ក្រុមពលរដ្ឋខ្មែរជញ្ជូនផ្លែមៀនចុះពីរថយន្តវិញ ក្រោយដឹកទៅលក់គ្មានអ្នកទិញ។ រូបភាពដកស្រង់ពីហ្វេសប៊ុក សុ ជាតិ។

មៀនប៉ៃលិននៅតែបន្តគ្មានទីផ្សារ ដោយសារប្រទេសថៃនៅមិនទាន់បើកទទួលទិញមៀនប៉ៃលិនពីពលរដ្ឋខ្មែរនៅឡើយ។ ពលរដ្ឋអ្នកដាំផ្លែឈើនេះលើកឡើងថា ឈ្មួញខ្មែរដែលដើរប្រមូលទិញផ្លែមៀនពីពួកគាត់ គឺបានក្នុងចំនួនតិចតួច ហើយឱ្យតម្លៃថោក គឺចាប់ពី១០០០ទៅ១២០០រៀលក្នុងមួយគីឡូ ដែលធ្វើឱ្យអ្នកដាំមៀនម្នាក់ៗ ប្រឈមការខាតបង់ច្រើន។

លោក មួរ សុខាន់ កសិករដាំមៀនប៉ៃលិន៣០ហិកតា នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៣វិច្ឆិកានេះថា មៀនប៉ៃលិនចាប់ផ្ដើមដល់ពេលប្រមូលផលច្រើនទៀតហើយ ប៉ុន្តែប្រឈមខ្វះទីផ្សារ ដោយសារប្រទេសថៃមិនទាន់បើកទទួលទិញពីខ្មែរនៅឡើយ។ លោកបន្តថា ផ្លែមៀននៅតាមចម្ការមួយចំនួន កំពុងទុំហើយប្រឈមជ្រុះចោល ដែលធ្វើឱ្យកសិករត្រូវខាតបង់រាប់ម៉ឺនដុល្លារ។

លោកថ្លែងដូច្នេះថា៖«អត់មានឈ្មួញទិញ ហើយឈ្មួញទិញបានតិចៗ វាហួសអាយុ(ហួសពេលប្រមូលផល)។ ចម្ការខ្លះខូចទាំងស្រុង ទាំងចម្ការតែម្តង លក់មិនបានសូម្បីតែ១គីឡូក្រាម។ ហើយចម្ការខ្លះ មានឈ្មួញដឹងឭ ក៏លក់បានខ្លះទៅ។ ខ្ញុំលក់បានខ្លះ ខូចខ្លះ។ ចម្ការមិត្តភក្តិខាតចូលចង់១ម៉ឺនដុល្លារ វាមានទៅតាមចម្ការធំ ចម្ការតូច វាខាតទៅតាមហ្នឹង ខាងថៃមិនឱ្យចូល។ មិនមែនថាថោកទេ លក់មិនចេញតែម្តង ឥឡូវនេះ ចម្ការមិត្តភក្តិមួយលក់អត់ចេញ ដល់ថ្ងៃបេះលក់អត់ចេញនៅប្រហែលចូល៦០តោន»។

ចំណែកលោក ស្រេង ស្រៀង អ្នកដាំមៀនប៉ៃលិន៧ហិកតា នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានលើកឡើងស្រដៀងគ្នាដែរថា បច្ចុប្បន្នទីផ្សារផ្លែមៀនប៉ៃលិនជួបការលំបាកណាស់ ព្រោះខាងថៃមិនទាន់ឱ្យដំណឹងថា នឹងចាប់ផ្ដើមទទួលទិញវិញនៅពេលណានោះទេ។ លោកថា កន្លងមកមានក្រុមហ៊ុនចិនជួយទិញមៀនកសិករខ្មែរ តាមរយៈសហគមន៍មៀនប៉ៃលិន ប៉ុន្តែឆ្នាំ២០២១នេះ ក្រុមហ៊ុននេះមិនបានជួយទិញនោះទេ។

លោកថ្លែងដូច្នេះថា៖«ខាងថៃឥឡូវដូចជាអត់ទាន់ទទួលព័ត៌មាន ហើយកន្លងមកយើងសហការជាមួយក្រុមហ៊ុនចិន ដែលគាត់បោះ(ទីតាំង)នៅថៃ ហើយគាត់ធ្លាប់ជួយទិញមៀនសហគមន៍ប៉ៃលិនហ្នឹង។ គាត់ទម្លាក់លុយមកឱ្យសហគមន៍យើង ដើម្បីទិញមៀនប៉ៃលិន​ នៅបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។ ប៉ុន្តែឆ្នាំនេះ ដោយរបាំងទីផ្សារនៅថៃ មានការលំបាកគេបិទ ហើយទីពីរទៀតកូវីដអត់ទាន់ធូរស្បើយ។ អ៊ីចឹង! ការទម្លាក់ទុននៅឆ្នាំនេះគឺអត់មានតែម្តង ហើយឈ្មួញខ្មែរទិញយកទៅថៃហ្នឹងអត់ដែរ ដោយសារថៃបិទផ្លូវអត់ឱ្យនាំចូល»។

លោកបន្តថា បច្ចុប្បន្នមានឈ្មួញខ្មែរដើរប្រមូលទិញពីកសិករដែរ ដើម្បីចែកចាយតាមខេត្តផ្សេងៗ ប៉ុន្តែមានតម្លៃថោក ដោយមួយគីឡូក្រាម មានតម្លៃ១០០០ទៅ១៥០០រៀលប៉ុណ្ណោះ ដែលធ្វើឱ្យកសិករខាតរាប់ម៉ឺនដុល្លារ។ លោកបញ្ជាក់ថា​ មៀនតម្លៃ៣៥០០រៀលឡើងក្នុង១គីឡូក្រាម ទើបអាចទទួលយកបាន និងអាចធ្វើឱ្យកសិករទទួលបានចំណេញខ្លះ។

លោកបន្ថែមថា កាលពីឆ្នាំ២០២០ មៀនប៉ៃលិនអាចនាំចូលទៅថៃបានធម្មតា ដោយក្នុងមួយគីឡូមានតម្លៃ៣២០០រៀល ហើយកាលនោះ ទោះបីជាជំងឺកូវីដ១៩ ឃ្លាំងនៅថៃនៅតែបន្តជួយទិញ មិនដូចឆ្នាំ២០២១នោះទេ។ លោកលើកឡើងទៀតថា បើចិនបញ្ជទិញមៀនប៉ៃលិនទៅចិនផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ថៃ លោកពិតជាសប្បាយចិត្តណាស់ ព្រោះវានឹងជួយឱ្យកសិករមានជីវភាពធូរធារ មានកម្លាំងចិត្តក្នុងការពង្រីកការដាំដុះ និងមិនពិបាកទីផ្សារដូចបច្ចុប្បន្ន។

លោកថ្លែងថា៖«យើងសង្ឈឹមថា ជួយកសិករហ្នឹងមានជីវភាពរីកចម្រើន គាត់មានការហូបចុកគ្រប់គ្រាន់ គាត់មានការផ្លាស់ប្តូរ ជីវភាពរស់នៅរបស់គាត់សមរម្យ គាត់បានដោះបំណុលធនាគារ មីក្រូហរិញ្ញវត្ថុច្រើនណាស់។ ឥឡូវហ្នឹង! គ្រប់តំបន់ គ្រប់ស្រុកភូមិហ្នឹង ម្នាក់ៗមានបញ្ហាលុយធនាគារ ដែលគាត់ខ្ចីយកមកធ្វើទុន ដើម្បីដោះស្រាយសេដ្ឋកិច្ច ជីវភាពរបស់គាត់ ហើយឥឡូវហ្នឹងទីផ្សារមៀនប៉ៃលិនអត់ គាត់ធ្វើបានហើយអត់ទីផ្សារ។ អ៊ីចឹង! គាត់ដោះ(ធនាគារ)អត់ទាន់រួច ពីមួយឆ្នាំទៅមួយឆ្នាំគឺត្រូវតែបង់ការប្រាក់»។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារនៅព្រឹកថ្ងៃទី ២៣វិច្ឆិកានេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា កម្ពុជានឹងចរចាជាកញ្ចប់ដើម្បីនាំចេញកសិផលដោយត្រង់ទៅប្រទេសចិន ខណៈនៅក្នុងជំនួបតាមអនឡាញកាលពីថ្ងៃទី១៥វិច្ឆិកានេះ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានចាប់អារម្មណ៍រឿងផ្លែតាង៉ែនឬមៀនប៉ៃលិន ដើម្បីអនុញ្ញាតឱ្យនាំត្រង់ទៅកាន់ប្រទេសចិន។

កន្លងមក ផ្លែមៀនប៉ៃលិនកម្ពុជា ត្រូវបានកសិករ នាំចេញទៅលក់ភាគច្រើនឱ្យប្រទេសថៃ ដើម្បីវេចខ្ទប់សម្រាប់នាំចេញបន្តទៅកាន់ទីផ្សារប្រទេសចិន ប៉ុន្តែក្នុងឆ្នាំ២០២១នេះ ផ្លែមៀនប៉ៃលិនរាប់ម៉ឺនតោន ត្រូវបានកកស្ទះគ្មានទីផ្សារលក់ចេញ ដោយសារប្រទេសថៃបិទព្រំដែន លែងទទួលទិញពីកសិករកម្ពុជា។

កាលពីថ្ងៃទី៣០សីហា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា លក្ខខណ្ឌបំពេញតម្រូវភូតគាមអនាម័យ ដើម្បីអាចនាំចូលផ្លែមៀនទៅទីផ្សារប្រទេសចិន គឺកម្ពុជាទើបសម្រេចបាន២ដំណាក់កាលប៉ុណ្ណោះ និងនៅសល់៥ដំណាក់កាលទៀត។ លោក វេង សាខុន បានបញ្ជាក់ថា ដំណាក់កាលដែលទើបសម្រេចបាននោះ មានដូចជាដំណាក់កកាលស្នើរសុំបើកទីផ្សារ និងដំណាក់កាលវាយតម្លៃហានិភ័យសមាសភាពចង្រៃ។ ចំណែកដំណាក់កាលនៅសល់ មានដូចជាការចុះត្រួតពិនិត្យខ្សែច្រវ៉ាក់ផលិតកម្ម ការរៀបចំសេចក្តីសម្រេចពិធីសារ ការចុះហត្ថលេខា ការបំពេញលក្ខខណ្ឌតម្រូវដូចមានចែងនៅក្នុងពិធីសារ ការចុះត្រួតពិនិត្យមើលលទ្ធផលនៃការបំពេញលក្ខខណ្ឌតម្រូវ និងដំណាក់កាលសម្រេចចិត្តបើកទីផ្សារ៕

សឹម សល់ម៉ា