សម្ដេចនាយករដ្ឋមន្រ្តីនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារនៅព្រឹកថ្ងៃទី២៣វិច្ឆិកានេះ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ចិនបានសន្យាទិញកសិផលមួយចំនួនទៀតដោយត្រង់ពីកម្ពុជា ជាពិសេសគឺផ្លែមៀនប៉ៃលិន ដែលកន្លងមក ទំនិញកសិផលកម្ពុជាមួយចំនួន គឺត្រូវឆ្លងកាត់ប្រទេសទី៣ ទើបអាចនាំចេញទៅដល់ចិនបាន។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារនៅព្រឹកថ្ងៃទី ២៣វិច្ឆិកានេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងចរចាជាកញ្ចប់ដើម្បីនាំចេញកសិផលដោយត្រង់ទៅប្រទេសចិន ខណៈនៅក្នុងជំនួបតាមអនឡាញកាលពីថ្ងៃទី១៥វិច្ឆិកានេះ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានចាប់អារម្មណ៍រឿងផ្លែ តាង៉ែនឬមៀនប៉ៃលិន ដើម្បីអនុញ្ញាតឱ្យនាំត្រង់ទៅកាន់ប្រទេសចិន។

សម្ដេចថ្លែងដូច្នេះថា៖«ចិននឹងផ្ដល់លក្ខណៈពិសេស ត្រួតពិនិត្យ(អនាម័យ និងភូតគាមអនាម័យ)តាមអនឡាញ។ កន្លងទៅ ខ្ញុំឱ្យកងអង្គរក្សទៅទិញ(ផ្លែមៀនប៉ៃលិន) ចែកប្រជាពលរដ្ឋនិងចែកតាមមន្ទីរពេទ្យ។​ នាយករដ្ឋមន្រ្តីចិនបាននិយាយថា នឹងខិតខំទិញពីកម្ពុជាដោយត្រង់ ដោយមិនឆ្លងកាត់ប្រទេសដទៃ ដែលកន្លងទៅ ទំនិញកសិផលកម្ពុជាមួយចំនួនទៅកាន់ទីផ្សារប្រទេសចិន គឺឆ្លងកាត់ប្រទេសទី៣»។

កន្លងមក ផ្លែមៀនប៉ៃលិនកម្ពុជា ត្រូវបានកសិករ នាំចេញទៅលក់ភាគច្រើនឱ្យប្រទេសថៃ ដើម្បីវេចខ្ទប់សម្រាប់នាំចេញបន្តទៅកាន់ទីផ្សារប្រទេសចិន ប៉ុន្តែក្នុងឆ្នាំ២០២១នេះ ផ្លែមៀនប៉ៃលិនរាប់ម៉ឺនតោន ត្រូវបានកកស្ទះគ្មានទីផ្សារលក់ចេញ ដោយសារប្រទេសថៃបិទព្រំដែន លែងទទួលទិញពីកសិករកម្ពុជា៕

នាយករដ្ឋមន្រ្តីបញ្ជាក់ថា នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ចូលជាធរមាននៅថ្ងៃទី១មករាឆ្នាំ២០២២ នឹងធ្វើឱ្យកម្ពុជាមានលទ្ធភាពកាន់តែច្រើន ក្នុងការពង្រឹងនូវវិស័យកសិកម្ម និងការនាំចេញផលិតកសិកម្មទៅក្រៅប្រទេសថែមទៀត។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម ការនាំចេញកសិផល ដែលមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូរបស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ៦៨ ប្រទេស ក្នុងរយៈពេល១០ខែឆ្នាំ២០២១នេះ សម្រេចបានទឹកប្រាក់ជាង៤០០០លានដុល្លារ ក្នុងនោះការនាំចេញអង្ករមានសម្រេចបានជាង៣៩២លានដុល្លារ ការនាំចេញស្រូវសម្រេចជាង៤៦៥លានដុល្លារ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករសម្រេចបានជាង ២៨៣៣លានដុល្លារ និងការនាំចេញកៅស៊ូធម្មជាតិសម្រេចបានជាង៣៧៩លានដុល្លារ៕