ត្រីទីឡាព្យ៉ា ដែលត្រូវបានប្រមូលពីស្រះ ក្នុងកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យាកំពង់ឆ្នាំង។ (រូបពីគណនីហ្វេសប៊ុកកសិដ្ឋាន)

គម្រោងកម្មវិធីអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា (CAST-Cambodia) និងដៃគូវិនិយោគ កំពុងពិនិត្យមើលលទ្ធភាពផលិត និងផ្គត់ផ្គង់ត្រីទីឡាព្យ៉ា នាំចេញទៅក្រៅប្រទេស។

មន្ត្រីគម្រោងខាស់ (CAST) លោក សុខ ថាវរិទ្ធ បានសម្របសម្រួលឲ្យកសិដ្ឋានខែមបូឌា ហ្វ្រេស ហ្វាម ដែលជាផ្នែក​មួយរបស់ក្រុមហ៊ុន រ៉េនបូ ប្រូហ្គ្រេស អ៊ីនធ័រប្រៃស៍ (Rainbow Progress Enterprise) ជួបជាមួយសមាជិកសមាគមវារីវប្បករនៅកម្ពុជា នៅស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីសិក្សាអំពីលទ្ធភាពផលិត និងផ្គត់ផ្គង់ត្រី​ទី​ឡា​ព្យ៉ា នៅពេលអនាគតដ៏ខ្លីខាងមុខ។ បើតាមលោក សុខ ថាវរិទ្ធ ការជួបពិភាក្សាគ្នានេះ ទើបតែដំណើរការបាន​១០% ប៉ុណ្ណោះ ដោយត្រូវរង់ចាំសញ្ញាវិជ្ជមានពីអ្នកបញ្ជាទិញពីក្រៅប្រទេស។

លោក សុខ ថាវរិទ្ធ បានប្រាប់សារព័ត៌មានខ្មែរណាស់កាលពីថ្ងៃទី១៦វិច្ឆិកា ដូច្នេះថា៖«យើងអត់មានការចរចាអីជា​ដុំ​កំភួនទេ ទាល់តែអំឡុងខែមករា ២០២២ ទើបខាងកសិដ្ឋានខែមបូឌា ហ្វ្រេស ហ្វាម គេទទួលបញ្ជាទិញពីខាងក្រៅ បានគេទាក់ទងមកយើង»។

កសិដ្ឋានខែមបូឌា ហ្វ្រេស ហ្វាម ក៏ជាកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យ៉ាដែរ ប៉ុន្តែមិនទាន់អាចផ្គត់ផ្គង់ទីផ្សារក្នុងក្រៅប្រទេសគ្រប់គ្រាន់ ទើបមានការជួបពិភាក្សាជាមួយកសិករពីលទ្ធភាពផលិត និងផ្គត់ផ្គង់ត្រីទីឡាព្យ៉ានេះ។ ចំពោះលទ្ធភាពផលិត និងផ្គត់ផ្គង់ត្រីទីឡាព្យ៉ានេះវិញ លោក សុខ ថាវរិទ្ធ បានបញ្ជាក់ថា វាហាក់ដូចជាមិនមានបញ្ហាទេ ដោយសារតែត្រីទីឡាព្យ៉ានេះ ជាប្រភេទត្រីងាយស្រួលចិញ្ចឹម។

លោកបានថ្លែងដូច្នេះថា៖«ត្រីទីឡាព្យ៉ាក្រហម និងទីឡាព្យ៉ាខ្មៅ ងាយស្រួលចិញ្ចឹមទេ ងាយស្រួលចិញ្ចឹមជាងត្រីឆ្ពិនទៀត។ សំខាន់ឲ្យតែកសិដ្ឋានខែមបូឌា ហ្វ្រេស ហ្វាម បញ្ជាទិញពីយើង មានកិច្ចសន្យាអីត្រឹមត្រូវ កសិករនឹងចាប់ផ្ដើម(បង្កើន) ការចិញ្ចឹម។ យើងរង់ចាំ(ចម្លើយ)ពីគេសិន»។

មន្ត្រីគម្រោងខាស់ (CAST) បានបន្ថែមថា ខាងកសិដ្ឋានខែមបូឌា ហ្វ្រេស ហ្វាម គ្រោងប្រមូលទិញត្រីទីឡាព្យ៉ា នាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងបណ្ដាអឺរ៉ុបផ្សេងទៀត។

អ្នកស្រី កែវ យ៉ាដា ម្ចាស់កសិដ្ឋាន រដ្ឋដា នៅក្នុងភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងស្រៀមរាប ខេត្តសៀបរាម បាននិយាយថា ត្រីទីឡាព្យ៉ានេះ ងាយស្រួលចិញ្ចឹមផ្គត់ផ្គង់ទីផ្សារទេ ព្រោះវាអំណោយផលសមស្របតាមលក្ខខណ្ឌអាកាសធាតុប្រទេសកម្ពុជា។ 

អ្នកស្រី កែវ យ៉ាដា បានបញ្ជាក់ដូច្នេះថា៖«ត្រីទីឡាព្យ៉ាហ្នឹង ជាត្រីរស់នៅក្នុងបរិស្ថានល្អបំផុត បរិស្ថានស្អាត ហើយត្រូវការប្រូតេអ៊ីន គ្រប់គ្រាន់ ដើម្បីលូតលាស់ហើយវាអាចស៊ីបានប្រភេទ នូវចំណីបែបរុក្ខាជាតិ និងប្រូតេអ៊ី ប្រភេទ​ជាសាច់»។

បច្ចុប្បន្នម្ចាស់កសិដ្ឋាន រដ្ឋដា រូបនេះ មានស្រះចិញ្ចឹមត្រីទីឡាព្យ៉ា ចំនួន៨ និងស្រះភ្ញាស់កូនត្រីទីឡាព្យា ចំនួន១១ លើផ្ទៃដីជាង៦ហិកតា។ មុនអំឡុងកូវីដ-១៩ ចូលមក អ្នកស្រី កែវ យ៉ាដា អាចផលិតត្រីទីឡាព្យ៉ា ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានប្រមាណ១០តោនដែរ។ 

បើតាមអ្នកស្រី កែវ យ៉ាដា តម្លៃទីផ្សារត្រីទីឡាព្យ៉ាក្រហម និងខ្មៅ ដែលអ្នកស្រីបោះដុំក្នុងទីផ្សារនោះ ចន្លោះ​ពី​៨០០០​រៀល ទៅ១០០០០រៀល។ អ្នកស្រីបន្ថែមថា៖«សម្រាប់ត្រី[ទីឡាព្យ៉ា]សាច់ ជាទូទៅខ្ញុំមានលទ្ធភាពបោះដុំលក់សម្រាប់គេយកទៅចែកចាយនៅជុំវិញខេត្តសៀមរាប និយាយទៅឱ្យតែទីផ្សារគេមកយកខ្ញុំ អាចរៀបចំលក់ឱ្យបាន។ ប៉ុន្តែអំឡុងពេល២ឆ្នាំ[វិបត្តិកូវីដ-១៩]នេះ ខ្ញុំលក់អត់បាន ហើយខ្ញុំលក់តែតាមអនឡាញអីអ៊ីចឹង»។

អ្នកស្រី យ៉ាដា បានបន្ថែមថា ក្រៅពីនេះ ក៏មានឈ្មួញនាំចូលត្រីទីឡាព្យ៉ាពីវៀតណាម និងថៃ មានតម្លៃទាបជាងទីផ្សារក្នុងស្រុក ដែលធ្វើឱ្យប៉ះពាល់ដល់កសិករខ្មែរ ដែលផលិតត្រីទីឡាព្យ៉ាដែរ។

បើតាមមន្ត្រីគម្រោងខាស់ (CAST) លោក សុខ ថាវរិទ្ធ បច្ចុប្បន្នមានកសិករប្រមាណ២០គ្រួសារ ដែលផលិត និងផ្គត់ផ្គង់ត្រីទីឡាព្យ៉ា លក្ខណៈគ្រួសារ និងទ្រង់ទ្រាយខ្នាតតូចប៉ុណ្ណោះ សម្រាប់ទីផ្សារកម្ពុជា៕