លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ រូបភាពដកស្រង់ចេញពីហ្វេសប៊ុករបស់លោកស្រី។

ភ្នំពេញ៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ការសម្រេចដែលមិនតម្រូវឱ្យធ្វើចត្តាឡីស័ក និងពុំចាំបាច់ធ្វើតេស្តតាមម៉ាស៊ីន PCR ទៀតទេ ទាំងជនជាតិខ្មែរនិងបរទេស ដែលបានចាក់វ៉ាក់សាំងរួចហើយ នៅពេលចូលមកកម្ពុជាតាមគមនាគមន៍ទាំង៣ រួមមានផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស នឹងផ្តល់ក្តីសង្ឃឹមនៃការរស់រានមានជីវិតរបស់វិស័យទេចរណ៍ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ១៩ជិត២ឆ្នាំមកនេះ។

ការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា បានប្រកាសលុបចោលនូវការអនុវត្តការធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា សម្រាប់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលចូលមកប្រទេសកម្ពុជាចំពោះអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ គ្រប់ដូស ប៉ុន្តែនៅតែបន្តអនុវត្តការធ្វើចត្តាឡីស័ក ១៤ ថ្ងៃដដែលសម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង។

លោកស្រីបានបន្ថែមថា គ្រប់ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងកូវីដ ១៩ គ្រប់ដូសរួចហើយ ហើយបានធ្វើដំណើរមកពីក្រៅប្រទេសទាំងជនជាតិខ្មែរ និងជនជាតិបរទេសតាមរយៈផ្លូវអាកាសចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ផ្លូវគោក និងផ្លូវទឹក មិនតម្រូវឱ្យធ្វើតេស្តរកកូវីដ ១៩ ជាមួយម៉ាស៊ីនធំ PCR ទេ ដោយត្រូវតែធ្វើតេស្តរហ័សប៉ុណ្ណោះ។

លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ខ្មែរណាស់នៅព្រឹកថ្ងៃទី១៧វិច្ឆិកានេះថា ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលនេះ គឺជាដំណឹងដ៏វិជ្ជមានបំផុតសម្រាប់វិស័យទេសចរណ៍ ក៏ដូចជាអ្នកទេសចរបរទេស ដែលមានបំណងចូលមកកំសាន្តនៅកម្ពុជា។

លោកស្រីបានបន្តថា ៖« ខ្ញុំសង្ឃឹមថា ការប្រកាសមិនតម្រូវធ្វើចត្តាឡីស័កនេះ នឹងធ្វើឲ្យទេសចរណ៍យើងឆាប់បានស្តារឡើងវិញ ឆាប់ៗ។ ជាមួយគ្នានេះដែរ យើងក៏ចង់បានការជម្រុញឲ្យមានការតភ្ជាប់ជើងនូវហោះហើរឲ្យបានច្រើនផងដែរ ដោយសារតែនៅពេលដែលយើងមានការដឹកជញ្ជូនកាន់តែច្រើនវានឹងជួយសម្រួលដល់ភ្ញៀវទេចរ»។

លោកស្រីបានថ្លែងបញ្ជាក់ទៀតថា នៅពេលដែល ការដឹកជញ្ជូនតាមផ្លូវអាកាសមានលក្ខណៈសម្បូរបែបបន្តិច ទើបផែនការបើទទួលភ្ញៀវទេសចរអន្តរជាតិនេះ មានប្រសិទ្ធភាពខ្ពស់ ដោយសារការបើកប្រទេសជិតខាង ក៏ដូចជាក្នុងតំបន់អាស៊ាននៅមានកម្រិតនៅឡើយ។

លោកស្រីថា ភ្ញៀវទេសចរនៅតំបន់អឺរ៉ុប មានការចាប់អារម្មណ៍ច្រើនចំពោះកម្ពុជា តែដោយសារតែជើងហោះហើរកម្ពុជា ពឹងពាក់លើប្រទេសជិតខាងច្រើន ដូចនេះ គឺអាស្រ័យទៅការបើករបស់ប្រទេសជិតខាងដែរ។

កាលពីថ្ងៃទី១៥ ក្រសួងទេចរណ៍ក៏បានដាក់ចេញនូវសេចក្តីណែនាំបន្ថែមទៅលើការសម្រេចរបស់រដ្ឋាភិបាល ដោយបានជំរុញដល់ប្រតិបត្តិករទេចរណ៍ទាំងអស់ត្រូវតែប្រកាន់ភ្ជាប់នូវក្រមសុខាភិបាលដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេចរជាតិនិងអន្តរជាតិ។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់ខ្មែរណាស់ថា អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលស្វាគមន៍ការមកដល់នៃក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសក្នុងបន្ធូរបន្ថយលើការមិនតម្រូវធ្វើចត្តាឡីស័ក ដែលលោកយល់ឃើញថាវាជាកត្តាមួយដល់សំខាន់ក្នុងការស្រោចស្រង់ការងើបឡើងវិញនៃវិស័យអាកាសចរណ៍។

របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ ២០២១ កម្ពុជាទទួលបានភ្ញៀវបរទេស១០,៨ម៉ឺននាក់ ធ្លាក់ចុះ៩០,៨ភាគរយ បើធៀបឆមាសទី១ ឆ្នាំ២០២០ ដែលមានចំនួន ១,១៨ លាននាក់។ ក្នុងនោះភ្ញៀវជនជាតិចិនដែលមានចំនួន ២៧៥ ៦៧១ នាក់ (ច្រើនជាងគេ) កាលពីឆមាសទី ១ ឆ្នាំ ២០២០ បានធ្លាក់ចុះ ៨៧,៨ ភាគរយ៕