ពលរដ្ឋដើរលេងកម្សាន្តនៅមុខព្រះបរមរាជវាំងអំឡុងពេលឈប់សម្រាកបុណ្យអុំទូកឆ្នាំ២០២១។ រូបភាព៖ហ្វេសប៊ុកក្រសួងទេសចរណ៍។

អំឡុងពេលឈប់សម្រាកបុណ្យអុំទូក៣ថ្ងៃ គឺពីថ្ងៃទី១៨ដល់ថ្ងៃទី២០វិច្ឆិកានេះ មានពលរដ្ឋដើរលេងកម្សាន្តជាង​៩០​ម៉ឺន​នាក់ ក្នុងនោះរាជធានីភ្នំពេញមានពលរដ្ឋដើរលេងកម្សាន្តច្រើនជាងគេ បន្ទាប់មក សៀមរាប និងខេត្តព្រះ​សីហនុ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី២១វិច្ឆិកានេះ។

នៅថ្ងៃទី១ មានពលរដ្ឋដើរលេងកម្សាន្តជាង១៣ម៉ឺននាក់ នៅថ្ងៃទី២មានពលរដ្ឋដើរកម្សាន្តជាង៣៣ម៉ឺននាក់ និង​នៅថ្ងៃទី៣មានពលរដ្ឋដើរលេងកម្សាន្តជាង៤៤ម៉ឺននាក់។ រាជធានីភ្នំពេញដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺជិត២០ម៉ឺននាក់ សៀមរាបជិត១២ម៉ឺននាក់ ព្រះសីហនុ១១ម៉ឺននាក់ កំពត់ជាង៨ម៉ឺននាក់ កែបជាង​៧​ម៉ឺន​នាក់ ខណៈខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរច្រើនជាងគេលំដាប់ទី៩ គឺចំនួនជាង៣ម៉ឺននាក់។ នេះបើតាមរបាយការណ៍ដដែល។

ក្រសួងបន្តថា ពលរដ្ឋដើរលេងកម្សាន្តក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ គឺលើសពីការរំពឹងទុក និងបានកើនឡើង​៥៤.​៣៤​% បើធៀបនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២០ ហើយបើធៀបភ្ញៀវពេលឈប់សម្រាកភ្ជុំបិណ្ឌ៣ថ្ងៃដូចគ្នាកាលពីដើមខែតុលា គឺមានកើនឡើង៣៦.៩២%៕