កិច្ច​ប្រជុំ​កំពូល​អាស៊ីអឺរ៉ុប កាល​ពី​ឆ្នាំ​២០១៨ នា​ទីក្រុង​ប្រ៊ុចស្សែល ប្រទេស​បែលហ្សិក។ រូប​ហ្វេសប៊ុក សម្ដេច ហ៊ុន សែន។

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី១៣ ឬ​ហៅ​កាត់​ថា ASEM13 នៅ​ថ្ងៃ​ស្អែក​នេះ​ក្រោម​ប្រធានបទ “ពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួមគ្នា”។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា កម្ពុជា​ក្នុង​នាម​ម្ចាស់​ផ្ទះ​គួរ​ពង្រឹង​នីតិរដ្ឋ ងាក​មក​គោរព​សិទ្ធិមនុស្ស ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ប្រឆាំង​ឱ្យ​បាន​ដាច់​ខាត​អំពើ​ពុករលួយ ខណៈ​កម្ពុជា​មាន​ឈ្មោះ​មិន​សូវ​ល្អ​លើក​ឆាក​អន្តរជាតិ។

នេះ​ជា​លើក​ទី១ សម្រាប់​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប បន្ទាប់​ពី​កម្ពុជា​ខកខាន​រៀបចំ​កិច្ច​ប្រជុំ​នេះ កាល​ពី​ឆ្នាំ​២០២០ ក្រោម​ហេតុផល​ប៉ះពាល់​ពី​ការ​រីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ (Covid19)។

ទោះ​យ៉ាងណា កិច្ចប្រជុំ​នៅ​ថ្ងៃ​ស្អែក ទី​២៥ ដល់​ទី២៦ ខែ​វិច្ឆិកា គឺ​ធ្វើ​ឡើង​តាមរយៈ​វីដេអូ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី២៣ វិច្ឆិកា ។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា កិច្ចប្រជុំ​កំពូល​នេះ នឹង​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​ប្រទេស និង​អ្នកតំណាង​ជាន់ខ្ពស់​របស់​ប្រទេស​ដៃគូ​អាស៊ី​អឺរ៉ុប ទាំង​៥១ មកពី​អាស៊ី និង​អឺរ៉ុប ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​អគ្គលេខាធិការ​អាស៊ាន។

កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប គឺ​ជា​វេទិកា​ពិភាក្សា​នយោបាយ​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៦។ រាល់ ២​ឆ្នាំ​ម្ដង​កិច្ចប្រជុំ​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​លក្ខណៈ​ចម្បងៗ​រួម​មាន៖ ការ​ផ្ដោត​លើ​ពហុ​វិស័យ និង​ជា​ដៃគូ​ស្មើភាព​គ្នា ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​កំពូលៗ ជាមួយ​នឹង​ប្រជាជន និង​ប្រជាជន។ ថែម​ទាំង​ផ្តល់​នូវ​វេទិកា​ចំហ​​សម្រាប់​ក្រុម​អ្នកធ្វើ​គោល​នយោបាយ និង​មន្ត្រី​អ្នកមុខអ្នកការ ជុំវិញ​បញ្ហា​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ដែល​គ្រប​ដណ្តប់​​រវាង​តំបន់​នៃ​ទ្វីប​ទាំង​ពីរ។

ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ កម្ពុជា​បាន​រង​ការ​រិះគន់​ពី​ក្រុម​ប្រទេស​លោក​សេរី​ជុំវិញ​បញ្ហា គោរព​សិទ្ធិមនុស្ស លំហ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ជាដើម។

អ្នកនាំពាក្យ​សមាគម​​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា ថ្លែង​ប្រាប់​សារព័ត៌មាន​ខ្មែរ​ណាស់ (Khmernas) នៅ​ថ្ងៃ​ទី២៤ វិច្ឆិកា ថា កម្ពុជា​ក្នុងនាម​​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​នា​ពេល​នេះ គួរ​ឆ្លើយ​តប​នូវ​រាល់​ការ​ស្នើ​សុំ​ពី​សហភាព​អឺរ៉ុប​ជុំវិញ​ការ​ពង្រឹង​នីតិរដ្ឋ គោរព​សិទ្ធិមនុស្ស ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ប្រឆាំង​ឱ្យ​បាន​ដាច់​ខាត​អំពើ​ពុករលួយ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA) ដែល​កម្ពុជា​បាន​បាត់បង់ រហូត ២០​ភាគរយ​នោះ​មក​វិញ។ លោក​បន្ត​ថា រូបភាព​នៃ​ការ​ចាប់​សកម្មជន​គណបក្ស​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន​ជាដើម​ដាក់​ពន្ធនាគារ ក៏​ដូច​ជា​ករណី​ឃាតកម្ម​លើ​សកម្មជន​បក្ស​ប្រឆាំង​ជាដើម​នេះ ពុំ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​តាម​ការ​ស្នើ​របស់​សហភាព​អឺរ៉ុប​នោះ​ទេ៖ «ជា​ស្ថានភាព​មួយ​ដែល​មាន​ការ​លំបាក ដែល​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប និង​សមាជិក​អាស៊ាន ទុក​ចិត្ត​កម្ពុជា ដែល​ដឹកនាំ​កិច្ចប្រជុំ​ហ្នឹង (អាស៊ីអឺរ៉ុប)។ អ៊ីចឹង​បើ​ចង់​បាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ កម្ពុជា​គួរ​ពិនិត្យ​លក្ខខណ្ឌ​​ដែល​សហភាព​អឺរ៉ុប​កំណត់ និង​ជា​ផ្នែក​សម្រាប់​ធ្វើ​ឱ្យ​ប្រសើរ​​ដល់​កម្ពុជា»។

នៅ​ឆ្នាំ​២០២១​នេះ កម្ពុជា​ត្រូវ​បាន​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project-WJP) ​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ចាត់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​បាត​តារាង គឺ​លេខ​រៀង ១៣៨ ក្នុង​ចំណោម​ប្រទេស ចំនួន ១៣៩។ ចំណាត់ថ្នាក់​នេះ ធ្វើ​ឡើង​តាមរយៈ​ការសិក្សា លើ​ដែន​កំណត់​អំណាច​រដ្ឋាភិបាល ការ​លុប​បំបាត់​អំពើពុករលួយ រដ្ឋាភិបាល​បើក​ទូលាយ សិទ្ធិ​ជា​មូលដ្ឋាន សណ្ដាប់ធ្នាប់​និង​សន្តិសុខ ការ​អនុវត្ត​បទប្បញ្ញត្តិ យុត្តិធម៌​ស៊ីវិល និង​យុត្តិធម៌​ព្រហ្មទណ្ឌ​ជាដើម។

ចំណែក​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ក៏​កាន់​តែ​រួម​តូច តួ​យ៉ាង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល គឺ​គណបក្ស​សង្គ្រោះជាតិ ចេញ​ពី​ឆាក​នយោបាយ និង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​នេះ​ជា​បន្តបន្ទាប់។ ការណ៍​នេះ​ត្រូវ​បាន​ប្រទេស​លោក​សេរី គឺ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​រិះ​គន់​យ៉ាង​ចាស់​ដៃ និង​ទាមទារ​យ៉ាង​ទទូច​ឱ្យ​កម្ពុជា​ស្ដារ​នូវ​ប្រជាធិបតេយ្យ​ជា​បន្ទាន់។ ភ្លាមៗ​សហភាព​អឺរ៉ុប​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ដក​ការ​អនុគ្រោះ​ពន្ធ (EBA) ២០​ភាគរយ​ពី​កម្ពុជា។ ឯ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម និង​បង្កក​ទ្រព្យ​សម្បត្តិ និង​រិតត្បិត​ទិដ្ឋាការ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​បន្ទាប់។ ជាង​នេះ​ទៅ​ទៀត សហរដ្ឋអាមេរិក​ក៏​មិន​ទាន់​បាន​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​ខ្លួន ឲ្យ​កម្ពុជា​វិញ​ដែរ ក្រោយ​ពី​​ផុត​សុពលភាព​កាល​ពី​ចុង​ឆ្នាំ​២០២០​មក។

មួយ​វិញ​ទៀត កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​លើ​ការ​ប្រឆាំង​អំពើ​ពុករលួយ​ហាក់​មិន​ទាន់​ប្រសើរ​នៅ​ឡើយ។ កម្ពុជា​នៅ​តែ​បន្ត​ជាប់​ចំណាត់ថ្នាក់​អាក្រក់​ជាង​ប្រទេស​នានា​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក ខាង​ប្រព្រឹត្តិ​អំពើពុករលួយ។ សន្ទស្សន៍​​អំពើពុករលួយ​ឆ្នាំ​២០២០ ចេញផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) រក​ឃើញ​ថា កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី​១៦០ ក្នុង​ចំណោម​ប្រទេស និង​ដែនដី​ ១៨០ លើ​ពិភពលោក។ មាន​ន័យ​ថា កម្ពុជា គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម ២០​ប្រទេស​ដែល​ប្រព្រឹត្តិ​អំពើពុករលួយ​ខ្លាំង​ជាង​គេ​បំផុត។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក សឹង សែនករុណា អះអាង​បន្ត​ថា ដើម្បី​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល បើ​សិន​ជា​កម្ពុជា​មិន​ដោះស្រាយ​លុប​បំបាត់​អំពើ​ពុករលួយ​ឱ្យ​មាន​ប្រសិទ្ធភាព នោះ​នឹង​នាំ​ឱ្យ​កម្ពុជា​ពិបាក​ស្វែង​រក​ដៃគូ​វិនិយោគ​ពី​ក្រៅ​ប្រទេស​ដែល​គេ​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​មាន​តម្លាភាព​ជាដើម។

ថ្មីៗ​នេះ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​ប្រាប់​អ្នក​វិនិយោគ​របស់​ខ្លួន​កុំ​ឱ្យ​ជាប់​ទាក់ទង នឹង​ការ​រកស៊ី​ដែល​មាន​ការរំលោភ​សិទ្ធិ​មនុស្ស អំពើពុករលួយ ការ​ជួញដូរ​មនុស្ស សត្វព្រៃ ព្រៃឈើ​និង​គ្រឿងញៀន​ជាដើម។ ស្ថានទូត​ប្រទេស​មហាអំណាច​នេះ​ថា ការ​វិនិយោគ​នៅ​កម្ពុជា​មាន​វិស័យ​មួយចំនួន​ដូចជា វិស័យ​ហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និង​ហេដ្ឋារចនាសម្ព័ន្ធ មាន​ហានិភ័យ​ខ្ពស់។ ស្ថានទូត​បន្ត​រំលឹក​ទៀត​ថា អំពើពុករលួយ​កំពុង​រីក​រាលដាល​ខ្លាំង និង​ចាក់ស្រេះ​នៅ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា។

ជុំវិញ​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប រយៈពេល ២​ថ្ងៃ​នេះ នឹង​ពិភាក្សា​អំពី​តួនាទី​របស់ ASEM ក្នុង​ការ​លើកកម្ពស់​ពហុ​ភាគី​និយម ដោយ​ផ្ដោត​លើ​ប្រធានបទ​ពាក់ព័ន្ធ រួមមាន ​ខួប​២៥​ឆ្នាំ​របស់​ASEM៖ សមិទ្ធផល​បញ្ហា​ប្រឈម និង​ទិសដៅ​នា​ពេល​អនាគត ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ដំណើរការ​ពហុភាគី​និយម​ដើម្បី​សន្តិភាព និង​ស្ថិរភាព​សកល ការ​ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ផ្អែក​លើ​វិធាន​ច្បាប់ សន្តិសុខ និង ការ​បម្រែបម្រួល​អាកាសធាតុ​ជាដើម។ ចុង​ក្រោយ​កិច្ច​ប្រជុំ​នេះ ក៏​នឹង​អនុម័ត​ឯកសារ​លទ្ធផល​សំខាន់ៗ​ចំនួន​៣ រួមមាន (១) សេចក្តី​ថ្លែងការណ៍​ប្រធាន​អង្គប្រជុំ ASEM13។ ២. សេចក្តី​ថ្លែងការណ៍​រាជធានី​ភ្នំពេញ​ស្ដីពី​ការ​ស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ និង​ទី៣ ឯកសារ​សកម្មភាព​អនាគត​ស្ដីពី​ការ​តភ្ជាប់ ASEM៕