បុគ្គលិកថែទាំសុខភាពម្នាក់ ចាក់វ៉ាក់សាំង Johnson និង Johnson ដល់ស្ត្រីនៅខាងក្រៅការិយាល័យបោះឆ្នោតមួយនៅទីក្រុង Laudium រដ្ឋ Pretoria នៅថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺអំឡុងពេលការបោះឆ្នោតក្នុងតំបន់របស់ប្រទេសអាហ្វ្រិកខាងត្បូង។ រូបភាព៖ AFP

អ្នកវិទ្យាសាស្ត្រនៅប្រទេសអាហ្រ្វិកខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ពួកគេបានរកឃើញវីរុសកូវីដបំប្លែងថ្មីមួយ ដែលមានការការផ្លាស់ប្តូរមួយចំនួនធំ ហើយបានបញ្ជាក់ថា វីរុសបំប្លែងថ្មីនេះ ជាហេតុធ្វើឱ្យមានការកើនឡើងនៃចំនួនឆ្លងនៅពេលនេះ។

ចំនួននៃការឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសដែលរងគ្រោះខ្លាំងបំផុតនៅទ្វីបអាហ្រ្វិកនេះ បានកើនឡើងដល់ដប់ដងចាប់តាំងពីដើមខែវិច្ចិកានេះ។

ជាការឆ្លើយតប ចក្រភពអង់គ្លេសបានហាមប្រាមការធ្វើដំណើរទាំងអស់មកពីប្រទេសអាហ្វ្រិកខាងត្បូងនេះ និងបណ្ដាប្រទេសអាហ្វ្រិកខាងត្បូងចំនួន៥ផ្សេងទៀត ដោយសារមានការព្រួយបារម្ភការកើនឡើងករណីឆ្លងនៃវីរុសបំប្លែងថ្មីនេះ និងត្រូវបានអ្នកវិទ្យាសាស្ត្រនិយាយថា វាអាចឆ្លងសាហាវជាងវីរុសដែលតា និងមានភាពធន់នឹងវ៉ាក់សាំងដែលកំពុងប្រើនៅពេលបច្ចុប្បន្ន។

អ្នកជំនាញខាងមេរោគបានលើកឡើងនៅក្នុងសន្និសីទសារព៍ត៌មានថា ជាអកុសល ពួកគេបានរកឃើញវីរុសបំប្លែងថ្មី ហើយវាជាហេតុផលសម្រាប់ការព្រួយបារម្ភនៅអាហ្រ្វិកខាងត្បូង។ អ្នកជំនាញរូបនេះបន្តថា វីរុសបំប្លែងថ្មី ដែលអ្នកវិទ្យាសាស្រ្ដដាក់ឈ្មោះ B.1.1.529 គឺមានការបំប្លែងច្រើន ហើយអង្គការសុខភាពពិភពលោក នឹងដាក់ឈ្មោះឱ្យវាតាមភាសាក្រិក ដូចជាវីរុសដែលតា នៅក្នុងថ្ងៃសុក្រនេះ។

អ្នកជំនាញខាងមេរោគនៅប្រទេសអាហ្វ្រិកខាងត្បូងនេះ បានបន្ថែមថា វីរុសបំប្លែងថ្មីនេះ ក៏ត្រូវបានគេរកឃើញនៅក្នុងប្រទេស បុតស្វាណា(Botswana) និងហុងកុង ក្នុងចំណោមអ្នកធ្វើដំណើរចេញពីអាហ្វ្រិកខាងត្បូង។

ចំណែកអង្គការសុខភាពពិភពលោក WHO បានលើកឡើងដែរថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ នូវវីរុសបំប្លែងថ្មីដែលត្រូវបានរាយការណ៍នៅប្រទេសអាហ្វ្រិកខាងត្បូងនេះ ហើយរំពឹងថា នឹងមានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីកំណត់ថា តើវាគួរតែត្រូវបានកំណត់ថា ជាវីរុសបំប្លែងថ្មីគួរឱ្យចំណាប់អារម្មណ៍ ឬគួរឱ្យមានការព្រួយបារម្ភ។

WHO បានបន្ថែមថា ការវិភាគដំបូងបង្ហាញថា វីរុសបំប្លែងថ្មីនេះមានការបំប្លែងច្រើន ដែលទាមទារឬឆ្លងកាត់ការសិក្សាបន្ថែមទៀត។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូងលោក Joe Phaahla បាននិយាយថា វីរុសបំប្លែងថ្មីនេះគឺជាប្រភេទវីរុសបង្កឱ្យមានការព្រួយបារម្ភខ្លាំង និងជាវីរុសដែលនៅពីក្រោយនៃការកើនឡើងករណីឆ្លងដែលបានរាយការណ៍ ចុងក្រោយនេះ និងធ្វើឱ្យវាក្លាយជាវីរុសបង្កការគំរាមកំហែងដ៏ធំបំផុតមួយ។

ចំនួនអ្នកឆ្លងប្រចាំថ្ងៃរបស់ប្រទេសអាហ្វ្រិកបានកើនឡើងដល់១,២០០នាក់ កាលពីថ្ងៃពុធ គឺកើនឡើងពីចំនួន១០៦នាក់ក្នុងមួយថ្ងៃ កាលពីដើមខែវិច្ឆិកានេះ៕

ប្រភព៖ The ASEAN Post