ខ្ទប់​ច្រក​ទ្វារ​ព្រំដែន មិន​អនុញ្ញាត​ឱ្យ​មនុស្ស​ចេញចូល​ដើម្បី​ទប់ស្កាត់​ជំងឺ Covid-19។

ក្រៅ​ពី​ក្ដី​បារម្ភ អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​ក៏​បាន​សាកសួរ ជាពិសេស​អំពី​មូលដ្ឋាន​គតិយុត្តិ​នៃ​ការ​បញ្ជា​អោយ​រុះរើ​នេះ និង​អំពី​ការ​គាំទ្រ និង​ជំនួយ​អ្វីខ្លះ​ដែល​ត្រូវ​បាន​ផ្តល់​ជូន​ដល់​គ្រួសារ ដែល​ភាគច្រើន​ត្រូវ​បាន​ទុកចោល​ដោយ​គ្មាន​ផ្ទះសម្បែង​បន្ទាប់ពី​មានការ​វាយកម្ទេច និង​រុះរើ។ អ្នកជំនាញ​ដដែល​នេះ បន្ត​​លើកឡើង​ជាពិសេស​នូវ​ការ​ព្រួយបារម្ភ​អំពី​កង្វះ​នៃ​ការពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ ការ​ជូន​ដំណឹង​សមស្រប ការ​ផ្តល់​នូវ​ជំរើស​នៃ​ការ​ស្នាក់នៅ ឬ​ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធភាព ដែល​សំដៅ​ទៅលើ​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​រាជរដ្ឋាភិបាល​ដើម្បី​ការពារ ជនជាតិ​ភាគតិច និង​សិទ្ធិ​របស់​មនុស្ស​គ្រប់រូប​ក្នុង ការ​ទទួល​បាន​លំនៅឋាន​សមរម្យ អាហារ​គ្រប់គ្រាន់ និង​សុខភាព៕