សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបពិភាក្សាជាមួយលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា នៅថ្ងៃទី២៤វិច្ឆិកានេះ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យភាគីវៀតណាម រៀបចំកិច្ចព្រមព្រៀងកសិកម្មតាមព្រំដែន ក្នុងពេលសម្ដេចបានជួបពិភាក្សាជាមួយលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៤ វិច្ឆិកានេះ នាវិមានសន្តិភាព។

ក្នុងជំនួបពិភាក្សាគ្នានោះ សម្ដេច ហ៊ុន សែន បានជំរុញឱ្យភាគីវៀតណាម ផ្ដោតការយកចិត្តទុកដាក់លើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានការរីកធំធាត់ថែមទៀត។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យវៀតណាម រៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដោយផ្តោតលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។

បើតាមប្រមុខរដ្ឋាភិបាល ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលទំហំសេដ្ឋកិច្ចទ្វេភាគីបានកើនឡើងគួរឲ្យកត់សម្គាល់។

ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា លោក ង្វៀន ហ៊ុយតាំង បានសន្យាថា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាវិស័យដទៃទៀតផងដែរ។

បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម គិតត្រឹមរយៈពេល៧ខែ ​ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ​សម្រេចបាន ៦, ០៣៤ ​លាន​ដុល្លារ ដែល​កើន ១០៦ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ក្នុងនោះ​ទំនិញ​វៀតណាម​នាំមក​កម្ពុជា ​មាន​តម្លៃ ២, ៧៧៣ ​លាន​ដុល្លារ កើនឡើង ១៨,៣ ​ភាគរយ ។ ចំណែក​ទំនិញ​កម្ពុជា​នាំ​ទៅ​វៀតណាម​វិញ ​មានតម្លៃ ៣, ២៦១ ​លាន​ដុល្លារ កើនឡើង ៤៥២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

វៀតណាម ​ទទួល​ទិញ​កសិផល​ពី​ប្រទេស​កម្ពុជា​ មាន​ដូចជា​ស្រូវ កៅស៊ូ ល្ង ពោត សណ្តែក និង​ស្វាយចន្ទី ជាដើម​។ រីឯ​វៀតណាម​នាំមក​កម្ពុជា​មាន ដែកថែប ប្រេង បន្លែ ផ្លែឈើ និង​ជី​កសិកម្ម​។ 

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម កាលពីឆ្នាំ២០២០ មានជាង ៣ពាន់លានដុល្លារប៉ុណ្ណោះ ថយចុះប្រមាណ១.១៣% ដោយសារបញ្ហាជំងឺកូវីដ-១៩ រាតត្បាតក្នុងប្រទេសទាំងពីរ ក៏ដូចជាពិភពលោក៕