ជនភៀសខ្លួនពីកោះ Nauru ប្រទេសអូស្រ្ដាលី បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥។ រូបភាព៖ Reuters

រដ្ឋាភិបាល​អូស្ត្រាលី​ទំនង​មិន​បន្ត​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​ជន​ភៀស​ខ្លួនមក​កម្ពុជា​ទៀត​ឡើយ​ដែលជា​កិច្ច​ព្រម​ព្រៀង​ចម្រូងចម្រាស​មួយ​និង​រង​ការ​រិះគន់​ពី​អង្គការ​សិទ្ធិ​មនុស្ស​ថា​បង្ក​ហានិភ័យ​ដល់​ជន​ភៀស​ខ្លួន។​នេះ​បើតាម​កិច្ច​សម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​វីអូអេ​ជាមួយ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា។​

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៤​អូស្ត្រាលី​និង​កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​បើក​ផ្លូវឱ្យ​មាន​ការ​បែង​ចែកក្រុម​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ដែល​ស្ថិត​ក្រោម​ការ​បង្ខាំង​របស់​អូស្ត្រាលី​នៅ​កោះណូរូ​(Nauru) ​មក​តាំង​ទី​រស់​នៅ​ប្រទេស​កម្ពុជា។​

នៅ​ពេល​ត្រូវ​បាន​សួរ​ថា​ក្រោយ​ពី​កិច្ច​ព្រម​ព្រៀងបាន​បញ្ចប់​នៅ​ឆ្នាំ២០១៨​តើ​អូស្ត្រាលីមាន​បំណង​បន្ត​កិច្ច​ព្រម​ព្រៀង​សា​ជា​ថ្មី​ឬ​ទេ?​លោក​ឯក​អគ្គរាជ​ទូត​ Pablo Kang ​ប្រាប់​វីអូអេ​ថា៖​«ដូចដែល​ខ្ញុំបានលើក​ឡើងអ៊ីចឹងនោះគឺ​ជាកិច្ច​ព្រម​ព្រៀងជាក់​លាក់​បំផុត​មួយ​កើត​ឡើងក្នុងកាលៈទេសៈជាក់​លាក់​បំផុតមួយ​…​អត់​មាន​ទេ​សម្រាប់​ពេល​នេះ​គឺ​អត់​ទេ!»​។

លោក ​Pablo Kang ឯកអគ្គរាជ​ទូតអូស្ត្រាលី​ប្រចាំកម្ពុជា ផ្តល់​បទសម្ភាសន៍​ជាមួយ​វីអូអ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (វីអូអេ)

ក្នុង​បទ​សម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា ​លោក ​Pablo Kang ​បន្ត​ថា៖​ «កិច្ច​ព្រម​ព្រៀង​នោះ​ខ្ញុំ​គិត​ថា​ត្រូវបាន​ធ្វើឡើងក្នុងពេល​វេលា​និង​គោល​បំណង​ជាក់លាក់​មួយ។​អ្នក​ដឹងទេ​អូស្ត្រាលី​មាន​កំណត់​ត្រា​ដ៏​រឹង​មាំ​ក្នុង​ការ​ធានា​ថា យើង​មិន​ធ្វើអ្វី​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ប្រព្រឹត្ត​ខុស​ច្បាប់​មក​កាន់​ប្រទេស​យើង។​នេះ​ក៏​ដោយសារ​នៅ​ពេល​មាន​រឿង​នេះ​កើតឡើង​វាបង្ក​ជាការ​អនុវត្ត​ដ៏​គ្រោះ​ថ្នាក់»។​

លោក​ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ក៏​បាន​បញ្ជាក់​ដែរ​ថា​មក​ទល់​នឹង​ដំណាច់​ឆ្នាំ​២០២១​នេះ​មិន​ទាន់​មាន​ការ​បន្ត​ណា​មួយ​លើ​បញ្ហា​កិច្ច​ព្រម​ព្រៀង​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​បញ្ចប់​កាល​ពី​ដំណាច់​ឆ្នាំ​២០១៨ទេ។

លោក​ប្រាប់​វីអូអេ​ថា៖​ «ដូច​ជា​គ្មាន​អី​តាំង​ពី​ហ្នុង[២០១៨]​មក​ដូច​បាត់​ឈឹង​ទៅ!​ ហ្នឹង​ហើយ​បាត់​ឈឹង​ដូច​ជា​មិន​បាន​រំឭក​រឿង​ហ្នឹង​ឡើង​វិញ​ទេ។​លិខិត​ស្នាម​អី ​យើង​ក៏​មិន​ទៅ​គាត់​ក៏​មិន​មក ​ក៏​មិន​ឃើញ»។​

មន្ត្រី​ជាន់​ខ្ពស់​ដែល​ជា​នាយ​ខុទ្ទកាល័យ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បន្ថែម​ថា ការ​បន្ត​ឬ​មិន​បន្ត​កិច្ច​ព្រម​ព្រៀង​នោះ​ជា​អំណាច​សមត្ថកិច្ច​របស់​ថ្នាក់​ដឹកនាំ​នយោបាយ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​លោក​មិន​អាច​បញ្ជាក់​ពី​ជំហរ​ផ្លូវការ​រដ្ឋាភិបាល​ថា​ចង់​បន្ត​ឬ​អត់​នោះ​ទេ។​

រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា​លោក​ ស ខេង ​និងលោក​ Scott Morrison​ដែល​កាល​ពី​ឆ្នាំ​២០១៤​ជា​រដ្ឋមន្ត្រីអន្តោ​ប្រវេសន៍អូស្ត្រាលី​ហើយ​បច្ចុប្បន្ន​ជា​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទទួល​ជន​ភៀស​ខ្លួន​នេះ​កាល​ពី​ឆ្នាំ​២០១៤។​

កាល​ពី​កន្លង​ទៅ​លោក​Morrison​បាន​និយាយ​ថា​អ្នក​ស្វែង​រក​សិទិ្ធ​ជ្រក​កោន​មានរហូត​ដល់​ចំនួន​១​ពាន់​នាក់​ដែល​ប្រទេស​អូស្ត្រាលី​បញ្ជូន​ទៅ​កោះ​ណូរូ។​

ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ជន​ភៀស​ខ្លួន​ឆ្នាំ២០១៤​រវាង​រដ្ឋាភិបាល​ក្រុងភ្នំ​ពេញ​និងរដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​រង​ការ​បរិហារ​យ៉ាង​ខ្លាំង​ជា​ពិសេស​សម្រាប់​ភាគី​អូស្ត្រាលី​ជុំវិញ​អ្វី​ដែល​ក្រុម​ការពារ​សិទ្ធិ​មនុស្សលើក​ឡើ​ងថា​ជា​ការ​ទម្លាក់​ចោល​ការទទួល​ខុស​ត្រូវ​របស់​ប្រទេស​នេះ​មក​លើ​កម្ពុជា​ដែល​ជា​រដ្ឋ​ក្រីក្រ។​

កាល​ពី​ឆ្នាំ​២០១៤​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ​អន្តរជាតិ​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ការ​បែង​ចែក​ជន​ភៀស​ខ្លួន​មក​កាន់​កម្ពុជា​ដោយ​ថា​កម្ពុជា​«មាន​កំណត់​ត្រា​អាក្រក់​ខ្លាំង​ក្នុង​ការ​ការពារ​ជន​ភៀស​ខ្លួន​និង​ជាប់​ផុង​វ័ណ្ឌ​ក​ជាមួយ​ការ​រំលោភ​សិទិ្ធ​មនុស្ស​ធ្ងន់ធ្ងរ»។​

មាន​ជនភៀស​ខ្លួន​យ៉ាង​ហោច​១០​នាក់​បាន​មក​ពីកោះ​ណូរូ​ដល់​ប្រទេស​កម្ពុជា​ចន្លោះ​ពីឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​ក្នុង​កិច្ច​ព្រមព្រៀង​ដែល​អូស្ត្រាលី​សន្យា​ផ្ដល់​ជា​ជំនួយ​៤០​លាន​ដុល្លារអាមេរិក​ដល់​ប្រទេស​កម្ពុជា​ដើម្បីអនុវត្ត​ខ្លឹមសារ​នៃ​លិខិតូបករណ៍​គតិយុត្ត​ទ្វេ​ភាគី​នេះ។​

លោក​ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លើក​ឡើង​ថា​មក​ទល់​ពេល​នេះ​មិន​មាន​ជន​ភៀស​ខ្លួន​ពី​កោះ​ណូរូណា​ម្នាក់​សេស​សល់​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ពោល​គឺ​ពួកគេ​បាន​ចេញ​ពី​ប្រទេស​កម្ពុជា​អស់ទៅ​ហើយ។​

កោះ​ណូរូ​ត្រូវ​បាន​គេស្គាល់​ថាជា​ទីតាំង​មួយ​ក្នុ​ង​ចំណោម​ទីតាំ​ង​មួយចំនួន​ដែល​ប្រទេស​អូស្ត្រាលី​បាន​រៀបចំ​ដើម្បី​ទទួល​ជន​ភៀសខ្លួន​ដែល​បាន​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសអូស្ត្រាលី សុំ​សិទ្ធិ​ជ្រក​កោន​តែ​ត្រូវ​បាន​បដិសេធ។​

លោក ​Pablo Kang ​ឯកអគ្គរាជ​ទូត​អូស្ត្រាលី​បាន​និយាយ​ការពារ​កិច្ច​ព្រម​ព្រៀងនោះ​ថា​បាន​បន្ទុច​បង្អាក់​បណ្ដា​អ្នក​ផ្សេង​ទៀត​ដែល​ផ្សង​គ្រោះ​ថ្នាក់ធ្វើ​ដំណើរទៅ​ប្រទេស​អូស្ត្រាលី​ដើម្បីបាន​សិទ្ធិ​ជ្រក​កោន។​ប៉ុន្តែ​លោក​ថា​ជំនួយ​អភិវឌ្ឍន៍​មក​កាន់​កម្ពុជា​នៅ​តែ​បន្ត​ទោះ​កិច្ច​ព្រម​ព្រៀង​បាន​បញ្ចប់​ហើយ​ក្ដី៕​