ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានចេញវិធានការថ្មី ដើម្បីរឹតបន្តឹងលើអ្នកធ្វើដំណើរចេញពីបណ្ដាប្រទេសអាហ្វ្រិកមួយចំនួន ដោយសារកំពុងមានការព្រួយបារម្ភ អំពីការរកឃើញវីរុសបំប្លែងថ្មីមួយទៀតរបស់កូវីដ១៩ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានប្រកាសនៅថ្ងៃសុក្រទី២៦វិច្ឆិកានេះថា រាល់អ្នកដំណើរទាំងអស់ដែលទើបមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកមួយចំនួន ដូចជាប្រទេសបុតស្វាណា(Botswana) ប្រទេសអ៊ីស្វាទីនី(Eswatini) ប្រទេសឡេសូធូ(Lesotho) ប្រទេសម៉ូហ្សាំប៊ិក(Mozambique) ប្រទេសណាមីប៊ី(Namibia) ប្រទេសអាហ្វ្រិកខាងត្បូង(South Africa) និងប្រទេសហ្ស៊ីមបាវ៉េ(Zimbabwe) ចាប់ពីម៉ោង១១និង៥៩នាទីយប់ថ្ងៃសៅរ៍ទី២៧វិច្ឆិកាទៅ នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូល ឬដូរជើងហោះហើរនៅក្នុងប្រទេសសិង្ហបុរីទៀតឡើយ។

ដោយឡែកចំពោះការវិលត្រឡប់របស់ពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កតាមផ្ទះតាមកន្លែងជាក់លាក់។ ការដាក់ចេញវិធានការនេះ ខណៈក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានលើកឡើងថា វីរុសបំប្លែងថ្មី B.1.1.529 ប្រហែលកំពុងចរាចរឆ្លងនៅក្នុងប្រទេសអាហ្វ្រិកទាំងប្រាំពីរនេះ ហើយអ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកនៅតែស្វែងរកព័ត៌មានបន្ថែមអំពីវា ហើយសិង្ហបុរី​ នៅ​មិនទាន់​មាន​ករណី​ឆ្លងវីរុសបំប្លែងថ្មី​នេះនៅឡើយ​ទេ។

ក្រៅពីសិង្ហបុរី ចក្រភពអង់គ្លេស​ ក៏ទើបដាក់បំរាមលើការធ្វើដំណើរចេញពីប្រទេសអាហ្វ្រិកមួយចំនួនដែរ។ ការចេញវិធានការរឹតបន្តឹងធ្លាក់មកជាបន្តបន្ទាប់នេះ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសអាហ្រ្វិកខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ពួកគេបានរកឃើញវីរុសកូវីដបំប្លែងថ្មីមួយ ដែលមានការការផ្លាស់ប្តូរមួយចំនួនធំ ហើយបានបញ្ជាក់ថា វីរុសបំប្លែងថ្មីនេះ ជាហេតុធ្វើឱ្យមានការកើនឡើងនៃចំនួនឆ្លងនៅពេលនេះ។

ក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះបាននិយាយទៀតថា វីរុសបំប្លែងថ្មីនេះ គឺអាចឆ្លងសាហាវជាងវីរុសដែលតា និងអាចមានភាពធន់នឹងវ៉ាក់សាំងដែលកំពុងប្រើនៅពេលបច្ចុប្បន្ន៕

ប្រភព៖The STRAIST TIMES