មន្ត្រីខ្មែរនិងថៃដើរនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ រូបភាព៖ ដោយ ទំព័រហ្វេសប៊ុក លោកអ៊ុំ រាត្រី

មន្ត្រីកម្ពុជាថា ច្រកព្រំដែនទាំងអស់ជាប់ជាមួយប្រទេសថៃ​ បានបើកដំណើរការជាធម្មតាសម្រាប់តែការដឹកទំនិញចេញចូល និងបានកំណត់ចំនួនមនុស្សបានតែ២នាក់ក្នុងមួយដង និងត្រូវធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ជារៀងរាល់៣ថ្ងៃ។

នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានទៅជួបពិភាក្សាជាមួយអភិបាលខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិភាក្សារឿងបើកព្រំដែនប្រទេសទាំង២ឡើងវិញ គឺបើកឱ្យពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ដូចធម្មតា។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានប្រាប់ខ្មែរណាស់នៅរសៀលនេះថា កន្លងមកច្រកព្រំដែនរបស់ប្រទេសទាំង២ មិនបានបិទមិនឱ្យទំនិញចេញចូលនោះទេ គ្រាន់តែកំណត់ចំនួនមនុស្សឱ្យបានច្បាស់លាស់ប៉ុណ្ណោះ ចំណែកឯកិច្ចជុំនួបថ្ងៃនេះគឺដើម្បីពិភាក្សាចំពោះការអនុញ្ញាតឱពលរដ្ឋអាចឆ្លងទៅមកប្រទេសទាំង២បានដូចមុនវិញ។

លោកបន្តថា៖«ព្រំដែនរាល់ថ្ងៃមានបិទឯណា ព្រំដែនរាល់ថ្ងៃដំណើរកាជាធម្មតាគ្រាន់តែថា អនុញ្ញាតឱ្យតែទំនិញចេញចូល អត់ឱ្យមនុស្សចេញចូល…។ គឺអនុញ្ញាតឱ្យតៃកុងឡានម្នាក់និងព្រូឡានម្នាក់ដើម្បីដឹកទំនិញចេញចូលឆ្លងកាត់រវាងប្រទេសទាំងពីរ»។

ថៃនិងកម្ពុជាបានបិទព្រំដែន ដោយលែងឱ្យមានអ្នកដំណើរឆ្លងកាត់ និងលើកលែងការផ្ទេរទំនិញតាំងពីខែសីហា ក្រោយមានផ្ទុះឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីដែលតា។ អំឡុងពេលបិទព្រំដែននេះ ប្រទេសថៃបានឈប់ទទួលទិញមៀនប៉ៃលិនពីកសិករខ្មែរ  និងធ្វើឱ្យផ្លែមៀនពួកគាត់ខ្វះទីផ្សារ និងលក់បានថោក។ នៅពាក់កណ្ដាលខែវិច្ឆិកានេះ មៀនប៉ៃលិនរបស់ពលរដ្ឋនៅខេត្តបាត់ដំបង កំពុងប្រឈមគ្មានទីផ្សារនិងខាតបង់ប្រាក់ជាច្រើនម្ដងទៀត ដោយសារភាគីខាងថៃមិនទាន់បើកទទួលទិញនៅឡើយ៕