លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យការធ្វើវារីវប្បកម្មនៅក្នុងខេត្តកំពង់ស្ពឺកាលពីពេលកន្លងទៅ។ រូបភាពដកស្រង់ពីហ្វេសប៊ុក Veng Sakhon

ភ្នំពេញ៖ សមាគមសុវត្ថិភាព បន្លែ ផ្លែឈើ និងត្រីសាច់កម្ពុជារំពឹងថា ផែនការអភិវឌ្ឍន៍ឃ្លាំងត្រជាក់នៅកម្ពុជា នឹងជំរុញការផលិតកសិផលក្នុងស្រុកដើម្បីនាំចេញ និងផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកកាន់តែទូលំទូលាយ។

នេះជាការលើកឡើងរបស់លោក សុខ យ៉ន អនុប្រធានសមាគមសុវត្ថិភាព បន្លែ ផ្លែឈើ និងត្រីសាច់កម្ពុជា បន្ទាប់ពីកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនដៃគូដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងភាគីពាក់ព័ន្ធនានាបានបើកកិច្ចប្រជុំតាមអនឡាញលើករណីសំណើរៀបចំអភិវឌ្ឍន៍គម្រោងឃ្លាំងត្រជាក់នៅកម្ពុជា។

លោក សុខ យ៉ន បានលើកឡើងពីផែនការបង្កើតឃ្លាំងត្រជាក់នៅកម្ពុជាបែបនេះថា៖«ជាការពិតណាស់ ផែនការអភិវឌ្ឍន៍ឃ្លាំងត្រជាក់នេះគឺ អាចចំណយថវិកាច្រើន ប៉ុន្តែវាជារឿងដ៏ល្អសម្រាប់វិស័យកសិកម្ម ហើយអ្វីដែលជាក្តីបារម្ភនោះគឺយើងអាចជួបនូវឧបសគ្គខ្លះពាក់ព័ន្ធទៅនិងតម្លៃបញ្ហាអគ្គិសនីថ្លៃ ដូច្នេះជម្រើសគឺអាចប្រើប្រព័ន្ធសូឡា»។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ប្រធានសមាគមវារីវប្បកម្មកម្ពុជា លោក សុខ រ៉ាដែន បានត្អូញត្អែរអំពីការនាំចូលប្រភេទត្រីបង្កកពីប្រទេសថៃដែលធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក ដោយលោកបានស្នើរទៅអាជ្ញាធរពាក់ព័ន្ធដើម្បីជួយចាត់វិធានការដោះស្រាយ  ព្រោះថាប្រភេទត្រីដែលឈ្មួញនាំចូលកន្លងមក គឺសុទ្ធតែប្រភេទត្រីដែលត្រូវបានហាមឃាត់។

លោក សុខ រ៉ាដែន បានបន្តថា៖« យើងសង្កេតឃើញថា ឈ្មួញបានលួចនាំចូលតាមច្រករបៀង ហើយយើងអត់បានទប់ស្កាត់ ដោយសារអាចដឹកមកយប់ឬអាធ្រាត្រ តែយើងរំពឹងថា អធិការកិច្ចអាចចុះទប់ស្កាត់ឲ្យបានឆាប់ ជៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមក្នុងស្រុក»។

ពាក់ព័ន្ធនិងគម្រោងអភិវឌ្ឍឃ្លាំងត្រជាក់នេះ អង្គការទស្សនពិភពលោក នឹងផ្តល់ជំនួយឥតសំណងដល់ម្ចាស់អាជីវកម្មដែលមានគម្រោងអាជីវកម្មច្បាស់លាស់ និងត្រូវបានជ្រើសរើស ជាពិសេសការរៀបចំបង្កើតឃ្លាំងត្រជាក់នេះ ដោយនឹងត្រូវផ្តល់ថវិកាបដិភាគឱ្យប្រមាណ៤០ភាគរយនៃថវិកាតម្រូវការសរុប ពោលគឺប្រហែល ២ម៉ឺនដុល្លារ ហើយអ្វីដែលនៅសេសសល់ជាបន្ទុករបស់ម្ចាស់អាជីវកម្ម៕