រូបថត​ថត​ពីផ្កាយ​រណប​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន Maxar Technologies កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញ​ពីវត្តមាន​កងកម្លាំង​ដាក់​ពង្រាយ​នៅ​ភាគខាង​ជើង​ក្រុង Yelnya ប្រទេស​រុស្ស៊ី។ (AFP)

វ៉ាស៊ីនតោន — សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​ខ្លួន កំពុង​រៀប​ចំ​ដាក់​ចេញ​នូវ​ផែន​ការ​ក្នុង«គ្រាអាសន្នមួយ​ចំនួន» ដោយ​បារម្ភពី​រដ្ឋាភិបាល​ក្រុង​មូស្គូ អាច​នឹង​ធ្វើការ​គំរាម​កំហែង​ណា​មួយ​ដោយ​កម្លាំង​យោធា​ជៀសជាង​ការ​ពិភាក្សា​គ្នាដ៏​ស្វិតស្វាញ​នោះ។

មន្ត្រី​សហរដ្ឋ​អាមេរិក​ជា​ច្រើន​នាក់បាន​បញ្ជាក់​ពី​ក្តី​បារម្ភយ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​អង្គារ​អំពី​អ្វី​ដែល​ពួកគេ​បាន​ពណ៌នា​ថា ជា«សកម្មភាព​យោធា​មិន​ប្រក្រតី»របស់​រុស្សី​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន​ក៏​ដូច​ជា​វោហាសាស្ត្រ​ខ្លាំងៗរបស់​រដ្ឋាភិបាល​ក្រុង​មូស្គូ ដោយ​សហរដ្ឋអាមេរិកនៅ​តែ​បញ្ជាក់​ថា មិន​ថា​នឹង​មានអ្វី​កើតឡើង​នោះ​ទេ ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនចំពោះ​រដ្ឋាភិបាល​អ៊ុយក្រែន​នៅ​តែ«រឹងមាំ» ជានិច្ច។

មន្ត្រីជាន់​ខ្ពស់​រដ្ឋបាល​អាមេរិក​ម្នាក់ បាន​ប្រាប់​វីអូអេ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា «យើង​បាន​បង្ហាញ​ថា សហរដ្ឋអាមេរិក​មាន​ឆន្ទៈ​ក្នុង​ការប្រើប្រាស់​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ដោះស្រាយជា​មួយ​នឹង​សកម្មភាព​ប្រកប​ដោយ​គ្រោះថ្នាក់​ណា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​រុស្សី​ ហើយ​យើង​នឹង​មិន​ស្ទាក់ស្ទើរក្នុង​ការប្រើប្រាស់​នូវវិធានការ​នោះ​និង​វិធានការ​ដទៃ​ទៀត​ក្នុង​ពេល​ខាង​មុខ​នោះ​ទេ»។

មន្ត្រី​អាមេរិក​ដដែល​នោះបាន​បន្ត​ទៀត​ថា៖ យើង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ឲ្យ​បន្ធូ​បន្ថយ​នូវ​ភាពតានតឹង​នេះ។ ជំហាន​ដំបូង​ដ៏​សំខាន់​គឺ​ស្តារ​ឡើង​វិញនូវ​បទឈប់​បាញ់​គ្នា​ទៅដល់​ចំណុច​មួយដែលមាន​អំពើ​ហិង្សា​ទាប​បំផុត​ដូចដែល​បានធ្វើ​ឡើង​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២០កន្លង​ទៅ»។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោកNed Priceបាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាននៅ​ក្រសួង​ការ​បរទេស​អាមេរិក​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ពិគ្រោះយោបល់​អំពី​បញ្ហា​នេះ​ជា​មួយ​ដៃគូ​អឺរ៉ុបរបស់​ខ្លួន​និង​ប្រទេស​អ៊ុយ​ក្រែន។

លោក​បន្ត​ទៀត​ថា «យើង​កំពុង​ចែក​រំលែក​ព័ត៌មាននិង​ការ​ស៊ើបការណ៍សម្ងាត់​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក» ហើយ​ការពិភាក្សា​គ្នា​មាន​លក្ខណៈ​ស៊ីជម្រៅ។ យើង​កំពុង​ត្រៀម​រៀប​ចំ​នូវ​ផែនការក្នុង​គ្រា​មាន​អាសន្ន​មួយ​ចំនួន»។

ការថ្លែង​បញ្ជាក់​របស់មន្ត្រី​សេតវិមាន​និង​ក្រសួង​ការបរទេស​អាមេរិក​ កើត​មាន​ឡើងតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយឧត្តមសេនីយ​យោធា​ជាន់​ខ្ពស់​អាមេរិក​និង​ជាប្រធាន​សេនាធិការយោធា​លោក Mark Milley បាន​ជួប​ពិភាក្សា​ជា​មួយសមភាគី​រុស្សី​របស់​លោក​តាម​ទូរស័ព្ទ​រួចមក។

ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់ក្នុង​សេចក្តីថ្លែងការណ៍​ថា «ឧត្តម​សេនីយ​យោធា​ជាន់​ខ្ពស់ទាំង​ពីរ​រូប បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​មួយ​ចំនួន​ទាង់​ទង​នឹង​វិស័យ​សន្តិសុខ»។ សេចក្តីថ្លែង ការណ៍​នោះ​បន្ថែម​ទៀត​ថា ការហៅ​ទូរស័ព្ទ​នោះ «គឺ​ជា​ការបន្ត​នូវទំនាក់​ទំនងគ្នា​រវាង​មេដឹកនាំ​កង​ទ័ព​ទាំង​ពីរ​ ​ដើម្បី​ធានា​កាត់​បន្ថយ​នូវ​ហានិភ័យ​និងការមិន​បង្ក​ជម្លោះ»។

ព័ត៌មាន​ស៊ើបការណ៍​របស់​អ៊ុយក្រែន​ បាន​ប៉ាន់ប្រមាណ​ថា រុស្សី​បាន​ដាក់​កងទ័ព​របស់​ខ្លួន​ប្រមាណ​៩ម៉ឺន​នាក់​នូវ​តាមបណ្តោយព្រំ​ដែន​ជាមួយ​ប្រទេសអ៊ុយក្រែន៕