ស្ថានភាពនៃការបាក់ច្រាំងទន្លេនៅស្រុកមុខកំពូល។ ដោយ៖ ទំព័រហ្វេសរបស់រដ្ឋបាលស្រុកមុខកំពូល

ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូមួយចំនួននៅភូមិព្រែកផ្ដៅ និងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការបាក់ច្រាំងទន្លេ។ អាជ្ញាធរស្រុកមុខកំពូលបានអះអាងថា ការបាក់ច្រាំងទន្លេនេះ គឺបណ្ដាលមកពីគ្រោះធម្មជាតិ ដោយទឹកទន្លេហូរបុកមកខ្លាំងនៅចំណុចច្រាំងរកាកោងនេះ។

កាលពីថ្ងៃទី២៣វិច្ឆិកាម្សិលមិញ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យកន្លែងបាក់ច្រាំងទន្លេ ដើម្បីរកវិធីដោះស្រាយ និងបានអំពាវនាវឱ្យពលរដ្ឋធ្វើដំណើរលើផ្លូវទាំងនោះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុ។ នេះបើតាមការចុះផ្សាយពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្ត។

ចំណែកទំព័រហ្វេសប៊ុករបស់រដ្ឋបាលស្រុកមុខកំពូលបានលើកឡើងដែរថា ការបាក់ច្រាំងទន្លេនេះ ធ្វើឱ្យបេតុងចំនួន៣កន្លែងរងការខូចខាត គឺទី១តាមបណ្ដោយផ្លូវលេខ៧០អា ប្រវែង៨០ម៉ែត្រ ទីតាំងទី២នៅផ្លូវ៧០អាដដែលប្រវែង៤០ម៉ែត្រ ស្ថិតនៅភូមិពាម និងទីតាំងទី៣ គឺផ្លូវបេតុងប្រវែង៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកផ្ដៅ។

សារព័ត៌មានខ្មែរណាស់មិនអាចសុំការបញ្ជាក់បន្ថែមពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានទេ ដោយសារលោកអះអាងថា កំពុងជាប់រវល់ប្រជុំ។ ប៉ុន្តែមន្រ្តីនៅសាលាស្រុកមុខកំពូលម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ការបាក់ច្រាំងនៅចំណុចរកាកោងនេះ គឺបានកើតឡើងតាំងពីឆ្នាំ២០១៥ ហើយក៏ធ្លាប់ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅតាមដងទន្លេនេះជាច្រើនគ្រួសារ ត្រូវបានជម្លៀសចេញដែរ។

មន្រ្តីរូបនេះបន្តថា ការបាក់ច្រាំងលើកចុងក្រោយនេះ មានសភាពធំជាងលើកមុនៗ ហើយត្រូវបិទនៅចំណុចផ្លូវរងផលប៉ះពាល់ ដើម្បីឱ្យពលរដ្ឋធ្វើដំណើរតាមផ្លូវវាង និងក៏ជាសញ្ញាគួរឱ្យព្រួយបាររម្ភ ដែលអាចប៉ះពាល់ដល់ពលរដ្ឋបន្ថែមទៀត ដែលមានលំនៅឋានជាប់ផ្លូវទាំងនោះ។

លោកថ្លែងដូច្នេះថា៖«ផលប៉ះពាល់ផ្ទាល់ គឺប្រជាជនដែលរស់នៅទីនោះផ្ទាល់ គឺនៅភ័យខ្លាច ព្រោះកាលណាបាក់ច្រាំងដល់មាត់ផ្លូវអ៊ីចឹង វាអាចឆ្លងមកខាងផ្លូវដែលគាត់នៅខាងណេះផ្លូវទៀត។ អនាគត វាផលប៉ះពាល់ចឹង ប៉ះពាល់ប្រជាពលរដ្ឋនៅមួយជួរភូមិពាមនេះ អនាគតវាអាចត្រូវតែរុះរើចេញ៥០ម៉ែត្រពីកន្លែដែលបាក់»។

លោកបន្ថែមថា នៅទីតាំងក្នុងភូមិពាមនេះអាចនឹងបាក់បន្តបន្ទាប់ទៀត ព្រោះក្នុងយប់ខ្លះអាចបាក់ច្រាំងមានជម្រៅរហូតទៅដល់៥០ម៉ែត្រ និងមានសភាពខូងនៅខាងក្នុងដែលជាផលពិបាកសម្រាប់ការទប់ស្កាត់កុំឱ្យបាក់បន្ថែម។

ជុំវិញការបាក់ច្រាំងទន្លេញឹកញាប់នេះ ត្រូវបានមន្រ្តីអង្គការសង្គមស៊ីវិលមើលឃើញថា អាចបណ្ដាលមកពីការបូមខ្សាច់ចេញពីទន្លេយ៉ាងច្រើនសន្ធឹកសន្ធាប់ និងអណាធិបតេយ្យ ប៉ុន្តែខាងរដ្ឋាភិបាលបានបដិសេដចំពោះការលើកឡើងនេះ ដោយអះអាងថាសកម្មភាពបូមខ្សាច់នៅកម្ពុជា គឺនៅមានកម្រិតទាបនៅឡើយ និងស្ថិតក្រោមការគ្រប់គ្រងតាមបទដ្ឋានបច្ចេកទេសយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ។

លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់សារព័ត៌មានខ្មែរណាស់ថា តាមការសង្កតរបស់ក្រុមការងាររបស់លោក គឺលោកទទួលស្គាល់ថា ការបាក់ច្រាំងនេះ អាចមកពីគ្រោះធម្មជាតិ ប៉ុន្តែមានភាគតិចបំផុត។ លោកបន្តថា ក្នុងស្ថានភាពជាក់ស្ដែង ស្ទើរគ្រប់កន្លែងដែលមានការបាក់ច្រាំងទន្លេធ្ងន់ធ្ងរ គឺមានស្រឡាងបូមខ្សាច់ច្រើននៅទីនោះ ដូច្នេះទើបមានការតវ៉ាឬការមិនពេញចិត្តពីពលរដ្ឋ។

លោកថ្លែងថា៖«ថ្មីៗនេះមានការលើកឡើងពីប្រជាពលរដ្ឋដូចជានៅរកាកោងអីហ្នឹង ឃើញថាផ្លូវមានការបាក់ច្រាំងហើយ ដោយសារតែមានស្រឡាងបូមខ្សាច់នៅទីនោះច្រើន»។

មន្រ្តីសង្គមស៊ីវិលរូបនេះស្នើរឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់សិក្សាស្រាវជា្រវឱ្យបានច្បាស់លាស់ ចំពោះកន្លែងដែលមានការបាក់ច្រាំងជាបន្តបន្ទាប់ តើវាពិតជាបាក់ដោយសារគ្រោះធម្មជាតិ ឬដោយសារការបូមខ្សាច់ច្រើនហួសហេតុ។ លោកបញ្ជាក់ថា ប្រសិនជាការបាក់ច្រាំងនេះបណ្ដាលមកពីការបូមខ្សាច់ពិតមែន នោះត្រូវដោះស្រាយដោយបញ្ឈប់ការបូមទាំងនោះ ដើម្បីជាការឆ្លើយតបទៅនឹងការតវ៉ាពីពលរដ្ឋ៕