ស្ថានីយពិសោធន៍កសិកម្មព្រៃផ្តៅរបស់អគ្គនាយកដ្ឋានកសិកម្ម លើការការគ្រប់គ្រងសារធាតុចិញ្ចឹមអាសូត បង្កើនទិន្នផលស្រូវ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងថា ការគ្រប់គ្រងសារធាតុចិញ្ចឹមអាសូត គឺអាចជួយបង្កើនទិន្នផលស្រូវ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយប្រើបច្ចេកទេសនុយក្លេអ៊ែរ (15N)បានទៀតផង។

លោក វេង សាខុន បានបញ្ជាក់ថា ការគ្រប់គ្រងសារធាតុចិញ្ចឹមអាសូតឱ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវ គឺមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយការប្រើជីអាសូត(ជីអ៊ុយរ៉េ) ជួយបង្កើនទិន្នផល និងកាត់បន្ថយការបាត់បង់អាសូតទៅក្នុងប្រព័ន្ធបរិស្ថានដី និងទឹក ដែលបណ្តាលឱ្យមានការបំពុលដល់ប្រព័ន្ធអេកូឡូស៊ី ។ ជាពិសេសវាអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាសដែលបង្កឱ្យមានការកើនកំដៅផែនដី។

តាមរយៈការពិសោធន៍លើទីវាល ដែលបានអនុវត្តនៅក្នុងស្ថានីយពិសោធន៍កសិកម្មព្រៃផ្តៅរបស់អគ្គនាយកដ្ឋានកសិកម្ម ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចន្លោះពីឆ្នាំ២០១៤ ,២០១៨ និង២០១៩ បានបង្ហាញថា ការដាក់ជីអាសូតលើសកម្រិត ឬកម្រិតខ្ពស់ពេក វាមិនប្រាកដថា អាចជួយផ្ដល់ទិន្នផលស្រូវខ្ពស់នោះទេ តែវាថែមទាំងធ្វើឱ្យប៉ះពាល់ដល់គុណភាពដីទៀតផង។

រដ្ឋមន្រ្តីកសិកម្ម បានបន្ថែមថា៖«សរុបមក ការពិសោធន៍ស្រាវជ្រាវខាងលើផ្តល់នូវការយល់ដឹងអំពីការគ្រប់គ្រង និងប្រើជីអាសូតឱ្យមានប្រសិទ្ធភាពខ្ពស់លើផលិតកម្មដំណាំស្រូវ។ ការយល់ដឹងរបស់កសិករអំពីកត្តាទាំងនេះគឺ ជាជម្រើសដ៏វៃឆ្លាតមួយក្នុងការគ្រប់គ្រងសារធាតុចិញ្ចឹមអាសូត កាត់បន្ថយបរិមាណជី និងបង្កើនទិន្នផល»។ 

នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពន្យល់ដូច្នេះ៖ ទី១- ការប្រើជីសរីរាង្គ បាចក្នុងដីស្រែជួយបង្កើនប្រសិទ្ធភាពនៃការប្រើជីអាសូត កាត់បន្ថយបរិមាណជីអាសូត និងបង្កើនទិន្នផលដំណាំស្រូវ ,ទី២- ការដាក់ជីអាសូតចំនួន ៩៨គ.ក្រ/ហត លើក្រុមដីទួលសំរោង នៅក្នុងមន្ទីរពិសោធន៍ បានបង្ហាញពីជម្រើសល្អបំផុតសម្រាប់ស្រូវក្រអូបផ្ការំដួល ឬប្រភេទពូជស្រូវកណ្តាល​ ដោយសារវាជួយកាត់បន្ថយការដួលដើមស្រូវ ដែលលើសសារធាតុចិញ្ចឹមអាសូត រួមទាំងបង្កើនប្រសិទ្ធភាពប្រើជីអាសូត និងផ្តល់ទិន្នផលដំណាំខ្ពស់ជាងគេ។ ជាមួយគ្នានេះ កម្រិតជីអាសូតក៏អាចបន្ថយរហូតដល់ ៤២គ.ក្រ/ហត ដោយមិនធ្វើឱ្យធ្លាក់ចុះទិន្នផលខ្លាំង អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចគ្រួសារកសិករ ។ ទី៣- ចំពោះស្រូវកណ្តាល (ផ្ការំដួល) ការដាក់ជីអាសូតអាចបំបែកជាបីដង គឺដាក់ទ្រាប់បាត ៤០% ដាក់ ៣០% ក្រោយពេលស្ទូង ៣០ថ្ងៃ និង ៣០% ទៀត ដាក់ក្រោយពេលស្ទូង ៦០ថ្ងៃ។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់បំផុត ចំពោះស្ថានភាពទឹកក្នុងស្រែ ពីព្រោះវាមានឥទ្ធិពលខ្លាំងណាស់ ទៅលើប្រសិទ្ធភាពប្រើប្រាស់ជីអាសូតរបស់ដំណាំស្រូវ។ 

ការពិសោធន៍កាលពីខែកក្កដា ឆ្នាំ២០១៩ នៅស្ថានីយពិសោធន៍កសិកម្មព្រៃផ្តៅរបស់អគ្គនាយកដ្ឋានកសិកម្ម បានបំបែកជីអាសូតជាពីរដងគឺ៖ ដាក់ជីអាសូត ៦០% ដាក់ទ្រាប់បាតដី និងដាក់ជី៤០% ទៀតដាក់ក្រោយពេលស្ទូង ៥០ថ្ងៃ។ លទ្ធផលបានបង្ហាញថា ទិន្នផលស្រូវខ្ពស់ជាងគេ គឺបានពីបច្ច័យដែលប្រើជីអាសូតចំនួន ៨៩គ.ក្រ/ហត ដោយបាន៤,៨១ តោន/ហត ជាមួយនឹងប្រសិទ្ធភាពប្រើជីអាសូតប្រមាណ ៣១%។ បច្ច័យដែលដាក់ជីអាសូត ៦៩គ.ក្រ/ហត បានផ្តល់ទិន្នផលចំនួន ៤,៦៥តោន/ហត និងមានប្រសិទ្ធភាពប្រើជីអាសូតចំនួន ៣២%។ រីឯបច្ច័យដែលដាក់ជីអាសូតចំនួន ៤២គ.ក្រ/ហត ទទួលបានទិន្នផលតែចំនួន ៤,៣៤ តោន/ហត ហើយមានប្រសិទ្ធភាពប្រើជីអាសូតចំនួន ២៥% ។ ចំណែកបច្ច័យ ដែលដាក់ជីអាសូតចំនួន ៧៩គ.ក្រ/ហត ទទួលបានទិន្នផលចំនួន ៤,២៩តោន/ហត ជាមួយនឹងប្រសិទ្ធភាពប្រើជីអាសូតប្រមាណជា ៣០%។

អាសូត ជាសារធាតុចិញ្ចឹមសំខាន់មួយដែលដំណាំត្រូវការច្រើន និងជាកត្តាកំណត់ក្នុងផលិតកម្ម និងការរីកលូតលាស់ដំណាំ។ ការបន្តប្រើប្រាស់ជីអាសូតដែលមានផ្ទុកអាម៉ូញ៉ូម ច្រើនហួសតម្រូវការដំណាំជាហេតុផលមួយដែលបង្កឱ្យកើនភាពអាស៊ីតដី ឬខូចដី។ មានប្រភេទជីអាសូតផ្សេងៗទៀតដែលត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធផលិតកម្មដំណាំ ដែលមានលទ្ធភាពបង្កភាពអាស៊ីតដីដែរ។ ដើម្បីការពារកុំឱ្យការកើនឡើងភាពអាស៊ីតដី ដោយសារការប្រើប្រាស់ជីអាសូតកើតឡើង កសិករគួរតែប្រើប្រាស់អាសូត តាមអត្រាណែនាំសម្រាប់ដំណាំនីមួយៗ ដោយត្រូវដាក់អាសូតក្នុងបរិមាណតិច ប៉ុន្តែញឹកញាប់ ដើម្បីឱ្យដំណាំស្រូបបានទាំងអស់។ លើសពីនេះ ត្រូវប្រើប្រាស់ប្រភេទជីអាសូតដែលបង្កភាពអាស៊ីតដល់ដីតិចតួច និងប្រើប្រាស់កំបោរកសិកម្ម។ តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាតូមដើម្បីសន្តិភាពរវាងកម្ពុជា និងទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (International Atomic Energy Agency/IAEA) នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានទទួលការគាំទ្របច្ចេកទេស ដើម្បីកសាងសមត្ថភាពចំណេះដឹងវិទ្យាសាស្រ្តនុយក្លេអែរ សម្រាប់កសិកម្មជាមូលដ្ឋាន ដើម្បីគ្រប់គ្រងសារធាតុចិញ្ចឹមអាសូតឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងផលិតកម្មដំណាំស្រូវ៕