សត្វដំរីត្រូវបានបាញ់សម្លាប់អ្នកទេសចរអន្តរជាតិនៅក្នុងប្រទេសបុតស្វាណា។ រូបភាពដកស្រង់ចេញពីអ៊ិតធឺណិត។

ប្រទេស បុតស្វាណា (Botswana) រកចំណូលបាន២លានដុល្លារ ពីការបើកឱ្យមានការបរបាញ់សម្លាប់សត្វដំរីនៅក្នុងឆ្នាំ២០២១នេះ និងកើនឡើងជាងពីរដងនៃការរដូវកាលបរបាញ់៧ឆ្នាំចុងក្រោយ។ ប្រទេសនេះបានលុបចោលបម្រាមការបរបាញ់សម្លាប់ដំរីរយៈពេល៥ឆ្នាំកាលពីឆ្នាំ២០១៩ ហើយនៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលបានចេញអាជ្ញាបណ្ណចំនួន២៨៧អាជ្ញាបណ្ណសម្រាប់ការបរបាញ់សត្វដំរី ខណៈក្រុមអ្នករិះគន់បាននិយាយថា ការអនុវត្តបែបនេះ គួរតែបញ្ឈប់។

កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងអភិរក្សធនធានធម្មជាតិប្រទេសបុតស្វាណា លោកស្រី Philda Kerengបានប្រាប់រដ្ឋសភាថា ប្រាក់ចំណូលបានកើនឡើងពី១លាន៣សែនដុល្លារក្នុងឆ្នាំ២០១៤ មកដល់២លាន៧សែនដុល្លារក្នុងឆ្នាំ២០២១នេះ ដែលរកបានពីការបើកកីឡាសម្រាប់អ្នកបរបាញ់អន្តរជាតិ ដែលចំណាយប្រាក់៤ម៉ឺន៣ពាន់ដុល្លារ ក្នុងការបរបាញ់សម្លាប់សត្វដំរីមួយក្បាល។ រដ្ឋមន្រ្តីរូបនេះមានសុទិដ្ឋិនិយមថា ប្រាក់ចំណូលពីវិស័យនេះ នឹងកើនឡើងបន្ថែមទៀត ខណៈវិធានការរឹតបន្តឹងលើការធ្វើដំណើរជាអន្តរជាតិ ត្រូវដកចេញទាំងស្រុង។

ប្រធានាធិបតីប្រទេសបុតស្វាណា លោក Mokgweetsi Masisi បានប្រកាសថា ការដកបម្រាមលើការបរបាញ់សម្លាប់សត្វដំរីក្នុងឆ្នាំ២០១៩ គឺមានគោលបំណងដើម្បីដោះស្រាយជម្លោះរវាងសត្វព្រៃជាមួយមនុស្ស ហើយសំខាន់បំផុត ដើម្បីផ្ដល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន។

ក្រៅពីការបរបាញ់សម្លាប់សត្វដំរី អ្នកប្រមាញ់ក៏ត្រូវបានគេអនុញ្ញាតឱ្យសម្លាប់ជីវចម្រុះផ្សេងទៀត ដូចជាសត្វក្របី ក្រពើ និងសត្វខ្លារខិនជាដើម។ បុតស្វាណា ជាប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង និងជាប្រទេសដែលគ្មានព្រំប្រទល់ជាប់នឹងមហាសមុទ្រ។ ប្រទេសនេះ មានតំបន់វាលខ្សាច់ និងតំបន់ដីសណ្ដសម្រាប់ជាជម្រកសត្វព្រៃដ៏ខៀវស្រងាត់នៅក្នុងរដូវវស្សា។ តំបន់ជ្រលងភ្នំនិងវាលស្មៅដ៏ធំរបស់ប្រទេសនេះ គឺកន្លែងរស់នៅសម្រាប់សត្វព្រៃជាច្រើនប្រភេទ ដូចជា សត្វកវែង ខ្លាឃ្មុំ ឆ្កែព្រៃ និងជាប្រទេសមានសត្វដំរីច្រើនបំផុតរបស់ពិភពលោក គឺមានប្រមាណ១សែន៣ម៉ឺនក្បាល។

ខណៈចំនួនសត្វដំរីនៅក្នុងប្រទេសបុតស្វាណាកើនឡើង ប៉ុន្តែសត្វដំរីនៅតំបន់ផ្សេងទៀតនៅក្នុងទ្វីបអាហ្វ្រិក បានថយចុះជាង៣០%ក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ ដោយសារតែការបាត់បង់ទីជម្រកនិងការបរបាញ់៕

ប្រភព៖ VOA