រូបភាពរោងចក្រផលិតស្ករអំពៅនៅខេត្តក្រចេះ ដែលដកស្រង់ចេញពីហ្វេសប៊ុករដ្ឋបាលខេត្តក្រចេះ។

ខេត្តក្រចេះ៖ រោងចក្រផលិតស្ករមួយនៅខេត្តក្រចេះគ្រោងនឹងចាប់ផ្តើមធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនាពេលឆាប់ៗនេះ បន្ទាប់ពីរោងចក្រមួយនេះបានផ្អាកដំណើការប្រមាណជា១ទស្សវត្ស។

យោងតាមលោក លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ បានថ្លែងប្រាប់ខ្មែរណាស់ថា បច្ចុប្បន្នរោងចក្រផលិតស្ករអំពៅនេះកំពុងធ្វើការដាំដុះដំណាំអំពៅ និងផលិតស្ករអំពៅ។ រោងចក្រនេះគឺជាការសហការវិនិយោគរួមគ្នាគ្នារវាង ក្រុមហ៊ុន កាមាដេនូវេឈ័រ និងក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ឯ.ក ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។ លោកថា រោងចក្រនេះបានផ្អាកដំណើរការប្រមាណជិត១០ និងបានបើកដំណើរការឡើងវិញហើយ កាលពីឆ្នាំ២០២០។

លោកបានថ្លែងបន្តទៀតថា រោងចក្រផលិតស្ករអំពៅនេះ គឺជារោងចក្រតែគត់នៅក្នុងខេត្ត និងត្រូវបានបង្កើតឡើងដោយវិនិយោគិនឥណ្ឌាកាលពីជិត១០ឆ្នាំមុន ប៉ុន្តែក្រោយមកក៏បានក្ស័យធន។ បច្ចុប្បន្នមានការដាំដុះដំណាំអំពៅប្រមាណ៣០០០ហិកតា ក្នុងចំណោមគម្រោងដាំដុះសរុប១០០០០ហិកតា និងមានកំលាំងពលកម្មប្រមាណជាង៥០០នាក់កំពុងបម្រើការងារ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងមកបានឲ្យដឹងថា សព្វថ្ងៃ ទីផ្សារស្ករសធំជាងគេរបស់ក្រុមហ៊ុននេះគឺប្រទេសវៀតណាម និងផ្គត់ផ្គង់ក្នុងស្រុក។ លោកថ្លែងថា៖ «នាពេលអនាគត ក្រុមហ៊ុននេះគ្រោងនឹងនាំចេញទៅកាន់ទីផ្សារក្រៅតំបន់បន្ថែមទៀត»។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម កម្ពុជាបាននាំចេញផលិតផលពីស្ករមានតម្លៃជិត ១៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ ២០២០នេះធ្លាក់ចុះ ៤៤ ភាគរយ បើធៀបនឹងឆមាសទី១ឆ្នាំមុន។ ប្រទេសកម្ពុជាបាននាំចេញផលិតផលពីស្ករមានតម្លៃជាង ១៨,៩៥ លានដុល្លារ ចាប់ពីខែមករា ដល់ ខែមិថុនា ធ្លាក់ចុះ ៤៣,៨៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមាន ៣៣,៧៩ លានដុល្លារ៕