ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen។ រូបភាព៖ Bloomberg

វ៉ាស៊ីនតោន — រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden បាន​អញ្ជើញ​កោះ​តៃវ៉ាន់​ឲ្យ​ចូលរួម​«សន្និសីទ​កំពូលសម្រាប់​លទ្ធិប្រជាធិបតេយ្យ» នៅ​ខែ​ក្រោយ​នេះ។ នេះ​បើ​តាម​បញ្ជី​ឈ្មោះ​អ្នក​ចូលរួម​ដែល​ត្រូវ​បាន​បោះពុម្ភផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ហើយ​នេះជា​ចំណាត់ការ​មួយ​ទំនងជា​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ​ដោយ​ចិន​ចាត់ទុក​កោះ​គ្រប់គ្រប​តាម​បែប​លទ្ធិប្រជាធិបតេយ្យមួយ​នេះ​ជា​ទឹកដី​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សន្និសីទ​លើក​ទី១​បែប​នេះ​ជា​ការសាកល្បង​វោហាសាស្ត្រ​របស់​លោក​ប្រធានាធិបតី Joe Biden ដែល​បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​គោលនយោបាយ​ការបរទេស​លើក​ដំបូង​របស់​លោក​ក្នុង​នាមជា​ប្រធានាធិបតី​កាលពី​ខែ​កុម្ភៈ​ថា សហរដ្ឋ​អាមេរិក នឹង​វិលត្រឡប់​ទៅ​ដឹកនាំ​សាកលលោក​ដើម្បី​ប្រឈម​កម្លាំង​ផ្តាច់ការនិយម​ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន​និង​រុស្ស៊ី។

មាន​ប្រទេស​ចូលរួម​ចំនួន​១១០​នៅ​លើ​បញ្ជី​អញ្ជើញ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដើម្បី​ចូលរួម​សន្និសីទ​កំពូល​តាម​ប្រព័ន្ធអនឡាញ​ដែល​នឹង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី៩​ដល់​ថ្ងៃ​ទី១០ ខែ​ធ្នូ ដែល​មាន​គោលបំណង​ដើម្បី​ជួយ​បញ្ឈប់​ការធ្លាក់ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​រិចរិល​នៃ​សិទ្ធិ​និង​សេរីភាព​នៅ​ទូទាំង​សាកលលោក។ បញ្ជី​ឈ្មោះប្រទេស​ដែល​ត្រូវ​បាន​អញ្ជើញ​ចូល​រូម​នោះ មិន​មានប្រទេស​ចិន​និង​រុស្ស៊ីនោះទេ។

ក្រសួង​ការបរទេស​កោះ​តៃវ៉ាន់ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​តៃវ៉ាន់ នឹងត្រូវ​តំណាង​ដោយ​រដ្ឋមន្ត្រី​ទទួល​បន្ទុក Digital លោក Audrey Tang និង​លោក Hsiao Bi-Khim ដែល​ជាក់ស្តែង​ជា​ឯកអគ្គរដ្ឋទូត​តៃវ៉ាន់​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ក្រសួង​ការបរទេស​តៃវ៉ាន់​ក៏​បាន​បញ្ជាក់​ផង​ដែរថា «ការ​អញ្ជើញ​ប្រទេស​យើង​ឲ្យ​ចូលរួម​នៅ​ក្នុង​«សន្និសីទ​កំពូលសម្រាប់​ប្រជាធិបតេយ្យ» នេះ ជា​ការបញ្ជាក់​ពី​ការ​ខំប្រឹងប្រែង​របស់​កោះ​តៃវ៉ាន់​ដើម្បី​លើក​ស្ទួយ​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ជាច្រើន​ឆ្នាំ​មកហើយ»។
ការអញ្ជើញ​កោះ​តៃវ៉ាន់​កើត​មាន​ឡើង​នៅពេល​ដែល​ចិន បាន​បង្កើន​ការដាក់​សម្ពាធ​លើ​ប្រទេស​នានា​ឲ្យ​បញ្ចុះ​ទំនាក់​ទំនង​ជាមួយ​កោះតៃវ៉ាន់​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​ថា មិន​មាន​សិទ្ធិ​ចាត់ទុកថា​ជា​រដ្ឋមួយ​នោះ​ទេ។

តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​និយាយ​ថា រដ្ឋាភិបាលទី​ក្រុង​ប៉េកាំង គ្មានសិទ្ធិក្នុង​ការ​និយាយ​ជំនួសខ្លួននោះ​ទេ។ ការខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​អំពី​កោះតៃវ៉ាន់​កើត​មាន​ក្នុង​អំឡុង​ពេល​នៃ​ជំនួប​កំពូលតាម​អនឡាញ​នៅ​ដើម​ខែ​នេះ​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping៕