ពលរដ្ឋចូលទៅកម្សាន្តនៅប្រាសាទអង្គរវត្ត អំឡុងពេលឈប់សម្រាកបុណ្យអុំទូកឆ្នាំ២០២១។ រូបភាព៖មន្ទីរទេសចរណ៍ខេត្តសៀមរាប។

ភ្នំពេញ៖ ភ្ញៀវទេចរប្រមាណ១លាន១សែននាក់បានធ្វើដំណើរកម្សាន្តទៅកាន់រមណីដ្ឋាននានាក្នុងរយៈពេលបីថ្ងៃ នៃរាជពិធីបុណ្យអុំទូក ដែលត្រូវបានប៉ាន់ប្រមាណថាបានបង្កើតចំណូលចាក់ចូលវិស័យទេចរណ៍ជាង៨៨លានដុល្លារអាមេរិក។

របាយការណ៍ពីក្រសួងទេសចរណ៍ឲ្យដឹងថា ក្នុងពេលបុណ្យអុំទូក៣ថ្ងៃ បូកនឹងថ្ងៃអាទិត្យដែលបានចាប់ផ្តើមពីថ្ងៃទី១៨ដល់ថ្ងៃ ទី២០វិច្ឆិកា  មានភ្ញៀវទេសចរជាង១លាន១សែននាក់ ដែលបានចេញដើរកម្សាន្តនៅរាជធានីខេត្តចំនួន១២ ដោយមានការកើនឡើងជាង២៥% បើធៀបនឹងរយៈពេលដូចគ្នា នៅអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ កាលដើមខែតុលា ឆ្នាំ២០២១នេះ។

បើយោងតាម លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ ជាមធ្យមសម្រាប់ភ្ញៀវទេសចរ ភ្ញៀវជាតិ ធ្វើដំណើរកម្សាន្តពីរយប់បីថ្ងៃ គាត់អាចចំណាយចន្លោះពី៥០ទៅ៨០ដុល្លារក្នុងទេសចរម្នាក់ និងភ្ញៀវបរទេសអាចចន្លោះពី៩០ទៅ៩៥ដុល្លារក្នុងថ្ងៃ គិតទាំងការហូបចុកនិងស្នាក់នៅ។

លោកបានថ្លែងថា៖«នៅអំឡុងពេលបុណ្យអុំទូកនេះ ទេសចរបានចំណាយថវិកាចាយវាយទៅលើសេវាកម្មទេសចរណ៍ដូចជា ហូបចុក ស្នាក់នៅ ច្រើនជាងពេលបុណ្យភ្ជុំបិណ្ឌ ដោយបានចំណូលច្រើនវិស័យឯកជន និងពលរដ្ឋ ដែលប្រកបរបរនៅតាមមូលដ្ឋានគោលដៅទេសចរណ៍ទាំងនោះ»។

លោក ថោង ខុន បានលើកឡើងថា លំហូរភ្ញៀវទេសចរក្នុងរយៈពេលជិតមួយសប្តាហ៍នេះ បង្កើតបាននូវចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានាបានប្រមើលមើលពីកាលានុវត្តភាពនៃការងើបឡើងដ៏រហ័សនៃវិស័យទេសចរណ៍  ដោយវិស័យនេះកំពុងទាញយកបានមកវិញនូវទំនុកចិត្តរបស់ភ្ញៀវទេសចរតាមរយៈលំហូរទេសចរផ្ទៃក្នុង។

របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា(NBC) បង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវបរទេស ១០,៨ម៉ឺននាក់ ធ្លាក់ចុះ ៩០,៨ភាគរយបើធៀបឆមាសទី១ ឆ្នាំ២០២០ ដែលមានចំនួន ១,១៨លាននាក់។ ក្នុងនោះភ្ញៀវជនជាតិចិនដែលមានចំនួន ២៧៥ ៦៧១នាក់ (ច្រើនជាងគេ) កាលពីឆមាសទី១ ឆ្នាំ២០២០ បានធ្លាក់ចុះ ៨៧,៨ភាគរយ៕