លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន តាមប្រព័ន្ធវីដេអូ(Online) នាព្រឹកថ្ងៃទី២៥ វិច្ឆិកា ២០២១។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា វិស័យអចលនវត្ថុកម្ពុជា នៅតែមានសក្ដានុពល សម្រាប់ការវិនិយោគ បើធៀបប្រទេសជិតខាង ទោះជួបវិបត្តិកូវីដ-១៩ក្តី។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា វិស័យអចលនវត្ថុ នឹងងើបឡើងក្នុងអត្រា២,៤ភាគរយនៅក្នុងឆ្នាំ២០២១ ហើយនឹងអាចកើនដល់៤,៨ភាគរយ នៅក្នុងឆ្នាំ២០២២។ បើតាមលោក អូន ព័ន្ធមុនីរ័ត្ន  វិស័យអចលនទ្រព្យកើនឡើងសន្សឹមៗវិញនេះ ដោយសារលំហូរទុនវិនិយោគពីបរទេស ស្របពេលដែលការវិនិយោគ និងតម្រូវការស្រុកលើវិស័យនេះ ក្នុងតម្លៃទាបនិងមធ្យម នឹងបន្តរក្សាកំណើនល្អប្រសើរ។

រដ្ឋមន្ត្រីសេដ្ឋកិច្ច បានថ្លែងនៅក្នុងសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន តាមប្រព័ន្ធវីដេអូ(Online) នាព្រឹកថ្ងៃទី២៥ វិច្ឆិកា ដូច្នេះថា៖«ទោះបីជាកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ និងបន្តសម្របខ្លួន ទៅនឹងប្រក្រតីភាពថ្មីក្តី ក៏ប៉ុន្តែវិស័យអចលនវត្ថុក្នុងប្រទេស នៅតែមានសក្ដានុពលខ្ពស់ និងមានតម្លៃទាបសមរម្យ សម្រាប់ការវិនិយោគ បើប្រៀបធៀបប្រទេសជិតខាង»។

បន្ថែមពីនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ពីតំបន់ដែលមានសក្តានុពលក្នុងការវិនិយោគនៅកម្ពុជា ដែលកំពុងដំណើរការរៀបចំនោះ មានភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានគម្រោងសាងសងអាកាសយន្តដ្ឋានព្រលានយន្តហោះថ្មី ។ ចំណែកខេត្តព្រះសីហនុ ដែលកំពុងត្រូវបានប្រែក្លាយជាតំបន់សេដ្ឋកិច្ច ពិសេសពហុបំណង។  រីឯខេត្តសៀមរាប ជាតំបន់ទេសចរណ៍ប្រវត្ដិសាស្រ្ត ខណៈនៅក្រុងប៉ាវិតនៃខេត្តស្វាយរៀង ដែលជាមាត់ច្រកព្រំដែនកម្ពុជា-វៀតណាម និងក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ដែលជាមាត់ច្រក ព្រំដែនកម្ពុជា-ថៃជាដើម។

ជាមួយគ្នានេះ លោក សន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានបញ្ជាក់ថា ឆ្នាំ២០២១នេះ មានការផ្គត់ផ្គង់ខុនដូរនៅកម្ពុជា ចំនួន២ម៉ឺនបន្ទប់ (២ម៉ឺន Unit) ដោយមានតម្រូវការកើនឡើងពី១ឆ្នាំ ទៅ១ឆ្នាំ។ លោក សន សៀប បានបន្ថែមថា ការលក់ខុនដូរនេះ មានការលំបាកមួយចំនួន នៅក្នុងវិបត្តិកូវីដ-១៩នេះ ដោយសារការលក់ខុនដូរភាគច្រើន គឺឱ្យជនបរទេសទិញស្នាក់នៅ ប៉ុន្តែដោយសារតែការបិទខ្ទប់ និងដំណើការបើកជើងហោះហើរមិនទាន់ប្រព្រឹត្តទៅដោយរលូននោះ ទើបធ្វើឱ្យទីផ្សារលក់មានការធ្លាក់ចុះបន្តិច ព្រោះការទិញលក់ធ្វើឡើងតាមអនឡាញ។

លោកបានថ្លែងនៅក្នុងសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ានបន្ថែមថា ទីផ្សារខុនដូ គឺមានតម្លៃចាប់២៥០០ដុល្លារឡើងក្នុងមួយម៉ែត្រការ៉េ។  សម្រាប់តម្លៃកម្រិតទាបបំផុត មានតម្លៃពី៨០០ទៅ១ ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកកម្រិតមធ្យមមានតម្លៃ ពី១៦០០ទៅ២៥០០ដុល្លារ ។

លោក សន សៀប បានបន្តថា តម្លៃលំនៅដ្ឋាននៅភូមិសាស្រ្តរាជធានីភ្នំពេញវិញ មានតម្លៃទាប ចន្លោះពី៤ទៅ១០ម៉ឺនដុល្លារក្នុងផ្ទះមួយល្វែង និងតម្លៃមធ្យមទៅខ្ពស់ពី ១០ម៉ឺនទៅ៤០ម៉ឺនដុល្លារ ក្នុងមួយល្វែង ។ ចំពោះការលក់នៅក្នុងឆ្នាំ២០២១នេះ មាន៦ម៉ឺនល្វែង។ លោក សន សៀប បានបន្ថែមទៀតថា៖ «បើយោងតាមការសង្កេតរបស់យើង យើងឃើញថា មានតម្រូវការមែនទែនទាក់ទងរឿងដី សម្រាប់សាងសង់ផ្ទះនេះ»។

ចំពោះវិស័យអចលនវត្ថុនេះ ត្រូវបានអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)រូបនេះ អះអាងថា វិស័យមួយនេះ នឹងស្ទុះងើបឡើងវិញ ដោយសារមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនៅតាមគោលដៅសំខាន់ៗ ដែលអាចទាក់ទាញវិនិយោគិនបរទេសក្នុងស្រុកបាន។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធំៗ ដែលកំពុងរីកដុះដាលនោះ គឺទីតាំងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប។ ទីតាំងនេះ កំពុងមានសក្តានុពលសម្រាប់ការវិនិយោគ លើវិស័យអចលនទ្រព្យ៕