កសិករកំពុងប្រមូលផលស្រូវនៅខេត្តស្ទឹងត្រែង។ រូបភាពដកស្រង់ចេញពីហ្វេសប៊ុកមន្ទីរកសិកម្មខេត្តស្ទឹងត្រែង។

កសិករក្នុងខេត្តស្វាយរៀង នាំគ្នាត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះ ខណៈជីកំពុងឡើងថ្លៃ។ ពួកគេ អស់សង្ឃឹមក្នុងការធ្វើស្រែបន្តទៀត បើសិនជាគ្មានការអន្តរាគមន៍ជួយដោះស្រាយបញ្ហាតម្លៃស្រូវនេះ។

ពលរដ្ឋរស់នៅក្នុងភូមិជៀសឬស្សី ឃុំកំពង់ចំលង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លោកស្រី ទេព សុផល បានបញ្ជាក់ថា ពលរដ្ឋក្នុងភូមិ បាននាំគ្នាសម្រុកនាំស្រូវយកទៅលក់ឱ្យឈ្មួញវៀតណាម ក្រោយប្រមូលហើយ ប៉ុន្តែតម្លៃស្រូវមិនស្រូវបានថ្លៃនោះទេ។ កសិកររូបនេះ បានបញ្ជាក់ថា តម្លៃស្រូវឆ្នាំនេះ បានចំនួន៨២០រៀលក្នុងមួយគីឡូ លើសតម្លៃស្រូវឆ្នាំមុន១០០រៀលដែរ ប៉ុន្តែវាមិនផ្តល់ផលចំណេញច្រើន ដល់គ្រួសារលោកស្រីឡើយ ព្រោះថ្លៃដើមចំណាយខ្ពស់។

លោកស្រី ទេព សុផល បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ៖«អូយ!មហាសែនខាតលិចលង់ហើយ ព្រោះជីមួយបាវជិត២០ម៉ឺនហើយហ្នឹង។ ហ្នឹងខ្ញុំអ្នកលក់ជី លក់ថ្នាំផ្ទាល់តែម្ដង តែជីអ៊ុយរ៉េមួយបាវជិត២០ម៉ឺនហើយតែហ្មង បើគិតជាលុយខ្មែរ។ (តម្លៃស្រូវ)មិនសមទេ ខុសគ្នាឆ្ងាយណាស់ ព្រោះថាខាតទាំងកម្លាំងហើយ ខាតលុយទៀត»។

បើតាមលោកស្រី សុផល ឆ្នាំនេះលោកស្រីអាចផលិតស្រូវបានតែជាង២តោនប៉ុណ្ណោះ ក្នុងមួយហិកតា បើធៀបឆ្នាំមុនដែលអាចផលិតបានជាង៤តោនក្នុងមួយហិកតាដូចគ្នា។ មូលហេតុដែលឆ្នាំនេះលោកស្រី សុផល ផលិតស្រូវបានតិចជាងឆ្នាំមុន ដោយសារតែជីឡើងថ្លៃ ហើយប្រេងក៏ឡើងថ្លៃជាង១០ម៉ឺនដែរ ក្នុងមួយប៊ីដុង ចំណុះ៣០លីត្រ។ 

លោកស្រីបន្ថែមថា៖«លក់ស្រូវអស់ហើយ ចេញលុយផ្ទះសង់(ថ្លៃដើម)គេទៀត បានរួច ព្រោះបើជ្រុលធ្វើហើយ ធ្វើផ្សងព្រេងទៅក្រែងលោគេឡើងថ្លៃវិញ ដល់ពេលវាមិនឡើង វាថោកហ្នឹង លក់អស់ហើយសល់(លុយ)តិចតួចហ្នឹង មានតែលក់របស់របរផ្ទះសង់លុយគេវិញបានរួច»។

លោកស្រី កែវ ឡូត ជាអ្នកភូមិរស់នៅ ជាមួយលោកស្រី សុផល ដែរ បានបញ្ជាក់ថា ស្រូវរបស់ខ្លួន នៅមានសំណើមទឹក ហាលមិនទាន់ស្ងួតល្អ ត្រូវបានឈ្មួញទម្លាក់ថ្លៃទាប ជាងអ្នកដទៃ ដែលមានស្រូវស្ងួត។ លោកស្រី កែវ ឡូត ប្រមូលផលស្រូវបានជាង៣តោន ក្នុងមួយហិកតានៅឆ្នាំនេះ ប៉ុន្តែលោកស្រី មិនទាន់អាចតម្លៃថា អាចំណេញ ឬខាតនោះទេ ដោយអាស្រ័យលើការចរចាតម្លៃជាមួយឈ្មួញសិន។ ប៉ុន្តែលោកស្រី យល់ថា ស្រូវឆ្នាំនេះ ប្រហែលជាប្រឈមមុខខាតជាងចំណេញ។

កសិកររូបនេះ បានបញ្ជាក់ថា៖«ឆ្នាំមុនគ្រាន់បើដែរ ទើបតែមករយៈពេលកូវីដ-១៩ (ផ្ទុះខ្លាំង) ទើបស្រូវពិបាកលក់ ជួញកាលដឹកស្រូវមកពីរ បីថ្ងៃ បានមានឈ្មួញមក ទម្រាំបានលក់ហ្នឹង យ៉ាប់ណាស់ដែរ ។ យ៉ាប់ហ្នឹង ដូចជាឈ្មួញមកមើលស្រូវយើង បើបានស្រូវស្ងួតល្អអ៊ីចឹងទៅ យើងលក់រហ័សហើយ បើស្រូវយើងសើមតិចតួចអ៊ីចឹងទៅ គេបញ្ចុះថោកតម្លៃទៀត»។

កសិករទាំងនេះ ស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ លើបញ្ហាតម្លៃស្រូវ និងជីនេះ ដើម្បីជួយសម្រាលបន្ទុក និងដោះស្រាយជីវភាពពួកគេ។ ពួកគេ អះអាងថា បើរដ្ឋាភិបាល មិនជួយដោះស្រាយបញ្ហាតម្លៃស្រូវទេ ពួកគេអាចនឹងបោះបង់ចោលការធ្វើស្រែហើយ ព្រោះប្រឈមមុខខាតរាល់ឆ្នាំ។

ទាក់ទងបញ្ហានេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ករណីដោះស្រាយបញ្ហាស្រូវនេះ គឺជាភារកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ជាងក្រសួងកសិកម្ម។ លោក វេង សាខុន បានបន្ថែមថា ក្រសួងគ្មានកញ្ចប់ថវិកា ក្នុងការជួយប្រមូលទិញស្រូវកសិករឡើយ។ 

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា៖«គួរតែបង្វែសំនួរហ្នឹងទៅសួរក្រសួងពាណិជ្ជកម្មវិញ ព្រោះក្រសួងពាណិជ្ជកម្ម ធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពាក់ព័ន្ធរឿងឃ្លាំងស្រូវ និងពាក់ព័ន្ធរឿងប្រមូលទិញស្រូវអីណា ។ ក្រសួងកសិកម្ម វាអត់មានថវិកា ឬគម្រោងការណ៍អីទេ។ គួរតែបង្វែរសំនួរទៅសួរក្រសួងពាណិជ្ជកម្ម»។

ខ្មែរណាស់ បានទាក់ទងទៅលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម តែមិនមានអ្នកទទួលទូរសព្ទ ខណៈលោក ប៉ែន សុវិជ្ជា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមួយរូបទៀត អះអាងថា កំពុងជាប់រវល់។

កន្លងមកអ្នកជំនាញកសិកម្ម ធ្លាប់ជំរុញឱ្យរដ្ឋាភិបាល រៀបចំកន្លែងស្ដុក និងជួយទិញផលស្រូវកសិករទុក នៅពេលដែលឈ្មួញ ជាពិសេសឈ្មួញវៀតណាម ទម្លាក់តម្លៃទីផ្សារស្រូវ ដើម្បីកុំឱ្យប្រជាកសិកររងគ្រោះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ តម្លៃស្រូវឡើងដល់១០០០រៀល ទៅ១២០០រៀល ក្នុងមួយគីឡូក្រាម ខណៈជីកសិកម្ម ក៏មានតម្លៃសមល្មម ដែលអាចផ្ដល់ផលចំណេញដល់កសិករដែរ។ ប៉ុន្តែចាប់តាំងពីផ្ទុះកូវីដ-១៩ ពីដើមឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ តម្លៃស្រូវមានការធ្លាក់ចុះ ដែលធ្វើឱ្យកសិករប្រឈមមុខខាត៕