
ការរកឃើញវីរុសបំប្លែងថ្មីនៅប្រទេសអាហ្វ្រិកខាងត្បូង បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោកកាលពីថ្ងៃសុក្រម្សិលមិញ ខណៈប្រទេសជាច្រើន បានប្រញាប់ប្រញាល់ព្យួរជើងហោះហើរពីប្រទេសអាហ្វ្រិកខាងត្បូង និងបានធ្វើឱ្យទីផ្សារភាគហ៊ុននៅតំបន់អាត្លង់ទិកធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាង១ឆ្នាំមួយនេះ។
យោងតាមមន្រ្តីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងរឹតបន្តឹងការធ្វើដំណើរពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាងរបស់ប្រទេសមួយនេះ ជាទីដែលវីរុសបំប្លែងថ្មីត្រូវបានគេរកឃើញជាលើកដំបូង ដែលវិធានការរឹតបន្តឹងនោះនឹងចាប់តាំងពីថ្ងៃចន្ទសប្ដាហ៍ក្រោយនេះទៅ។ ចំណែកប្រទេសកាណាដាក៏បានប្រកាសបិទព្រំដែនតែម្ដងជាមួយបណ្ដាប្រទេសនៅតំបន់អាហ្វ្រិកទាំងនោះ គឺក្រោយពីចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងប្រទេសដទៃទៀត បានប្រកាសដាក់បំរាមជើងហោះហើរស្រដៀងគ្នានេះ។
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ខ្លួនបានកំណត់ប្រភេទវីរុសបំប្លែងថ្មី B11529 ដែលទើបរកឃើញនៅតំបន់អាហ្វ្រិកនេះ គឺមានឈ្មោះតាមភាសាក្រិកថា omicron និងអះអាងជា វាជាប្រភេទវីរុសស្ថិតក្នុងការព្រួយបារម្ភ។ គិតមកដល់ពេលនេះ មានវីរុសបំប្លែងចំនួន៤ហើយ ដែលត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកជាវីរុសគួរឱ្យព្រួយបារម្ភ។
ទោះជាយ៉ាងណា អ្នកវិទ្យាសាស្រ្ដអាចចំណាយពេលរាប់សប្តាហ៍ទៀត ដើម្បីយល់ឱ្យបានច្បាស់បំផុត អំពីការប្រែប្រួលនៃវីរុសបំប្លែងថ្មីនេះ ខណៈអាជ្ញាធរសុខាភិបាលកំពុងស្វែងរកការកំណត់ថា តើវីរុសបំប្លែងomicron អាចឆ្លងខ្លាំងជាវីរុសបំប្លែងដទៃទៀត ហើយអាចធ្វើឱ្យវ៉ាក់សាំងគ្មានប្រសិទ្ធភាពប្រឆាំងនឹងវាឬយ៉ាងណា។
រដ្ឋមន្ត្រីសុខាភិបាលប្រទេសអាហ្រ្វិកខាងត្បូងលោក Joe Phaahla បានហៅការរឹតបន្តឹងការធ្វើដំណើរពីប្រទេសមួយចំនួនថា មិនសមហេតុផល ទោះបីលោកបាននិយាយថា ការសិក្សាបឋមបានសន្និដ្ឋានថា វីរុសបំប្លែងថ្មីនេះអាចឆ្លងកាន់តែខ្លាំងក្ដី។ សាស្ត្រាចារ្យ Lawrence Young គឺជាអ្នកជំនាញខាងមេរោគនៅសាកលវិទ្យាល័យ Warwick របស់ចក្រភពអង់គ្លេសបាននិយាយថា វីរុសបំប្លែងថ្មីនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនេះ គឺគួរឱ្យព្រួយបារម្ភណាស់៕
ប្រភព៖ CNA
- ចិនលុបចោលកិច្ចសន្យាជាមួយកោះតៃវ៉ាន់កាលពីឆ្នាំ១៩៩៣និងឆ្នាំ២០០០ - នៅថ្ងៃទី 12/08/2022
- កម្ពុជាត្រូវការជាង៤០លានដុល្លារ ដើម្បីអភិរក្សសត្វដំរី ក្នុងរយៈពេល១០ឆ្នាំ - នៅថ្ងៃទី 12/08/2022
- ប្រមុខUNព្រមានពីគ្រោះមហន្តរាយ ដោយសារការប្រយុទ្ធគ្នានៅជុំវិញរោងចក្រនុយក្លេអ៊ែរ - នៅថ្ងៃទី 12/08/2022