ប្រធានអង្គការ WHO លោក Tedros Ghebreyesus បានព្រមានថា មនុស្សមិនគួរគិតថា ការចាក់វ៉ាក់សាំង គឺមានន័យថា ពួកគេលែងត្រូវការការប្រុងប្រយ័ត្ននោះទេ។

ប្រធានអង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ គឺអាចជួយកាត់បន្ថយការឆ្លងវីរុសប្រភេទដែលតា(Delta)ប្រហែល៤០ភាគរយប៉ុណ្ណោះ និងព្រមានថា មនុស្សជាច្រើនកំពុងយល់ច្រឡំអំពីសុវត្ថិភាពទាក់ទងនឹងការចាក់វ៉ាក់សាំងបង្ការនេះ។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា មនុស្សដែលបានចាក់ថ្នាំបង្ការជាច្រើនបានគិតខុសថា ការចាក់វ៉ាក់សាំងនេះ មានន័យថា ពួកគេលែងត្រូវការការប្រុងប្រយ័ត្នផ្សេងទៀតហើយ។ លោកបន្តថា អ្នកដែលមានប្រព័ន្ធការពាររាងកាយពេញលេញ គឺត្រូវតែបន្តប្រកាន់ខ្ជាប់វិធានការការពារដើម្បីជៀសវាងការឆ្លងមេរោគ និងចម្លងទៅកាន់អ្នកដទៃ ដោយលោកសង្កត់ធ្ងន់ថា វីរុសដែលតាដែលរាតត្បាតខ្លាំង គឺមានន័យថា វ៉ាក់សាំងមិនមានប្រសិទ្ធភាពប្រឆាំងមិនឱ្យចម្លងគ្នានោះទេ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«យើងកំពុងព្រួយបារម្ភអំពីការយល់ខុសថា វ៉ាក់សាំងបានបញ្ចប់ការរាតត្បាត ហើយមនុស្សដែលបានចាក់វ៉ាក់សាំង មិនត្រូវការវិធានការប្រុងប្រយ័ត្នណាមួយនោះទេ»។ លោកបន្តថា៖« វ៉ាក់សាំងជួយការពារអាយុជីវិត ប៉ុន្តែវាមិនអាចការពារពេញលេញមិនមិនឱ្យឆ្លងនោះទេ»។

ប្រធានអង្គការសុខភាពពិភពលោករូបបន្ថែមទៀតថា ទិន្នន័យដំបូងមុនពេលមិនទាន់មានវីរុសបំប្លែងខ្លួនដែលតា គឺវ៉ាក់សាំងអាចជួយកាត់បន្ថយការឆ្លងប្រហែល៦០ភាគរយ ប៉ុន្តែបន្ទាប់ពីមានការឆ្លងរាលដាលដោយវីរុសដែលតាមក គឺវ៉ាក់សាំងអាចជួយការពារកុំឱ្យឆ្លងត្រឹមតែ៤០ភាគរយ។

លោកបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំង គឺមានហានិភ័យទាបបំផុតមួយ ក្នុងការប្រឈមធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនិងស្លាប់ ប៉ុន្តែនៅតែមានហានិភ័យឆ្លង និងចម្លងជំងឺទៅកាន់អ្នកដទៃ ដូច្នេះមានន័យថា អ្នកចាក់វ៉ាក់សាំងហើយ នៅតែត្រូវការពាក់ម៉ាស់ រក្សាគន្លាត ជៀសវាងកន្លែងមានការប្រមូលកកកុញ ហើយជួបគ្នានៅទីធ្លាចំហ ឬក្នុងបន្ទប់ដែលមានខ្យល់អាកាសចេញចូលបានល្អ៕

ប្រភព៖ CNA