ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ នៅថ្ងៃទី២៤វិច្ឆិកាឆ្នាំ២០២១។ រូបភាព៖ហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។

ស្របពេលការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្តយាយីដល់សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់និងសកល បណ្តាបណ្តាប្រទេសអាស៊ី-អឺរ៉ុប យល់ព្រមសហការគ្នាដើម្បីលើកម្ពស់ខ្សែច្រវ៉ាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់សាកល គឺបង្កើនការលើកកម្ពស់ភាពជឿនលឿននៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវ៉ាក់តម្លៃសកលតាមរយៈឌីជីថលនីយកម្ម និងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរចាំបាច់នានា ដើម្បីធានានូវភាពជឿជាក់នៃលំហូរពាណិជ្ជកម្មអន្តរជាតិ និងធានាឲ្យបាននូវភាពធន់។

វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (1st Asia-Europe Economic and Business Forum) តាមរយៈប្រព័ន្ធវីដេអូ ត្រូវបានបើកដំណើការកាលពីថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសនូវលទ្ធផលនៃកិច្ចប្រជុំនៅល្ងាចថ្ងៃដដែលនោះថា បណ្តាប្រទេសអាស៊ី-អឺរ៉ុប នឹងបង្កើតក្របខ័ណ្ឌគាំទ្រចាំបាច់នានា ដើម្បីជំរុញគំរូថ្មី នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកល ដែលកំពុងលេចធ្លោរួមមាន៖ ការប្រគល់និងទទួលទំនិញពីចម្ងាយ ការបង្ខិតជិតគ្នានៃធុរកិច្ច ប្រតិបត្តិការអន្តរតំបន់ ការសម្របខ្លួនទៅតាមបរិបទតំបន់ ព្រមទាំងហេដ្ឋារចនាសម្ពន្ធបៃតង ដើម្បីជំរុញល្បឿនពាណិជ្ជកម្មសកលឡើងវិញ ខណៈពេលដែលពិភពលោកបានងើបឡើងវិញពីវិបត្តិកូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។

សេចក្តីប្រកាសព័ត៌មានដដែលបានឳ្យដឹងថា៖ «[បណ្តាប្រទេសនៅអាស៊ី-អឺរ៉ុប] ត្រូវផ្តល់ការលើកទឹកចិត្ត និងជំនួយចាំបាច់នានា សម្រាប់សហគមន៍ធុរកិច្ច និងឧស្សាហកម្ម ក្នុងការបម្លែងខ្លួនទៅជាធុរកិច្ចបៃតង ដើម្បីទាញយកផលប្រយោជន៍ពីទំនើបកម្ម នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ដោយប្រើបច្ចេកវិទ្យានាពេលអនាគត»។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីបើកនោះថា ទោះបីស្ថិតនៅក្នុងអំឡុងពេលជំងឺរាតត្បាតក៏ដោយ នៅតែអាចធ្វើសមាហរណកម្មធុរកិច្ច និងវិស័យឯកជនបាន ទៅក្នុងច្រវាក់តម្លៃ និងឆ្ពោះទៅមុខទៅកាន់អនាគត ។

លោកបញ្ជាក់ថា ៖«កត្តានេះ ទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា រួមជាមួយនឹងគោលនយោបាយផ្តល់ភាពងាយស្រួលដល់ធុរកិច្ច និងការគាំទ្រពីរដ្ឋាភិបាល និងវិស័យឯកជនពីបណ្តាប្រទេសអាស៊ី អឺរ៉ុប ដើម្បីធ្វើឲ្យវាកើតឡើង»។

លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សហគមន៍អន្តរជាតិយកចិត្តទុកដាក់ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអាស៊ី និងអឺរ៉ុប ដែលនឹងការពារពាណិជ្ជកម្ម ដោយបើកចំហ ការរួមបញ្ចូលគ្នា ដោយផ្អែកលើច្បាប់ ដែលនោះគឺជានៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

លោកបានបញ្ជាក់ថា៖«សក្តានុពលពេញលេញ និងថាមវន្ត ប្លុកទាំងពីរអាចផ្លាស់ប្តូរទៅជាទីផ្សារដ៏រស់រវើក ដែលនឹងក្លាយជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចពិភពលោក និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងរួមបញ្ចូលគ្នានៅក្នុងសម័យក្រោយ Covid-19»។

ប្រទេសអាស៊ី-អ៊ឺរ៉ុបមានចំណែកប្រមាណ៦៥ភាគរយនៃសេដ្ឋកិច្ចសកល ខណៈដែលទំហំពាណិជ្ជកម្ម មានប្រមាណជា ៥៥ ភាគរយនៃពាណិជ្ជកម្មសកល។ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដែលមានចំនួន ៤៥ភាគរយនៃការនាំចេញរបស់កម្ពុជាកាលពីឆ្នាំ២០១៨។ នេះបើយោងតាមតួលេខរបស់សហគមន៍អឺរ៉ុប។

របាយការណ៍ដដែលថា ការនាំចេញភាគច្រើន ៩៥,៧ភាគរយ ត្រូវបាននាំចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុបក្រោមការអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ។ ជារួម កម្ពុជាគឺជាប្រទេសប្រើប្រាស់ កម្មវិធីអនុគ្រោះពន្ធ EBA ច្រើនជាងគេទីពីរ បន្ទាប់ពីប្រទេសបង់ក្លាដែស។កាលពីថ្ងៃទី១២ ខែសីហា សហភាពអឺរ៉ុប បានដកមួយផ្នែកនៃគម្រោង EBA ពីកម្ពុជា។ ការផ្អាកនេះប៉ះពាល់ដល់មួយភាគប្រាំឬ ១ ពាន់លានអឺរ៉ូនៃការនាំចេញប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់ប្លុកដែលមាន២៧ ប្រទេសរបស់សហភាពអឺរ៉ុប៕