17/11/21 លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យ និងបើកផ្សារដារ ឬផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី១៦ វិច្ឆិកា ២០២១(រូបពីរដ្ឋបាលខេត្ត)

អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា(ផ្សារដារ) ស្ថិតនៅក្នុង​ឃុំ​ដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម ដើម្បីដោះស្រាយបញ្ហាពលរដ្ឋ និងប្រជាកសិករ ក្នុង​វិបត្តិកូវីដ-១៩ នាថ្ងៃទី១៦ វិច្ឆិកា។

ផ្សារគំរូព្រំដែនកម្ពុជា ឬផ្សារដារនេះ បានផ្អាកដំណើរការ២ឆ្នាំមកហើយ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ។ លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ការដាក់ដំណើរការផ្សារដារឡើងវិញនេះ ដោយសារឃើញស្ថានភាពជំងឺកូវីដ-១៩ មានសភាពធូស្រាលជាងមុន។ 

ថ្លែងក្នុងពិធីបើកដំណើរការអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ដូច្នេះថា៖«ដោយសារការរីករាលឆ្លងជំងឺកូវីដ១៩ ទើបធ្វើឲ្យដំណើរការផ្សារមានការអូសបន្លាយ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថានភាពមានការធូរស្រាល ពិសេសក្រោយការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ស្តីពីការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ទើបរដ្ឋបាលខេត្ត សម្រេចដាក់ឲ្យផ្សារនេះមានដំណើរការលក់ដូរ»។

ដើម្បីជួយពន្លឿនការលក់ដូរ ក៏ដូចជាជួយសម្រួលដល់អាជីវករ និងប្រជាកសិករក្នុងខេត្តនេះ លោក ជាម ច័ន្ទសោភណ្ឌ ក៏បានសម្រេចអនុញ្ញាតឲ្យអាជីវករ ប្រកបអាជីវកម្ម ដោយមិនគិតថ្លៃឈ្នួល រយៈពេល ២ឆ្នាំ គិតចាប់ពីថ្ងៃដំណើរការផ្សារនេះទៅ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ទទួលបន្ទុកចំណាយលើភ្លើងបំភ្លឺសាធារណៈ និងការថែទាំផ្សេងៗទៀតដែរ។

លោក តូច សុខន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានបន្ថែមថា ការបើកដំណើរការនេះ ដើម្បីសម្រួលការលំបាកពលរដ្ឋរកចំណូលផ្គត់ផ្គង់ជីវភាព ជាបណ្ដើរៗ ខណៈភាគីវៀតណាម មិនទាន់បើកច្រកព្រំដែនឡើយ ដោយ​សារជំងឺកូវីដ-១៩ រាតត្បាតខ្លាំង។

បើតាមលោក សុខន ពលរដ្ឋ និងប្រជាកសិករ នៅក្នុងខេត្ត ឬមកពីខេត្តដទៃ ក៏អាចចូលលក់ដូរទំនិញ នៅក្នុងផ្សារនេះបានដែរ។ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំរូបនេះ បានប្រាប់សារព័ត៌មានខ្មែរណាស់ នៅថ្ងៃទី១៧ វិច្ឆិកាថា៖ «ផ្សារនេះ ឲ្យទូទៅអត់កំណត់ទេ (ពលរដ្ឋ និងកសិករ) ពីខេត្តណាក៏ដោយក៏អាចលក់ដូរបានដែរ ចៀស​វាងតែយករបស់(ទំនិញ) ដែលរដ្ឋហាមឃាត់។ ដូចជាបន្លែអី កសិករយើងដាំហើយ គាត់អាចយកទៅលក់បានទាំងអស់»។

ផ្សារដារនេះ ជាផ្សារគំរូព្រំដែនកម្ពុជាទី១ ស្ថិតនៅមាត់ច្រកទ្វារព្រំដែនទ្វេភាគីដារ ជាប់នឹងព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម ដែលចំណាយការសាងសង់អស់ទឹកប្រាក់ប្រមាណ ២លានដុល្លា។ ផ្សារនេះ ត្រូវបានរដ្ឋាភិបាល សម្ពោធឲ្យដំណើរការលក់ដូរ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែដោយសារកូវីដ-១៩ រាតត្បាតខ្លាំង អាជ្ញាធរក៏សម្រេចផ្អាកដំណើរការសិន។

រដ្ឋាភិបាលបង្កើតផ្សារនេះឡើង ដើម្បីពង្រីកសក្ដានុពលទីផ្សារ ជាពិសេសបង្កើតការងារ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅតាមព្រំដែន និងដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម។

ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) សាងសង់អស់ទឹកប្រាក់ប្រមាណ ២លានដុល្លារ លើផ្ទៃដី ១៩, ៦២៨ម៉ែត្រក្រឡា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសថារី នៃស្រុកមេមត់ ។ រចនាប័ទ្មផ្សារមាន អគារតួផ្សារ អគាររដ្ឋបាលផ្សារ បង្គន់សាធារណៈ ឃ្លាំងស្តុកទំនិញ សួនច្បារ និងទីតាំងចំណតយានយន្ត ។ ផ្សារនេះ មានតូបសរុប ៦៨តូប រួមមាន តូបប្រភេទA 24តូប ប្រភេទB 24តូប ប្រភេទC 16តូប និងប្រភេទD 4តូប៕