គណៈអធិបតីមកពីក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច ក្រសួងអប់រំ និងប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា ថតរូបអនុស្សាវរីជាមួយបេក្ខជនទាំង៥ រូបនៅព្រឹកCKCC ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាព៖ ដោយ សឹម សល់ម៉ា

យុវជនចំនួន៥នាក់ ដែលបានចូលរួមនិយាយជាសាធារណៈក្រោមប្រធានបទ«វិធានការពន្ធថ្នាំជក់ និងជំងឺកូវីដ១៩» បានស្នើឱ្យរដ្ឋាភិបាលដំឡើងពន្ធថ្នាំជក់ឱ្យបាន៧៥ភាគរយ នៃតម្លៃលក់រាយ ខណៈបច្ចុប្បន្នមានត្រឹម២៥ និង៣១ភាគរយនៃតម្លៃលក់រាយប៉ុណ្ណោះ។ ការលើកឡើងបែបនេះធ្វើឡើងនៅក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្តាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី២៥ វិច្ឆិកានេះ ដែលរៀបចំការដោយអង្គការចលនាដើម្បីសុខភាពកម្ពុជា។

កញ្ញា សយ ស្រីនិច្ច បេក្ខនារីម្នាក់មកពីវិទ្យាល័យសម្តេចតេជោពារាំង ខេត្តព្រៃវែង ហើយទទួលបានជ័យលេភីលេខ១ ក្នុងចំណោមបេក្ខជន៥នាក់ផ្សេងទៀត បានលើកឡើងថា បច្ចុប្បន្ននៅលើពិភពលោកកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ហើយថ្នាំជក់ក៏ចូលរួមចំណែកចម្លងជំងឺនេះផងដែរ ដោយសារអ្នកជក់បារីតែងតែយកដៃទៅប៉ះពាល់បរិវេណផ្ទៃមាត់ជាញឹកញប់។

កញ្ញាថ្លែងដូច្នេះថា៖«មួយវិញទៀត លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អនុរដ្ឋលេខា និងជាអ្នកនាំពាក្យរបស់ក្រសួងសុខភិបាល បានមានប្រសាសន៍ថា អ្នកជក់បារីបានឆ្លងជំងឺកូវីដ១៩ នឹងមានអត្រាស្លាប់រហូតទៅដល់៨០ភាគរយ។ មានតែដំឡើងពន្ធថ្នាំជក់ទេ ដែលជាយុទ្ធសាស្ត្រឈ្នះៗ ឈ្នះបានទាំងកូវីដ ឈ្នះបានទាំងសេដ្ឋកិច្ច រក្សាបានទាំងជីវិតអ្នកជក់បារី។ បើងាកទៅមើលអង្គការសុខភាពពិភពលោកបានបង្ហាញថា ការជក់បារីមានការជាប់ពាក់ព័ន្ធនឹងកំណើនភាពធ្ងន់ធ្ងរនៃករណីជំងឺ និងករណីស្លាប់ដោយសារជំងឺកូវីដ១៩»។

លោក ស្រី វុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ជ័យលេភីលេខមួយ ដល់កញ្ញា សយ ស្រីនិច្ច។ រូបភាព៖ ដោយ សឹម សល់ម៉ា

កញ្ញាបន្តថា ការដំឡើងពន្ធក៏ធ្វើឱ្យចំណូលជាតិកើនឡើងផងដែរ ព្រោះយោងតាមអង្គការសហប្រជាជាតិបង្ហាញថា កម្ពុជានឹងទទួលបានចំណូលនូវពន្ធបន្ថែម២៣៥លានដុលារនៅរយៈពេល៥ឆ្នាំខាងមុខ និងចំនួន៩៣៣លានដុល្លារនៅរយៈពេល១៥ ឆ្នាំខាងមុខ បើកម្ពុជាដំឡើងពន្ធថ្នាំជក់៧៥ភាគរយនៃតម្លៃបារីលក់រយ។

កញ្ញាថ្លែងថា៖«ជាក់ស្តែងយោងតាមអង្គការសុខភាពពិភពលោកបានបង្ហាញថា ប្រទេសជាច្រើនដែលក្នុងនោះមាន ហ្វីលីពីន ថៃ និងសិង្ហបុរី ក្រោយពីតំឡើងពន្ធរួច រដ្ឋាភិបាលទទួលបានប្រាក់ចំណូលពន្ធបន្ថែមយ៉ាងច្រើន ហើយពួកគេអាចចំណាយមួយផ្នែកទៅលើការរឹតបន្តឹងរដ្ឋបាលសារពើពន្ធ ពង្រឹងលើការគេចពន្ធ ពោលចំណេញទាំងការគេចពន្ធ និងចំណូលជាតិ»។

ចំណែកលោក ស្រី វុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា​ ឥទ្ធិពលនៃការជក់បារីបានគំរាមកំហែងដល់សេដ្ឋកិច្ចជាតិ ដោយធ្វើឱ្យអត្រានៃភាពក្រីក្រកាន់តែមានច្រើន។

ចំណែកជុំវិញការស្នើឱ្យដំឡើងពន្ធថ្នាំជក់នេះ លោក ស្រី វុធ ក៏បានឆ្លើយតបដែរថា រដ្ឋាភិបាលមិនប្រងើយកន្តើយចំពោះបញ្ហានេះទេ។

លោកថ្លែងដូច្នេះថា«យើងគិតគូរពិចារណាអំពីការដំឡើងពន្ធនេះ ដើម្បីទៅរកគោលដៅមួយដែលជាគោលដៅសមស្របទទួលយកបាន ហើយយើងសិក្សាអំពីប្រទេសដែលនៅជិតខាង តំបន់ដែលគេកំពុងអនុវត្ត។ ប៉ុន្តែនៅក្នុងក្រសួងសេដ្ឋកិច្ច ក៏យើងបានសិក្សាអំពីបច្ច័យរបស់វា ថាតើយើងដំឡើងពន្ធទៅវាមានបច្ច័យល្អ និងបច្ច័យអាក្រក់ យ៉ាងដូចម្តេចទៅលើប្រទេសកម្ពុជាយើង នៅពេលដែលយើងកំពុងតែងើបឡើងក្នុងការកសាងប្រទេសឈានទៅរកការអភិវឌ្ឍនៅក្នុងប្រទេសកម្រិតមធ្យមកម្រិតទាប ទៅកម្រិតខ្ពស់»។

លោក ស្រី វុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឡើងផ្តល់មតិឆ្លើយតប។រូបភាព៖ ដោយ សឹម សល់ម៉ា

លោកបន្តថា ក្រៅពីបញ្ហាដំឡើងពន្ធនេះ​ រដ្ឋាភិបាលក៏បានគិតគួរពីផលប៉ះពាល់ផ្សេងៗទៀតពីការប្រើប្រាស់បារីផងដែរ ដោយរដ្ឋមានវិធានការរដ្ឋបាល ពង្រឹងអត្រាពន្ធដែលរដ្ឋបានដាក់ហើយប្រមូលឱ្យបានកុំឱ្យមានការគេចពន្ធជាដើម និងផ្សព្វផ្សាយពីផលប៉ះពាល់របស់បារី។

ជាមួយគ្នានេះ លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានសង្ឈឹមថា រដ្ឋាភិបាលកម្ពុជានឹងដំឡើងពន្ធលើផលិតផលថ្នាំជក់នេះ ព្រោះតាមការស្រាវស្រាវរបស់សាកលវិទ្យាល័យជាតិមានជ័យបានបង្ហាញថា ពលរដ្ឋចំនួន៩០ភាគរយគាំទ្រឱ្យមានការដំឡើងពន្ធថ្នាំជក់។ លោកបន្តថា ការដំឡើងពន្ធនឹងធ្វើឱ្យរដ្ឋាភិបាលកើនចំណូលបន្ថែម ធ្វើឱ្យការឆ្លងជំងឺកូវីដ១៩ថយចុះ អ្នកមានជំងឺសួតថយចុះ ហើយកម្ពុជាក៏រដ្ឋភាគីនៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ ដែលតម្រូវឱ្យប្រទេសជាសមាជិកដំឡើងពន្ធផលិតផលថ្នាំជក់ ខណៈប្រទេសមួយចំនួនក្នុងតំបន់អាស៊ានបានដំឡើងពន្ធថ្នាំជក់ខ្ពស់ជាងកម្ពុជារួចទៅហើយ។

លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ឡើងផ្តល់រង្វាន់ជ័យលេភីដល់បេក្ខជនផ្សេងទៀត។រូបភាព៖ ដោយ សឹម សល់ម៉ា

គូសបញ្ជាក់ផងដែរថា ការប្រើប្រាស់​ផលិតផលថ្នាំជក់ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលដោះស្រាយ ដោយសារ​ការប្រើប្រាស់​ផលិតផលថ្នាំជក់​បង្កអោយប្រជាពលរដ្ឋ ឈឺ ស្លាប់ ពិការ ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥០០០បានស្លាប់ដោយសារតែការជក់បារី។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់ធ្វើអោយខាតបង់ថវិការប្រមាណ ៦៤៩ លានដុល្លារអាមេរិកដែលស្មើនឹង៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា៕