រូបភាពផ្ដល់ដោយលោក ខេមា យុទ្ធវីរះ។

ជាកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់នូវសុវត្ថិភាព និងបង្កើនទិន្នផលត្រីក្នុងស្រុក អង្គការទស្សនពិភពលោក(World Vision CAST) បានសហការជាមួយក្រុមហ៊ុន Davane Company ចុះអនុស្សរណៈនៃការយោគយល់គ្នាលើកម្មវិធីតាមដាន និងត្រួតពិនិត្យផលិត ផល ត្រី។

ការអនុស្សរណៈនៃការយោគយល់គ្នាត្រូវបានចុះហត្ថលេខារវាង លោក តិច គង់ តំណាងអង្គការទស្សនពិភពលោក និង លោក ឆេង មករា តំណាងក្រុមហ៊ុនដាវ៉ាន់ នៅថ្ងៃពុធទី២៤ ខែវិច្ឆិកា។

លោក តិច គង់ តំណាងអង្គការទស្សនពិភពលោក ឬ World Vision CAST បានឱ្យដឹងថា ការបង្កើតកម្មវិធីតាមដានផលិតផលត្រីនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកប្រើប្រាស់ចុងក្រោយ និងអ្នកចិញ្ចឹមត្រីក៏មានលទ្ធភាពបង្កើនតម្លៃត្រី ។

លោកបានបញ្ជាក់ថា៖« ទាំងអ្នកចិញ្ចឹម និងអ្នកកែច្នៃ និងអ្នកលក់មានទំនុកចិត្តទៅវិញទៅមក បើសិនជាយើងទិញផលិតផលណា ជាពិសេសត្រី យើងនឹងប្រយ័ត្នប្រយែងជាងមុន»។

លោកបានបន្តថា កសិករដែលសហការជាមួយ World Vision CAST និងក្រុមហ៊ុនដាវ៉ាន់នេះ មានអ្នកចិញ្ចឹមត្រីជាង១០០០នាក់ អ្នកកែច្នែ ដូចជាអ្នកវះកាត់ អ្នកដឹកជញ្ជូន លក់ដុំ លក់រាយ មានប្រមាណជាង១៥០០នាក់ និងសហការជាមួយខាងសិប្បកម្មជាង១០០សិប្បកម្ម។

លោក ឆេង មករា តំណាងក្រុមហ៊ុនដាវ៉ាន់ ក៏បានថ្លែងយ៉ាងដូច្នេះថា តាមរយៈការរៀបចំប្រព័ន្ធនេះ គឺអាចដឹងពីអ្នកផលិត និងគុណភាពរបស់ច្បាស់បានច្បាស់លាស់។

លោកបន្តថា ៖«ផលិតផលត្រីដែលស្ថិតនៅក្នុងបណ្តាញខាងលើនេះ សុទ្ធតែមានបិទលេខកូដនៅលើកញ្ចប់ ហើយអតិថិជនគ្រាន់តែប្រើទូរស័ព្ទស្មាតហ្វូនស្កេន QRCode នៅលើកញ្ចប់ត្រីទាំងនោះ នឹងទទួលបានព័ត៌មានថា ត្រីនោះចិញ្ចឹមដោយកសិករឈ្មោះអ្វី កសិដ្ឋាននៅទីណា និង ចិញ្ចឹមរបៀបណា តាមបច្ចេកទេសបែបណាជាដើម» ។

សម្រាប់ប្រជាជនកម្ពុជាប្រើប្រាស់ត្រីប្រមាណ ៤០០,០០០ តោនក្នុងមួយឆ្នាំ ឬ៦៣គីឡូក្រាមក្នុងនាក់ក្នុងមួយឆ្នាំ៕