ក្រុមហ៊ុន BioNTech បានលើកឡើងថា ខ្លួនកំពុងសិក្សាជាបន្ទាន់ ថាតើវ៉ាក់សាំងកូវីដ១៩(COVID-19) ដែលខ្លួនបង្កើតឡើងជាមួយក្រុមហ៊ុន Pfizer អាចការពារបានល្អប៉ុណ្ណាពីវីរុសបំប្លែងថ្មី ទើបរកឃើញនៅអាហ្វ្រិកខាងត្បូង។ រូបភាព៖AFP

ក្រុមហ៊ុនឱសថ BioNTech របស់ប្រទេសអាឡឺម៉ង់ បានលើកឡើងកាលពីថ្ងៃសុក្រ ទី២៦ វិច្ឆិកា នេះថា ខ្លួនកំពុងសិក្សាជាបន្ទាន់ ថាតើវ៉ាក់សាំងការពារមេរោគកូវីដ១៩ ដែលខ្លួនបានបង្កើតឡើងជាមួយក្រុមហ៊ុនឱសថអាមេរិក Pfizer អាចការពារបានល្អប៉ុណ្ណាប្រឆាំងនឹងប្រភេទវីរុសបំប្លែងថ្មី B.1.1.529 ដែលទើបបានរកឃើញនៅអាហ្វ្រិកខាងត្បូង។

អ្នកនាំពាក្យក្រុមហ៊ុនឱសថ BioNTech បាននិយាយថា៖«យើងរំពឹងថា នឹងមានទិន្នន័យបន្ថែមទៀតពីការធ្វើការសាកល្បងនៅមន្ទីរពិសោធន៍ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ។ មន្រ្តីនាំពាក្យនោះបានថ្លែងដូច្នេះថា៖«ទិន្នន័យខាងមុខនេះ នឹងផ្តល់ព័ត៌មានបន្ថែម ថាតើ B.1.1.529 អាចជាវីរុសបំប្លែងគេចចេញពីវ៉ាក់សាំង និងអាចទាមទារការកែតម្រូវវ៉ាក់សាំងឡើងវិញដែរឬទេ ប្រសិនបើវីរុសបំប្លែងថ្មីនោះ រីករាលដាលទូទាំងពិភពលោក»។

មន្រ្តីនាំពាក្យក្រុមហ៊ុនឱសថអាល្លឺម៉ង់ដដែលបន្តថា ការរកឃើញវីរុសកូវីដបំប្លែងថ្មីដោយអ្នកវិទ្យាសាស្ត្រនៅអាហ្រ្វិកខាងត្បូងនេះ កំពុងបង្កឱ្យមានការចាប់អារម្មណ៍ជាសកល និងចំពេលមានការព្រួយបារម្ភថា ការផ្លាស់ប្តូរជាច្រើនរបស់វីរុសបំប្លែងថ្មីនេះ អាចធ្វើឱ្យវាកាន់តែគ្រោះថ្នាក់ជាងប្រភេទដែលតា ដែលជាវីរុសកំពុងឆ្លងខ្លាំងទៅទៀត។

ប្រទេសមួយចំនួន រួមមាន ចក្រភពអង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ និងសិង្ហបុរី បានរឹតបន្តឹងការធ្វើដំណើរចេញពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាងមួយចំនួនរបស់ប្រទេសនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងថ្មីនេះ៕

ប្រភព៖ CNA