រូបឯកសារ៖ បុរស​ម្នាក់​ និង​ចៅ​កំពុង​ត្រៀម​សំណាញ់​នៅ​ឯ​ភូមិ​ក្បាល​ជ្រោយ នៅ​តាម​ដង​ទន្លេ​មេគង្គ ជិត​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ រូបភាព៖ AP

អង្គការសង្គមស៊ីវិលចំនួន១០បានធ្វើចេញសេចក្ដីថ្លែងការរួមគ្នាមួយ នៅថ្ងៃទី១៥ខែវិច្ឆិកា ដើម្បីសាទរចំពោះការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ថានឹងមិនសាងសង់ទំនប់វារីអគ្គិសនីណាមួយនៅតាមដងទន្លមេគង្គរបស់ខ្លួនឡើយ។ អង្គការសង្គមស៊ីវិលទាំងនោះយល់ថា ការប្ដេជ្ញាចិត្តបែបនេះ គឺជាសញ្ញាវិជ្ជមានមួយ ចូលរួមដោះស្រាយយ៉ាងសំខាន់ នូវក្ដីបារម្ភកាន់តែខ្លាំងឡើង ជុំវិញផលអវិជ្ជមានលើទន្លេមេគង្គ រួមទាំងនិរន្តរភាពនិងប្រព័ន្ធអេកូឡីស៊ីរបស់ទន្លេនេះ។

អង្គការដែលបានចេញសេចក្ដីថ្លែងការណ៍ទាំងនោះ មានដូចជា អង្គការភូមិខ្ញុំ អង្គការអុកស្វាម (Oxfarm) សមា​គមន៍ម្លប់ព្រហ្មវិហារធម៌ និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាឬហៅកាត់ថា NGO Forum ជាដើម។

មូលហេតុដែលពួកគេសាទរនិងគាំទ្រចំពោះការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនេះ ពីព្រោះបើតាមការសិក្សាមួយក្នុងឆ្នាំ២០១៧ពីគណៈកម្មការទន្លេមេគង្គ(MRC)បង្ហាញថា ប្រសិនបើទំនប់វារីអគ្គីសនីទាំងអស់ ត្រូវបានសាងសង់ឡើងនៅតាមដងទន្លេមេគង្គមេ និងដៃទន្លេនៃដងទន្លេមេគង្គក្រោម ដូចបានគ្រោងទុកនៅឆ្នាំ២០៤០ នោះនឹងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សេដ្ឋកិច្ច និងសន្តិសុខស្បៀងក្នុងតំបន់។

ការគំរាមកំហែង ដោយសារតែផែនការវារីអគ្គីសនីទាំងនោះ នឹងកាត់បន្ថយ៩៧%នៃដីល្បាប់ដែលហូរទៅកាន់ដីសណ្ដទន្លេមេគង្គ ដើម្បីគាំទ្រដល់សកម្មភាពកសិកម្ម ហើយនឹងអាចធ្វើឱ្យការស្តុកត្រីធ្លាក់ចុះរហូតដល់៨០% ដោយ​សារតែប្រភេទត្រីចម្រុះ នឹងមិនអាចចរាចរទៅតំបន់ទំនាបទន្លេមេគង្គ ជាពិសេសនៅតំបន់បឹងទន្លេសាប សម្រាប់រកចំណី និងការបន្តពូជជាដើម។

ទោះជាយ៉ាងណា សេចក្ដីថ្លែងការណ៍ជាភាសាអង់គ្លេសចំនួនពីរទំព័រ ហើយបើបកប្រែតាមភាសាខ្មែរមានអត្ថន័យបន្តថា៖«ជាថ្មីម្តងទៀត យើង(ជាអង្គការសង្គមស៊ីវិល) សូមបង្ហាញការកោតសរសើរនិងការគាំទ្ររបស់យើង ចំពោះ​រដ្ឋាភិបាលកម្ពុជា សម្រាប់ការប្តេជ្ញាចិត្តដ៏រឹងមាំនេះ ហើយយើងក៏នឹងមានការកោតសរសើរយ៉ាងខ្លាំងដែរ ប្រសិនបើរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធសំខាន់ៗ ដាក់បញ្ចូលការប្តេជ្ញាចិត្តនេះ ទៅក្នុងការអភិវឌ្ឍឬគោលនយោបាយរបស់ខ្លួន ហើយប្រកាន់ខ្ជាប់អនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួននេះ»។

ជុំវិញការលើកឡើងពីអង្គការសង្គមស៊ីវិលទាំងនេះ សារព័ត៌មានខ្មែរណាស់ មិនអាចសុំការឆ្លើយតបពីលោក នេត្រ ភក្ត្រា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានទេ ដោយលោកជំរុញឱ្យទៅសួរខាងមន្រ្តីក្រសួងរ៉ែនិងថាមពលវិញ។ ប៉ុន្តែលោក វិចទ័រ ហ្សូនា ប្រធាននាយកដ្ឋានថាមពលនៃក្រសួងរ៉ែនិងថាមពល ពុំបានលើកទូរសព្ទឡើយ ក្រោយហៅចូលជាច្រើនលើក។

ចំណែកលោកស្រី សែន រំដួល ជំនួយការកម្មវិធីរបស់អង្គការNGO Forum បានប្រាប់សារព័ត៌មានខ្មែរណាស់​ថា កាប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនេះ ពិតជាអាចជួយទៅដល់ប្រជាពលរដ្ឋបានច្រើន ហើយក៏អាចរួមចំណែកបញ្ចៀសប្រទេសពីគ្រោះធម្មជាតិនានាដែរ។

លោកស្រីថ្លែងដូច្នេះថា៖«ខ្ញុំយល់ឃើញថា ទីមួយគឺកាត់បន្ថយគ្រោះទឹកជំនន់ ឧទាហរណ៍ថា បើសិនជាមានភ្លៀងខ្លាំងហើយយើងត្រូវរំដោះទឹក​ គឺយើងមានផ្លូវខាងក្រោម។ ទីពីរ គឺផលប្រយោជន៍ គឺធ្វើឱ្យត្រីអាចបន្តពូជគ្នាបាន ​ព្រោះនៅពេលដែលយើងធ្វើទំនប់វារីអគ្គិសនីទៅ គឺវាបាំង ហើយត្រីផ្នែកខាងលើ គឺនៅតែខាងលើ ហើយផ្នែកខាងក្រោមគាត់អត់អាចបន្តពូជបាន»។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ក៏បានរំឭកឡើងវិញ នូវលំហូរទឹកទាបក្នុងរដូវ​ប្រាំឆ្នាំ២០១៩និងឆ្នាំ២០២០ គឺជាកម្រិតរាក់បំផុតនៅក្នុងប្រវត្តិសាស្រ្ដរបស់ទន្លេមេគង្គ និងបានធ្វើឱ្យប៉ះពាល់មនុស្សរាប់លាននាក់ ដែលរស់នៅពឹងអាស្រ័យធនធានរបស់ទន្លេមេគង្គអស់រាប់សិបជំនាន់មកហើយ។

នៅក្នុងសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសលើកទី២៦(COP26) នៅក្នុងទីក្រុងក្លាហ្កូ(Glasglow) ប្រទេសអង់គ្លេស ដែលមានប្រទេសជាច្រើនក្នុងពិភពលោក បានចូលរួមដើម្បីបង្ហាញពីការប្ដេជ្ញាដើម្បីបញ្ឈប់ការប្រែប្រួលអាកាសធាតុកាលពីសប្ដាហ៍មុននេះ គឺក្រៅពីការប្ដេជ្ញាចិត្តមិនឱ្យមានការ​សាង​សង់​ទំបន់វារីអគ្គិសនីនៅដងទន្លេមេគង្គនោះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បញ្ជាក់ដែរថា រដ្ឋា​ភិ​បាលកម្ពុជាប្ដេជ្ញាមិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី​ រួមទាំងប្ដេជ្ញាកាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាល​ត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០។

លោកបញ្ជាក់ថា ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់សកម្មភាពបញ្ចេញកាបូនតិច មានភាពធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍតាមបែបបរិយាបន្ន៕