សម្ដេច ហ៊ុន សែន បានជួបសន្ទនាការងារតាមប្រព័ន្ធវីដេអូជាមួយលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិននៅថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០២១។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃចន្ទបានថ្លែងថា ប្រទេចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងស្ដារនិងជំរុញកំណើនសង្គមនិងសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងសកលលោក តាមរយៈការខំប្រឹងប្រែងរបស់ខ្លួនក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ដ្រី ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈវីដេអូខនហ្វ្រិន ដែលអមដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

សម្ដេចថ្លែងថា៖ «កម្ពុជាវាយតម្លៃខ្ពស់ចំពោះចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការស្ដារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងសកលលោក»។

លោកលើកឡើងថា៖ «កម្ពុជាសូមលើកទឹកចិត្តឲ្យចិន បន្តផ្ដល់ជំនួយដល់អាស៊ាន ជាពិសេស ផ្ដល់ការគាំទ្រចំពោះក្របខណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងគំនិតផ្តួចផ្ដើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩។ ក្នុងពេលចំពោះមុខ កម្ពុជាសូមលើកទឹកចិត្ត ឲ្យចិនបើកការធ្វើដំណើរចេញ-ចូលប្រទេស រវាងតំបន់ទាំងពីរអាស៊ាន-ចិន សំដៅពង្រឹង និងលើកស្ទួយវិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ»។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី Li Keqiang នៃសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈវីដេអូខនហ្វ្រិនដោយពិភាក្សាលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យដល់កម្រិតកាន់តែទូលំទូលាយថែមទៀត។

ក្នុងជំនួបនោះ លោក Li Keqiang បានឲ្យដឹងថា លោកបានយល់ព្រមជំរុញការងាររួមគ្នារវាងភាគីទាំងពីរ ដើម្បីចរចាកូតានាំចូលអង្ករ និងផលិតផលកសិកម្មកម្ពុជាដោយផ្ទាល់ទៅកាន់ប្រទេសចិន តាមរយៈការបង្កើតយន្តការរួមមួយ ដើម្បីពិនិត្យលទ្ធផលការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិន គួរតែមានភាពទាក់ទាញដែលធ្វើឱ្យការនាំចេញដោយផ្ទាល់ទៅប្រទេសចិន។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល ៩ ខែដំបូង ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សម្រេចបានជិត ៧,៩៦៨ លានដុល្លារ ពោលគឺកើនឡើងជាង ៣៨,៣៦ ភាគរយ ដែលក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ជាង ១,០៩៣ លានដុល្លារ កើនឡើងជាង ៥២,៧៤ ភាគរយ ខណៈកម្ពុជានាំចូលពីប្រទេសចិន មានចំនួន ៦,៨៧៥ លានដុល្លារ កើនឡើង ៣៦,៣២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០៕