លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា ផ្សព្វផ្សាយអំពីការបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ និងភេសជ្ជៈ

រាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញ ម្ហូបអាហារ និងក្រឡុកស្រា ចាប់ពីខែមករា ឆ្នាំ​២០​២២។ គោលបំណងនៃការបើកវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីផ្ដល់ជំនាញដល់ពលរដ្ឋ ក្នុងទិសដៅឈានទៅកាត់បន្ថយភាពក្រីក្រក្នុងសង្គម។

ប្រធានរាជបណ្ឌិត្យសភា លោក សុខ ទូច បានបញ្ជាក់ថា ជំនាញម្ហូបអាហារ និងក្រឡុកស្រានេះ ត្រូវពឹងផ្អែកលើទស្សនៈ ឬគោលការណ៍ចំនួន៤ គឺតម្លៃទាប ឆ្ងាញ់ គុណភាព និងស្នាមញញឹម។ ទស្សនៈទាំងនេះ ត្រូវបានលោក សុខ ទូច អះអាងថា ខ្លួនបានសិក្សាពីប្រទេសចំនួន៥ ក្នុងនោះមានថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងកូរ៉េខាងត្បូង។

ដោយឈរផ្អែកលើទស្សនៈទាំង៤នេះ លោក សុខ ទូច ក៏បានរៀបរាបថា ដើម្បីឱ្យតម្លៃម្ហូបអាហារទាប គឺត្រូវការឱ្យបង្កើនការផលិតបន្លែសេរីរាង្គ និងការចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងតម្រូវការចាំបាច់នានា។

ប្រធានរាជបណ្ឌិត្យសភា បានថ្លែងយ៉ាងដូច្នេះថា៖«ធ្វើយ៉ាងម៉េចឱ្យមានតម្លៃទាបបាននោះ ត្រូវឈរលើគោល​ការណ៍​ចំនួន៤ គឺទី១ ផលិតផលក្នុងស្រុក ទី២ យើងត្រូវមានជំនាញដោយខ្លួនឯង ព្រោះកាលណាយើងជួលគេ វាមិន​អាចមានតម្លៃទាបទេ ទី៣ ដើម្បីឱ្យមានតម្លៃទាប យើងត្រូវតែធ្វើយ៉ាងណាត្រូវផលិតនូវដំណាំសេរីរាង្គ (Organic) ព្រោះបើទិញ Organic ពីគេគឺថ្លៃណាស់ ទី៤ ដើម្បីឱ្យតម្លៃទាបបាន គឺយើងត្រូវបង្កើតពូជ(សត្វ) នៅក្នុង​ស្រុក លើផ្នែកវិស័យកសិកម្មហ្នឹង»។

ចំណែកភាព«ឆ្ងាញ់»របស់ម្ហូបវិញ លោក សុខ ទូច បានបន្ថែមថា ការធ្វើម្ហូបឱ្យមានភាពទាក់ទាញហើយឆ្ងាញ់នេះ គឺត្រូវការធ្វើម្ហូបមានជំនាញ និងវិជ្ជាជីវៈត្រឹមត្រូវ ដែលយល់ដឹងពីអារម្មណ៍និងតម្រូវការរបស់ភ្ញៀវ។ បន្ថែមពីនេះ លោក ក៏ជំរុញឱ្យបង្កើនគុណភាពមនុស្ស គុណភាពផលិតផល និង គុណភាពបរិស្ថាន ដើម្បីអាច​ធ្វើឱ្យម្ហូបអាហារមានគុណភាពផងដែរ។ សម្រាប់ស្នាមញញឹមនៃម្ហូបអាហារ គឺជាន័យក្ដោបរួមនៃរសជាតិ ដែលទាមទារឱ្យចុងភៅ ផលិតម្ហូបមានគុណភាព តម្លៃសមរម្យ និងឆ្ងាញ់។

លោក សុខ ទូច បានបន្ថែមទៀតថា វគ្គបណ្ដុះបណ្ដាលនេះ នឹងជួយកសាងសមត្ថភាពប្រជាពលរដ្ឋ ជាពិសេសយុវ​ជន ឱ្យពួកគេអាចមានលទ្ធភាពរកចំណូលពីភ្ញៀវបរទេសមកលេងកម្សាន្តក្នុងស្រុក ក៏ជាយុវជនដែលចង់ទៅធ្វើការនៅក្រៅប្រទេស តាមរយៈជំនាញម្ហូបអាហារនេះផងដែរ។

ប្រធានរាជបណ្ឌិត្យសភារូបនេះ បានបញ្ជាក់ទៀតថា៖«បង្រៀនឱ្យកូនខ្មែរយើង មានជំនាញចំណេះ នៅពេលដែលគាត់ទៅធ្វើការនៅបរទេស មិនមែនលក់តែកម្លាំងពលកម្មទៀតទេ គឺគាត់លក់៣ ទី១ លក់វិជ្ជាជីវៈ ទី២ លក់ទេពកោសល្យ ទី៣ លក់កម្លាំងពលកម្ម។ ទាំង៣នេះដែលយើងត្រូវការ ហើយឱ្យបានផលចំណូលច្រើនសម្រាប់គ្រួសាររបស់គាត់ ធ្វើម៉េចឱ្យគ្រួសារគាត់មានចំណូលខ្ពស់ គឺអាស្រ័យលើលក់ជំនាញ។ បើគ្មានជំនាញទេ គឺយើងច្បាស់ជាទៅលក់កម្លាំងពលកម្មហើយ»។

បើតាមលោក សុខ ទូច ការបណ្ដុះបណ្ដាលនេះ នឹងបង្ហាញទៅអន្តរជាតិថា យុវជនកម្ពុជា លែងលក់តែកម្លាំងពលកម្មដូចមុនទៀតហើយ គឺលក់ទាំងជំនាញ និងទេពកោសល្យ។ សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ គឺមានបង់ថ្លៃរៀនធម្មតា ដើម្បីជំរុញឱ្យសិស្សខំសិក្សា៕