លោក លោក កង ច័ន្ទតារារ័ត្ន អនុរដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ដែលស្ថិតនៅក្នុងរូបក្រោមគេនិងនៅកណ្ដាល។ រូបភាព៖ពីហ្វេសប៊ុកក្រសួងប្រៃណីយ៍និងទូរគមនាគមន៍។

មន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលើកឡើងថា ចាប់ពីឆ្នាំ២០២១នេះរហូតដល់ឆ្នាំ២០៣៥ គឺរដ្ឋាភិបាលបានផែនការមេ ដើម្បីបំពាកប្រព័ន្ធឌីជីថលនៅតាមសាលាឃុំនិងសង្កាត់ទាំងអស់នៅទូទាំងប្រទេស ដើម្បីផ្ដល់ឱ្យកាសដល់ពលរដ្ឋមិនធ្លាប់មាននាពេលកន្លងមក ក្នុងការទទួលបានសេវាសាធារណៈពីស្ថាបនថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិ ប្រកបដោយគុណភាព ឆាប់រហ័ស និងកាត់បន្ថយការចំណាយពេលនិងថវិកា។

នៅក្នុងកិច្ចសន្ទនាថ្នាក់ជាតិស្ដីពីការអនុវត្តពាក់កណ្ដាលអាណត្តិផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២១ ដែលរៀបចំឡើងដោយអង្គការNGO Forum នៅនៅសណ្ឋគារសូហ្វីតែលភ្នំពេញថ្ងៃទី២៦វិច្ឆិកានេះ លោក លោក​ កង ច័ន្ទតារារ័ត្ន អនុរដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍បានលើកឡើងថា ស្របពេលពិភពលោក រួមទាំងប្រទេសជិតខាង កំពុងព្យាយាមទាញយកផលប្រយោជន៍ពីការធ្វើបដិវត្ដឧស្សាហកម្មទី៤ គឺរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញផែនការមេ ដើម្បីទាញយកផលប្រយោជន៍ដូចគ្នា ដើម្បីធ្វើជាឱកាសសម្រាប់ប្រជាពលរដ្ឋទូទៅពេញប្រទេស ទាំងអ្នកចេះដឹងខ្ពស់ មធ្យម និងចេះដឹងទាប រស់នៅទីក្រុងនិងទីជនបទ ជាពិសេសសម្រាប់អ្នកងាយរងគ្រោះ ដូចជាស្រ្ដី កុមារ កម្មករសំណង់ និងកម្មករកាត់ជាដើម។

លោកបន្តថា ក្នុងរយៈពេល១៥ឆ្នាំខាងមុខនេះ រដ្ឋាភិបាលនឹងធ្វើឱ្យបានសម្រេចតាមផែនការមេរបស់ខ្លួន គឺធ្វើឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ទាំងនៅគ្រប់ស្ថាបនរដ្ឋ វិស័យឯកជន សង្គមស៊ិវិល និងប្រជាពលរដ្ឋទាំងអស់ ដែលផែនការមេនេះ មានគោលដៅផ្ដល់សេវាសាធារណៈទៅដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបំផុត។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«តាមរយៈកាត់បន្ថយរយៈពេលពលរដ្ឋមកស្វែងរកសេវាសាធារណៈ ឬកាត់បន្ថយផលលំបាករបស់ពលរដ្ឋដែលទាល់តែមានមន្ត្រីមកធ្វើការ ទើបដាក់ជាសំណើរឬពាក្យបណ្ដឹងបាន កាត់បន្ថយការប្រើប្រាស់ឯកសារមួយចំនួន។ គឺទាំងស្ថាបន័ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវតែធ្វើបដិវត្តកម្មឌីជីថលទាំងអស់តែម្ដង គឺមានរយៈពេល១៥ឆ្នាំនេះ ត្រូវតែធ្វើឱ្យហើយ។

លោកបន្ថែមថា ពលរដ្ឋនឹងទទួលបានឱកាសបន្ថែមពីការធ្វើបដិវត្តកម្មឌីជីថលនេះ ដូចជាពលរដ្ឋជាកម្មករកាត់ដេរ ឬកម្មករសំណង់ ដែលរងគ្រោះដោយដោយសារការផ្លាស់ប្ដូរនៃទម្រង់សេដ្ឋកិច្ច ឬទម្រង់ណាមួយនៃការអភិវឌ្ឍ ដែលកន្លងមក គឺត្រឹមទទួលបានការបណ្ដុះបណ្ដាលដើម្បីឱ្យមានជំនាញទៅធ្វើការនៅកន្លែងផ្សេង ប៉ុន្តែតាមរយៈការជំរុញការប្រើប្រាស់ឌីជីថលនៅពេលខាងមុខនេះ គឺជួយឱ្យពួកគាត់អាចមានជំនាញផ្សេងផង និងអាចចេញរកស៊ីជាមុខរបររបរផ្ទាល់ខ្លួនឯង។ លោកបញ្ជាក់ថា ប្រសិនបើពលរដ្ឋទាំងនោះ អាចចេញរកស៊ីក្នុងវ័ស័យកសិកម្ម ឬវិស័យទេសចរណ៍ គឺពួកគាត់អាចងាយភ្ជាប់ជាមួយទីផ្សារ ដោយមិនចាំបាច់ពឹងផ្អែកលើមន្រ្តីរាជការ និងឈ្មូញកណ្ដាលទៀតឡើយ។

មន្រ្តីរូបនេះបញ្ជាក់ទៀតថា ក្រៅពីសាលាឃុំនិងសង្កាត់ តាមសាលារៀន និងវត្តអារាមទាំងអស់ ក៏ត្រូវបំពាក់ប្រព័ន្ធឌីជីថលដែរ ហើយយ៉ាងយូរត្រឹមឆ្នាំ២០២៥ រដ្ឋាភិបាលនឹងដាក់អង់តែលទូរគមនាគមន៍ឱ្យបានគ្រប់ភូមិទាំងអស់នៅទូទាំងប្រទេស ដើម្បីបង្កឱ្យមានឯករាជ្យភាពសម្រាប់ពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងការទំនាក់ទំនង និងដើម្បីការពារការកេងប្រវ័ញ្ចពីវិស័យឯកជនមកលើប្រជាពលរដ្ឋ៕