ដងអង់តែលទូរសព្ទ ស្ថិតនៅក្បែរផ្ទះពលរដ្ឋ។ រូបភាព៖ Smart

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiataដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានវិនិយោគទឹកប្រាក់ប្រមាណ១,៨៨ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបានរួមចំណែកជាង៥៦២លានដុល្លារការបង់ដល់រាជរដ្ឋាភិបាលក្នុងរយៈជាង១ទស្សវត្សមកនេះ ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០០៨ ។

យោងតាមការចេញផ្សាយរបាយការណ៍និរន្តរភាព២០២០ចេញផ្សាយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា គិតត្រឹមដំណាច់ឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata បានវិនិយោគទឹកប្រាក់ប្រមាណ១,៨៨ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងសម្រាប់ប្រទេសកម្ពុជា។

របាយការណ៍ដដែលបានបង្ហាញផងដែរថា ក្រុមហ៊ុននេះក៏ បានបង់ពន្ធចំនួន៩៥លានដុល្លារលើពន្ធអាករនិងកម្រៃនិយ័តកម្មកាលពីឆ្នាំ២០២០ ហើយនៅតែបន្តជាជម្រើសនៃនិយោជកក្នុងព្រះរាជាណាចក្រកម្ពុជាដោយគាំទ្រដល់ការងារចំនួន៥៦ពាន់កន្លែងកាលពីឆ្នាំ២០២០ដោយផ្ទាល់ ឬតាមរយៈការវិនិយោគរបស់ខ្លួននោះទេ។

លោកFeiruzIkhwanនាយកប្រតិបត្តិស្តីទីរបស់Smart Axiata បានឲ្យដឹងថា៖ «យើងនឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងនាមជាអ្នកជំរុញសក្ដានុពលឌីជីថលនិងបង្កើតការភ្ជាប់បណ្ដាញ់ទំនាក់ទំនងដ៏មានអត្ថន័យខណៈពេលដែលការបើកឱ្យមានអនាគតវិជ្ជមាននិងនិរន្តរភាពសម្រាប់សហគមន៍និងប្រទេសរបស់យើង»។

គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនាកន្លងមកនេះ លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីខែមិថុនាបានអំពាវនាវឱ្យប្រតិបត្តិករទូរគមនាគមន៍និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដាក់ការវិនិយោគបន្ថែមទៀតដើម្បីឆ្លើយតបនឹងការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការអ្នកប្រើប្រាស់។

គិតត្រឹមខែមេសាឆ្នាំ២០២១កម្ពុជាទទួលមានប្រតិបត្តិករទូរស័ព្ទចំនួន៥គឺក្រុមហ៊ុនSmart ក្រុមហ៊ុនCellcard ក្រុមហ៊ុនViettel ក្រុមហ៊ុយនCootelនិងក្រុមហ៊ុនSeatel នេះបើយោងតាមទិន្នន័យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕