22/11/221_សមត្ថកិច្ច​​រក​ឃើញអាវុធ ៣៣​ដើម នៅ​ក្នុង​ចម្ការ​មៀន​មួយ​កន្លែង នៅ​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃទី១២ វិច្ឆិកា ២០២១។ រូបភាព៖ បណ្ដាញសង្គម

មន្ត្រី​សង្គម​ស៊ីវិល​សាទរ​ចំពោះ​​ចំណាត់ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​មន្ត្រី​យោធា និង គូកន ៦​​រូប ក្នុង​ចំណោម​ជនសង្ស័យ ១០​នាក់ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​អាវុធ​ខុស​ច្បាប់ នៅ​ខេត្ត​បាត់ដំបង។ មន្ត្រី​យោធា​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នេះ មាន​ម្នាក់​ជា​មន្ត្រី​ជាន់ខ្ពស់ ឋានៈ​ផ្កាយ​មួយ​បម្រើការ​នៅ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួង​ការពារ​ជាតិ។

មន្ត្រី​សម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​នៅ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត ថ្លែង​ប្រាប់​សារព័ត៌មាន​ខ្មែរណាស់ (Khmernas) នៅ​ថ្ងៃ​ទី២២ វិច្ឆិកា ថា លោក​សាទរ​នឹង​ចំណាត់ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​សង្ស័យ​ទាំង​នេះ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក​ថា ប្រតិបត្តិការ​នេះ​ជា​ការ​រួមចំណែក​ការពារ​សន្តិសុខ​ក្នុង​សង្គម និង​កាត់ផ្ដាច់​ការ​ជួញដូរ​អាវុធ​ខុសច្បាប់ ជា​ពិសេស​បញ្ឈប់​ការ​រក​ស៊ី​ចំណេញ​ប្រាក់​កប់​ក្ដោង​ជាដើម៖ «ព្រោះ​អ្នក​ចង់​ប្រើប្រាស់​អាវុធ​ហ្នឹង គឺ​គាត់​ទាក់ទង​រក​ទិញ​អាវុធ​តាម​ហ្នឹង (ក្រុម​ទាំង​៣​នេះ) ដើម្បី​យក​មក​ប្រើ​លួច​លាក់​ដោយ​ខុស​ច្បាប់​ផ្ទាល់​ខ្លួន ដើម្បី​ប៉ង​ធ្វើ​ឃាត​លើ​គេ។ អ៊ីចឹង​ការ​បង្ក្រាប​ពេល​នេះ ជា​ការ​ល្អ​សម្រាប់​សមត្ថកិច្ច»។

នៅ​ថ្ងៃ​ទី២២ វិច្ឆិកា នេះ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​សមត្ថកិច្ច ​បាន​ចុះ​ឃាត់​ខ្លួន​មន្ត្រី​យោធា ៣​នាក់​ទៀត នៅ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ឆ្នាំង ករណី​សង្ស័យ​ជួញដូរ​អាវុធ​ខុស​ច្បាប់ នៅ​ខេត្ត​បាត់ដំបង។

ជន​សង្ស័យ​ទាំង ៣​នាក់​​ដែល​ទើប​ត្រូវ​បាន​ចាប់​ខ្លួន ម្នាក់​ឈ្មោះ អូន ពិសិដ្ឋ ជា​ឧត្ដមសេនីយ៍​ត្រី ផ្កាយ​១ ធ្វើ​ការ​នៅ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស នៃ​ក្រសួង​ការពារ​ជាតិ។ ម្នាក់​ទៀត​​ជា អតីត​អនុប្រធាន​ផ្នែក​សឹក​រង ហើយ​​អ្នក​ទី៣ ជា​មន្ត្រី​យោធា​ធម្មតា។

សារព័ត៌មាន​ខ្មែរ​ណាស់​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បាន​ទេ។ ប៉ុន្តែ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​ប្រាប់​សារព័ត៌មានវីអូឌី (VOD) ថា ក្រោយ​ឃាត់​ខ្លួន សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទាំង ៦នាក់​នោះ ទៅ​​ជំនុំជម្រះ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ លោកក៏​​អំពាវនាវ​ដ​ល់ គូកន ៤​នាក់​ផ្សេង​ទៀត​ដែ​ល​កំពុង​គេចខ្លួន  ឱ្យចូលមក​សារភាព ដើម្បី​ទទួល​បាន​ការ​សម្រាល​ទោស។

កាល​ពី​ថ្ងៃទី១២ វិច្ឆិកា ​សមត្ថកិច្ច​បាន​រក​ឃើញអាវុធ ៣៣​ដើម នៅ​ក្នុង​ចម្ការ​មៀន​មួយ​កន្លែង នៅ​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ។ អាវុធ​ទាំង​នោះ រួម​មាន​កាំភ្លើង​អាកា (AK) ស្វាយ​ឈើ ៣០ដើម អាវុធ​អ៊ឹម៧៩ (M79) ៣ដើម និង​បង់​កាំភ្លើង ៤០។

មាត្រា​២០ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់​រំសេវ ឆ្នាំ​២០០៥ ចែង​ថា ជន​ណា​ដែល​ដាក់​តាម​ខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឱ្យ​ខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃ ដំឡើង ជួសជុល​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់​រំសេវ ដោយ​គ្មាន​ការ​អនុញ្ញាត នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី ៥០​ម៉ឺន ទៅ ២​លាន​រៀល។ ដោយ​ឡែក​​មាត្រា ៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ ក៏​តម្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី ៦ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ១​លាន ទៅ ៦​លាន​រៀល ថែម​ទៀត៕