កែវឬស្សីធ្វើដោយដៃ ដោយជនជាតិដើមភាគតិចទំពួន។ រូបភាពផ្តល់ឱ្យ ដោយ លោក មុត ពិសី

សហគមន៍ជនជាតិដើមភាគតិចទំពួន នៅសង្កាត់យក្សឡោម ក្រុងបានឡុង ខេត្តរតនគិរី បានកែច្នៃកែវពីឫស្សីដែលអាចដាក់ទឹកនិងកាហ្វេបាន ដើម្បីបណ្តុះគំនិតស្រលាញ់បរិស្ថាន និងរក្សាអត្តសញ្ញាណនៃវប្បធម៌របស់ពួកគាត់។

លោក មុត ពិសី អាយុ ៣៩ឆ្នាំ និងជាម្ចាស់ហាងឈ្មោះ RNN Café ដែលមានទីតាំងនៅបឹងកន្សែង ខេត្តរតនគិរី បានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី២៥ វិច្ឆិកានេះថា ការកែច្នៃកែវទឹកពីឫស្សីនេះ គឺជាគំនិតផ្តួចផ្តើមថ្មីរបស់សិប្បកម្មតម្បាញឫស្សីរបស់សហគមន៍យក្សឡោម ហើយហាងកាហ្វេនេះជាបណ្តាញរបស់អង្គការមួយនៅរតនគិរី ដូច្នេះខាងបណ្តាញបានឱ្យជនជាតិដើមភាគតិចទំពួន ធ្វើកែវនេះដាក់ទឹកនិងកាហ្វេ ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍របស់ពួកគាត់វិញ។

លោកថ្លែងដូច្នេះថា៖«យើងឱ្យគាត់ធ្វើអាហ្នឹង(កែវពីឬស្សី) ដើម្បីប្រើប្រាស់ដាក់កាហ្វេ ភេសជ្ជៈ។ អ៊ីចឹង! គាត់បានធ្វើខ្លះ ហើយគាត់តម្បាញឫស្សីធ្វើជញ្ជំង ធ្វើស៊ុមខ្លះ គាត់មានព្រៃសហគមន៍របស់គាត់នៅយក្សឡោម ហើយគាត់រើសប្រភេទឬស្សីដែលអាចខាត់ ឆ្លាក់ ក្បាច់របស់គាត់(ជនជាតិ)លើហ្នឹង។ ឥឡូវយើងប្រើប្រាស់នៅក្នុងហាងរបស់យើង និងលក់ទៅឱ្យអថិតិជនខ្លះ ប៉ុន្តែវានៅក្នុងដំណាក់កាលដំបូង យើងអត់ទាន់បានដំណើរការយូរមកហើយនោះទេ គាត់ទើបចាប់ផ្តើមធ្វើកាលពីខែមុន»។

រូបភាពផ្តល់ដោយ លោក មុត ពិសី

លោកបន្តថា ខាងហាងលោកទើបតែបានសហការឱ្យសហគមន៍ជនជាតិដើមភាគតិចទំពួនធ្វើកែវឫស្សីរយៈពេលជាងមួយខែប៉ុណ្ណោះ ប៉ុន្តែសហគមន៍នេះចាប់ផ្តើមកែច្នៃរបស់ប្រើប្រាស់ពីឫស្សីនេះយូរមកហើយ ប្រើដោយដៃ។

លោកថ្លែងថា៖«អ៊ីចឹង! ពួកយើងបានពិភាក្សាជាមួយគាត់ ពីលទ្ធភាពក្នុងការកែច្នៃទាំងអនុផលព្រៃឈើ និងឫស្សីហ្នឹង តម្បាញរស្សី និងកែវឫស្សីនេះ ជាផ្នែកមួយដែលគាត់ចាប់អារម្មណ៍ ហើយគាត់ចង់រំលេចក្បាច់អត្តសញ្ញាណរបស់គាត់ទៅលើកែវឫស្សី ហើយពួកគាត់ក៏សហការជាមួយពួកខ្ញុំ។ ឥឡូវនេះពួកខ្ញុំក៏មានគម្រោងបន្តទៀតកែច្នៃឫស្សីហ្នឹងទៅជាសិប្បកម្មផ្សេងៗដែរ»។

លោកបន្ថែមថា សហគមន៍ជនជាតិដើមភាគតិចទំពួន ដែលចូលរួមក្នុងការធ្វើកែវពីឬស្សីនេះ គឺមានចំនួន១៥នាក់ ហើយក្នុងមួយថ្ងៃអាចធ្វើបានចន្លោះពី៣០ទៅ៥០កែវ ប៉ុន្តែអ្វីដែលផលលំបាករបស់ពួកគាត់ គឺត្រូវចូលព្រៃដើម្បីស្វែងរកប្រភេទឬស្សីក្រាស់។​ លោកបញ្ជាក់ថា កែវធ្វើពីឫស្សីនេះ មានតម្លៃពី៤ ដុល្លារក្នុងមួយដប។

លោកបញ្ជាក់ដូច្នេះថា៖«បញ្ហារបស់គាត់ទី១ គាត់ត្រូវចូលទៅក្នុងព្រៃទៅកាប់ឫស្សីហ្នឹង អត់សូវកាប់បានច្រើនប៉ុន្មាននោះទេ ទាក់ទងនឹងការដឹកជញ្ជូនគាត់ពិបាក។ អ៊ីចឹង! គា្នគាត់ជិះម៉ូតូ កាត់កង់ៗ វាចំណាយពេលវេលាយូរ ហើយត្រូវលុកព្រៃ ត្រូវស្គាល់ព្រៃឫស្សីដែលអាចកាប់បាន ហើយទុកឱ្យវាដុះបន្ត។ បន្ទាប់មកគាត់យកមកអារ ចំណាយពេលយូរក្នុងការខាត់ និងឆ្លាក់ ហើយនឹងហាលវាឱ្យស្ងួត ហើយឆ្លាក់វាឱ្យដល់សាច់ចាស់ ដែលយើងយកមកប្រើទៅអត់ពុក»។

លោកលើកឡើងដែរថា ការប្រើប្រាស់កែវធ្វើពីឫស្សីនេះ វានឹងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បណ្តុះគំនិតស្រលាញ់បរិស្ថាន និងលើកកម្ពស់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិច។

លោក សេង ខង់ ជនជាតិដើមភាគតិចទំពួននៅសហគមន៍យក្សឡោម បានប្រាប់ដែរថា សព្វថ្ងៃមានពលរដ្ឋ៦គ្រួសារប៉ុណ្ណោះ ដែលធ្វើកែវពីឫស្សី ព្រោះគ្មានទីផ្សារ ដោយបច្ចុប្បន្នភាគច្រើនប្រជាពលរដ្ឋប្រើប្រាស់សម្ភារទំនើបៗ មិនសូវចាប់អារម្មណ៍សម្ភារដែលធ្វើដោយដៃផ្ទាល់ និងដោយធម្មជាតិនោះទេ។ លោកបន្តថា កែវឫស្សីនេះមានលក្ខណៈពិសេសដូចជា ប្រើបានយូរ ធ្លាក់មិនបែក  និងពេលដែលចាក់ទឹកក្តៅចូល ហើយលើកទឹកមកពិសារមិនក្តៅដល់ដៃនោះទេ។ 

លោកថ្លែងដូច្នេះថា៖«ប្រសិនជាអ្នកចេះអាហ្នឹង(ធ្វើកែវឫស្សី) អាចរកចំណូលបានខ្លះ ប៉ុន្តែសូម្បីចេះច្រើន ក៏មិនសូវមានអ្នកចង់ទិញ ព្រោះឥឡូវភាគច្រើនរបស់ទំនើបៗចឹង អត់មានអ្នកប្រើ(កែវឫស្សី) ដល់អត់មានអ្នកប្រើចឹង អត់ដឹងធ្វើលក់ទៅខាងណា ប្រើតែខ្លួនឯងដូចខ្ញុំជាដើម។ ជូនកាលគេទិញប្រើក្នុងភូមិខ្លួនឯង និងមានអ្នកទិញមកពីក្រៅ»៕

រូបភាពផ្តល់ដោយ លោក មុត ពិសី

សឹម សល់ម៉ា